UEFA ចោទប្រកាន់​សហព័ន្ធ​កីឡាបាល់ទាត់​ហុង​គ្រី បែ​ល​ហ្ស៊ី​ក និង​ព័រ​ទុ​យ​ហ្គា​ល់​ថា​បណ្ដោយ​ឱ្យ​អ្នកគាំទ្រ​បង្កចលាចល

សហព័ន្ធ​កីឡាបាល់ទាត់​ទាំង​៣​ប្រទេស​នេះ កំពុង​រង​ការ​ចោទប្រកាន់​ពី​UEFA​ថា បណ្ដោយ​ឱ្យ​អ្នកគាំទ្រ​ខ្លួន​បង្កចលាចល​អំឡុង​ពេល​ប្រកួត​យូ​រ៉ូ​២០១៦ ។

ចំពោះ​សហព័ន្ធ​កីឡាបាល់ទាត់​ហុង​គ្រី​ត្រូវ​បាន​ចោទ​ពី​បទ​បណ្ដោយ​ឱ្យ​អ្នកគាំទ្រ​បង្កចលាចល​ដុត​កាំជ្រួច និង​គប់​វត្ថុ​ផ្សេង​ៗ​ចូល​ទីលាន​ប្រកួត ខណៈ​ក្រុម​ជម្រើសជាតិ​ប្រទេស​នេះ​ប៉ះ​ជាមួយ​អុ​ី​ស្លង់ ។ ចំណែក​សហព័ន្ធ​កីឡាបាល់ទាត់​បែ​ល​ហ្ស៊ិ​ក​ត្រូវ​បាន​ចោទប្រកាន់​ដូច​ករណី​ខាងលើ បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​មួយ​នេះ​ប្រកួត​ឈ្នះ​ក្រុម​សាធារណរដ្ឋ​អៀរ​ឡង់ ។ រីឯ​សហព័ន្ធ​កីឡាបាល់ទាត់​ព័រ​ទុ​យ​ហ្គា​ល់​រង​ការ​ចោទប្រកាន់​ផង​ដែរ​បន្ទាប់​ពី​អ្នកគាំទ្រ​ប្រទេស​នេះ រត់​ចូល​ទីលាន​ប្រកួត​អំឡុង​ពេល​ព័រ​ទុ​យ​ហ្គា​ល់​ប៉ះ​ជាមួយ
អូ​ទ្រី​ស កាលពី​ថ្ងៃ​ទី​១៩​មិថុនា កន្លង​ទៅ ។

ករណី​ចោទប្រកាន់​លើ​សហព័ន្ធ​កីឡាបាល់ទាត់​ហុង​គ្រី នឹង​ត្រូវ​ចេញ​សេចក្តីសម្រេច​យ៉ាងណា​នោះ នៅ​ថ្ងៃ​ទី​២១ មិថុនា ខណៈ​បែ​ល​ហ្ស៊ិ​ក និង​ព័រ​ទុ​យ​ហ្គា​ល់ មិន​ទាន់​ប្រកាស​ពី​ថ្ងៃខែ​កាត់សេចក្តី​នៅឡើយ​ទេ ។

គួរ​រំលឹក​ថា ក្រូ​អាស៊ី អង់គ្លេស រុ​ស្ស៊ី ក៏​រង​ការ​ចោទប្រកាន់​ពី UEFA ផង​ដែរ ជុំវិញ​ករណី​អ្នកគាំទ្រ​បង្ក​ហិង្សា និង​ចលាចល​អំឡុង​ពេល​ប្រកួត រហូត​ឈាន​ដល់​ការ​ព្រមាន​ដកសិទ្ធិ​ប្រកួត រវាង​ក្រុម​រុ​ស្ស៊ី និង​អង់គ្លេស​ទៀត​ផង ៕