ប្រធាន​មន្ទីរ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកោះកុង ទេព វី​ស្កុល សុខចិត្ត​ប្រើ​លុយ​ក្នុង​ហ៊ោ​ប៉ៅ ព្រោះ​ចង់បាន​ដី តាម​ទ្រឹស្តី “​វ៉ៃ​ក្បាល អង្អែល​ខ្នង​”

​ខេត្តកោះកុង : មន្ត្រី​បម្រើ​ការងារ​នៅ​រតនាគារ​ខេត្តកោះកុង​ចំនួន​២​រូប គឺ​អ្នកស្រី ខៃ ណេ​ម និង​លោក ឈូក ច័ន្ទ​សា​ណា ហើយ​មន្ត្រី​ទាំង​២​រូបនេះ​អ្នកស្រី ខៃ ណេ​ម បាន​ចូលនិវត្តន៍​រួចហើយ​ចំណែក​លោក ឈូក ច័ន្ទ​សា​ណា ក៏​ជិត​ដល់ពេល​ចូលនិវត្តន៍​ហើយ​ដែរ​។ ប៉ុន្តែ​អ្វីដែល​ពួកគាត់​កំពុង​ជួប​វិបត្តិ​នោះ គឺ​លោក​ប្រធាន​មន្ទីរ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត បង្ខំ​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះសម្បែង​ដ៏​ចាស់ជរា​ទ្រុឌទ្រោម​របស់​ពួកគាត់​ឲ្យ​ចាក​ចេញពី​ទីតាំង​ដី​ដែល​ពួកគាត់​ធ្លាប់​រស់នៅ​បម្រើការ​រាជការ​អស់​រយៈពេល​២៨​ឆ្នាំ​ហើយ​នោះ ដោយ​ចោទថា​ពួកគាត់​រស់នៅ​លើដី​រដ្ឋ ហេតុនេះ​ត្រូវតែ​ចាកចេញ​។​


​ដោយ​យោងតាម​ស្ថានភាព​ទឹក​ចូល​ច្រមុះ​មន្ត្រី​ទាំង​ពីរបាន​រៀបរាប់ថា រូបគាត់​ទាំង​២​នាក់ បានមក​សង់ផ្ទះ​រស់នៅ​លើដី​រដ្ឋ​នេះ​តាំងពី​ឆ្នាំ​១៩៨៨ ព្រោះ​កាលណោះ​ទី​រួម​ខេត្តកោះកុង​ស្ទើរតែ​គ្មាន​ប្រជាជន​រស់នៅ​ផង​។ ចំណែក​មន្ត្រីរាជការ​ក៏​សុទ្ធតែ​មន្ត្រី​ស្ម័គ្រចិត្ត ព្រោះ​ខេត្ត​មួយ​នោះ​គ្មាន​ផ្លូវ​គមនាគមន៍​ទេ​ធ្វើដំណើរ​តែ​តាម​ទូក​សមុទ្រ​។ មន្ត្រីរាជការ​រតនាគា​រ​ដូចជា​ពួកគាត់​មាន​តួនាទី​ដឹកជញ្ជូន​សាច់ប្រាក់ តាម​ទូក​ឆ្លងកាត់​សមុទ្រ និង​តាម​ឧទ្ធម្ភាគចក្រ​យកទៅ​ភ្នំពេញ ងប់ងុល​នឹង​ការងារ ភ្លេច​ងាកក្រោយ ដើម្បី​ស្វែងរក​លាភសក្ការៈ​ក្នុងការ​កែលម្អ​ជីវភាព​រស់នៅ​របស់ខ្លួន​។ ម្យ៉ាងទៀត​លទ្ធភាព​មន្ត្រី​ដូច​ពួកគាត់​ក៏​គ្មានអ្វី​ជា​ចំណូល​ដែល​អាច​យកមក​កែប្រែ​ជីវភាព​ឲ្យ​លើសពីនេះ​បាន​ទៀតឡើយ ហេតុដូច្នេះ​ក៏​ចេះតែ​ខាំមាត់សង្កត់ចិត្ត ស៊ូទ្រាំ​រស់នៅ​លើដី​រដ្ឋ​តាម​យថាកម្ម​បែបនេះ​រហូតមក​។​


​ពួកគាត់​បាន​រៀបរាប់​ទៀតថា ដោយ​មើលឃើញ​ការ​ឆ្លាត​វៃ​របស់​មន្ត្រី​ខ្លះ​ក្នុង​ខេត្ត​ជាមួយគ្នានេះ​គេ ចេះ​កែច្នៃ​យក​ដី​រដ្ឋ​ដែលមាន​ទំហំ​ធំៗ ដូចជា​ទីតាំង​សណ្ឋាគារ​បុប្ផា​កោះកុង ទីតាំង​សណ្ឋាគារ​កោះកុង​ស៊ី​ធី ធនាគារ​អេស៊ីលីដា ។​ល​។ សុទ្ធសឹង​ជា​អគារ​និង​ដី​ដែល​ស្ថិតនៅក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់រ​ដ្ឋ តែ​ពេលនេះ​បាន​ក្លាយទៅជា​កម្មសិទ្ធិរ​បស់​បុគ្គល​ឯកជន​អស់​ទៅហើយ​។ ដោយ​មើលឃើញ​យ៉ាង​ដូច្នេះ ពួកគាត់​ទាំងពីរ​រូប​ដែល​បាន​សង់ផ្ទះ​លើដី​រដ្ឋ​ទំហំ​ម្នាក់ៗ​ទទឹង​៦ ម៉ែត្រ បាន​ចូល​ទៅសុំ​លោក ទុន មាន​ប៊ុន ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាត់​មកជា​កម្មសិទ្ធិរ​បស់​ពួកគាត់​។​


​ពួកគេ​ថា កាលនោះ​លោក ទុន មាន​ប៊ុន បាន​យល់ព្រម តែ​តម្រូវ​ឲ្យ​ពួកគាត់​ប្រគល់​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​៥​ពាន់​ដុល្លារ ដើម្បី​រត់ការ​កាត់​ប្លង់​។ ពួកគាត់​បាន​រៀបរាប់​ទៀតថា ទាំងពីរ​នាក់​ក៏បាន​ប្រគល់​ប្រាក់​ម្នាក់ៗ​ចំនួន​៥​ពាន់​ដុល្លារ ជូនទៅ​លោក ទុន មាន​ប៊ុន ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១០​។​


​លោក ទុន មាន​ប៊ុន បន្ទាប់ពី​យកប្រាក់​ពី​ពួកគាត់​ហើយក៏​ស្ងាត់ឈឹង​ដូច​ចោរ​គាស់​ក្រោល​ទាំង​ថ្ងៃ​រហូត ខែមិថុនា ឆ្នាំ​២០១៣ ក៏​ចូលនិវត្តន៍​បាត់ទៅ អ៊ីចឹង​ដូច​ប្រមូលប្រាក់​សម្រាប់​គាត់​ចូល​វឺ​ត្រែ​ត​(​និវត្តន៍​) ហើយ​លោក ទេព វី​ស្កុល អនុប្រធាន​មន្ទីរ​ឡើង​ជំនួស​។ នៅ​ខែមេសា ឆ្នាំ​២០១៦ ប្រធាន​ថ្មី​បាន​ហៅ​មន្ត្រី​ទាំង​២​រូប គឺ​លោក ឈូក ច័ន្ទ សា​ណា និង​អ្នកស្រី ខៃ ណេ​ម ឲ្យ​ចុះ​រុះរើ​ផ្ទះ​ចាកចេញ ព្រោះ​មន្ទីរ​ត្រូវ​ការរៀប​ខឿន​ចាក់ដី​នៅលើ​ទីតាំង​ដី​ដែល​ពួកគាត់​ទាំង​២​កំពុង​រស់នៅ​។​


​លោក ទេព វី​ស្កុល បាន​ប្រាប់ថា ការរៀបចំ​ចាក់ដី​លើ​ទីតាំង​ដី​រដ្ឋ គឺជា​ផែនការ​ក្រសួង​រួមទាំង​ការចំណាយ​ផង​។ ប៉ុន្តែ​លោក ទេព វី​ស្កុល ថា គ្រោង​នឹង​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​របស់លោក​ចំនួន​១៥០០​ដុល្លារ ឲ្យ​ទៅ​លោក ឈូក ច័ន្ទ​សា​ណា ជា​ថ្នូរ​នឹង​ការចាកចេញ​ឈប់​រស់នៅ​លើដី​រដ្ឋ​។ ពេលដែល​សួរថា ហេតុអ្វី​ក៏​លោក​សុខចិត្ត​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ដើម្បី​ប្រយោជន៍​រដ្ឋ ? លោក​ប្រធាន​មន្ទីរ​បាន​និយាយថា ចង់​ដោះស្រាយ​កុំ​ឲ្យ​ក្រសួង​ឈឺក្បាល​។​


​មិនធម្មតា​ទេ រក​ឯណា​មាន មន្ត្រី​នេះ​ល្អ​ណាស់​ហ៊ាន​ចេញ​ប្រាក់​ពី​ហោ​ប៉ាវ​ជំនួស​រដ្ឋ​…​ហេ​! ហេ​! សង្ស័យ​ហុតទឹកសម្លឹងកាក​ទេ​ដឹង​លោក​ប្រធាន​… ព្រោះ​ដី​នោះ​ត្រូវប៉ាន់​ណាស់​… ម្ចាស់​ថ្លៃ​។​


​តាម​ប្រភព​មន្ត្រីរាជការ​ក្នុង​ខេត្ត​ជាច្រើន​បាន​បញ្ជាក់ថា នេះ​ពុំមែន​ជាគោលការណ៍​ក្រសួង​ទេ គ្មាន​មន្ត្រី​ណា​ម្នាក់​សុខចិត្ត​ចំណាយលុយ​ផ្ទាល់ខ្លួន​ដើម្បី​ប្រយោជន៍ រដ្ឋ​ដូច្នេះ​ទេ ហើយ​បើ​ក្រសួង​ត្រូវការ​ដី​នេះ​ធ្វើ​សំណង់​អ្វីមួយ គឺ​ត្រូវមាន​គណៈកម្មការ​ចុះ​អង្កេត​និង​ត្រួតពិនិត្យ​ច្បាស់លាស់ និង​មាន​ដំណោះស្រាយ​ជាមួយ​មន្ត្រី​របស់ខ្លួន​ស​ម​រម្យ​ដែរ មិន​លេង​ឆៅ​អ៊ីចឹង​ទេ​។​


​ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​ទាំងពីរ​រូប​បាន​អំពាវនាវ​ដល់​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​សុំ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​មេ​ត្ដា​ជួយ​អន្តរាគមន៍ និង​មាន​ដំណោះស្រាយ​យ៉ាងណា​ឲ្យ​បាន​សក្តិសម​នឹង​អតីតភាព​ការងារ​របស់​ពួក គាត់​ផង ព្រោះ​ពួកគាត់​ជា​មន្ត្រី​ក្រីក្រ ហើយ​វ័យ​កាន់តែ​ចាស់៕

ប្រធាន​មន្ទីរ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកោះកុង ទេព វី​ស្កុល សុខចិត្ត​ប្រើ​លុយ​ក្នុង​ហ៊ោ​ប៉ៅ ព្រោះ​ចង់បាន​ដី តាម​ទ្រឹស្តី “​វ៉ៃ​ក្បាល អង្អែល​ខ្នង​”