អ៊ឺរ៉ូ២០១៦៖ បារាំង​យក​ឈ្នះ​អាល់បានី ពីរ​គ្រាប់​នៅ​ចុង​ការ​ប្រកួត

ក្រុមជម្រើសជាតិអាល់បានី ដែលបានធ្វើការ​ប្រយុទ្ធ​យ៉ាងប្ដូរផ្ដាច់ ទល់នឹងក្រុមបារាំងម្ចាស់ផ្ទះ បាន​ទន់​ជើង​នៅ​ចុង​ម៉ោង បង្ក​ឱកាស​ឲ្យ​បារាំង​​រក​គ្រាប់​បាល់ បាន​ដល់ទៅពីរគ្រាប់ រវាង​គ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ។ ជាការប្រកួត​លើក​ទីពីរ នៃ​ជុំ​ទីពីរ ក្នុង​វគ្គ​ជម្រុះ សម្រាប់​ពូល A។
អ៊ឺរ៉ូ២០១៦៖ បារាំង​យក​ឈ្នះ​អាល់បានី ពីរ​គ្រាប់​នៅ​ចុង​ការ​ប្រកួត

កីឡាករ អន់ទ័ន គ្រីស្មាន របស់ក្រុមជម្រើសជាតិបារាំង រកគ្រាប់បាល់ទីមួយឲ្យក្រុមខ្លួន នៅនាទីទី៩០។ (រូបថត ទ្វីសធើរ)

យប់ថ្ងៃពុធទី១៥ ខែមិថុនានេះ ជារាត្រីដ៏សប្បាយរីករាយ សម្រាប់បណ្ដាជនអ្នកគាំទ្រ ក្រុមជម្រើសជាតិបារាំង បន្ទាប់ពីក្រុមនេះបានឈ្នះក្រុមអាល់បានី ពីរទល់នឹងសូន្យ ហើយទទួលបាន៦ពិន្ទុ ឡើងទៅឈរនៅលើគេ នៃតារាងពូល A។ ការប្រកួតនេះ បានប្រព្រឹត្តិទៅនៅកីឡាដ្ឋាន «Velodrome» នៃក្រុងម៉ារសីយ៍ (Marseille) ភាគ​ខាង​ត្បូង​ប្រទេសបារាំង។

បើនិយាយពីការប្រកួត តាំងពីនាទីទីមួយ រហូតដល់ចុងបញ្ចប់ ក្រុមបារាំងរកមិនឃើញចន្លោះច្រើនប៉ុន្មាន សម្រាប់​ផ្ដួលក្រុមអាល់បានីឡើយ បើទោះជាខ្លួនមានឱកាស រួម​ជា​មួយ​នឹងកីឡាករល្បីៗ ចំណានៗច្រើន​នាក់​ក៏​ដោយ។ បណ្ដាជនបារាំងត្រូវរង់ចាំរហូតដល់ចុងបញ្ចប់ នៃ​ការ​ប្រកួត ទើបកីឡាករ «Griezmann» បាន​ប្រើ​ក្បាល ទទួលបាល់ពីកីឡាករ «Payet» បុកបញ្ជូន​បញ្ចូលទី​របស់​ក្រុម​អាល់បានី នៅនាទីទី៩០។

នៅ៦នាទីក្រោយ គឺនៅនាទីទី៩៦ (ក្នុងម៉ោងបន្ថែម) កីឡាករ «Payet» បានបណ្ដើរបាល់បញ្ឆោត​ខ្សែការពារ​អាល់បានី ដែលទំនងជាទន់ជើងអស់ទៅហើយ និងបានទាត់បញ្ចូលទីអាល់បានី បានមួយគ្រាប់ទៀត។

លទ្ធផលជាស្ថាពរ នៅជុំទីពីរ នៃវគ្គជម្រុះ សម្រាប់ពូល A បារាំងទទួលបាន៦ពិន្ទុ ឡើងទៅឈរនៅពីលើ​ក្រុម​ស្វីស ដែលទទួលបាន៤ពិន្ទុ ខណៈក្រុមរ៉ូមានី បានមួយពិន្ទុ និងក្រុមអាល់បានី សូន្យពិន្ទុ។ ជាមួយនឹង​លទ្ធផល​នេះ ក្រុម​បារាំង​បានទទួលបានសិទ្ធិ ឡើងទៅប្រកួតនៅវគ្គ១ភាគ៨ ដោយស្វ័យប្រវត្តិ ទោះជាការប្រកួត​ក្នុង​ជុំ​ទីបី នៃ​វគ្គ​ជម្រុះ ក្នុងប៉ុន្មានថ្ងៃខាងមុខ ទទួលបានលទ្ធផលបែបណាក្ដី។

» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖