ក្លិបធំៗ ៤នៅអង់គ្លេសនិងអេស្បាញ ដណ្តើមគ្នាទិញខ្សែប្រយុទ្ធ Boufal

តោខៀវ Chelsea និងកាំភ្លើងធំ Arsenal មានបំណងដូចគ្នាក្នុងការចុះហត្ថលេខាជាមួយកីឡាករ Safiane Boufal ពីក្លិប Lille ប៉ុន្តែត្រូវប្រឈមជាមួយក្លិបធំៗពីរទៀតគឺ Barcelona និង Atletico Madrid សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិរបស់ប្រទេសម៉ារ៉ុកនេះ។

Sofiane-Boufal

ក្លិបបារាំង បានឲ្យដឹងថា Boufal ដែលផ្ទេរចូលលេងពីក្លិប Angers កាលពីខែមករាក្នុងតម្លៃខ្លួនតែ ៤លានអឺរ៉ូ នឹងត្រូវចាកចេញនៅរដូវក្តៅនេះ ជាមួយនឹងតម្លៃលក់វិញ ដែលរំពឹងទុកថាមានប្រមាណ ២៥លានអឺរ៉ូ (១៩.៦លានផោន)។

ក្លិបនៅប្រទេសអង់គ្លេសមួយចំនួន បានកំពុងឃ្លាំមើលពីភាពរីកចម្រើន ខណៈកីឡាករវ័យ ២២ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ១១គ្រាប់ ក្នុងការចូលលេងឲ្យក្លិប ក្នុងលីកកំពូលនេះ និងឈ្នះពានរង្វាន់ជា កីឡាករអាហ្វ្រិកល្អប្រចាំ នៅក្នុង Ligue ១ របស់បារាំងនេះផងដែរ។

ប៉ុន្តែ ទោះបីជា ធ្លាប់មានការចាប់អារម្មណ៍ពីក្លិបហង្សក្រហម Liverpool និងសារិកាព្រេង Tottenham ក៏ដោយ តែរហូតមកដល់ពេលនេះមានតែ Arsenal និង Chelsea ទេ ដែលបានបញ្ជាក់ថា ពួកគេចង់ជួបពិភាក្សាជាមួយ Lille អំពីតម្លៃ ខណៈដែលភ្នាក់ងាររបស់កីឡាករ Boufal បានអះអាង កាលពីថ្ងៃសៅរ៍ថា លោកបានចរចាជាមួយក្រុមមកពីអេស្បាញ រួចហើយ។
លោក Yvan Le Mee បានសារព័ត៌មាន Le10 Sport ថា«ពួកយើងបានជួបជាមួយ ថ្នាក់ដឹកនាំក្លិប FC Barcelona កាលពីពីរបីសប្តាហ៍មុន។ ពួគគេមានការចាប់អារម្មណ៍។ បច្ចុប្បន្ន រង់ចាំថាតើ Sofiane Boufal នឹងទៅ Barcelona ដើម្បីប្រកួតប្រជែងជាមួយ MSN (Messi, Suarez, Neymar) ឬគួរទៅក្លិបផ្សេង ដែលអាចឲ្យរូបគេបង្ហាញការចាប់អារម្មណ៍ ពីទេពកោសល្យតែម្នាក់ឯង ឬយ៉ាងណា»។