ស្ត្រី​មាន​ចំណេះ​ដឹង​ខ្ពស់ តំណែងធំ ពិបាក​រក​ប្ដី​?

ស្ត្រី​វិល​ចង្ក្រាន​មិន​ជុំ ជា​ផ្នត់គំនិតចាស់​បុរាណ ប៉ុន្តែ​ឥលូវ​ស្ត្រី​អាច​រកស៊ី ​រៀន​បានខ្ពង់​ខ្ពស់ និង​មាន​មុខតំណែង​ធំៗ ក្នុង​អង្គការ ឬ​ក្រុមហ៊ុន​​ដូច​បុរស​ដែរ។ យ៉ាងណាទន្ទឹម​នឹង​នេះ ស្រាប់​តែ​មាន​ទស្សនៈ​មួយ​លើក​ឡើង​​ថា ស្ត្រី​រៀន​មាន​ចំណេះ​ដឹង​ខ្ពស់ មុខតំណែង​ធំ បែរជា​​ពិបាក​រក​ប្ដី​ទៅវិញ។

 

លោក ហួន ចាន់ធី បុគ្គលិក​​ក្រុមហ៊ុន​ជួសជុល​រថយន្ត​មួយ ក្នុង​ទីក្រុង​ភ្នំពេញ បាន​និយាយ​ថា បើ​តាម​ការ​សង្កេត​របស់​លោក ស្ត្រី​​មាន​ចំណេះ​ខ្ពស់ និង​មាន​ការងារ​ល្អ មិន​ងាយ​ទទួល​យក​ការ​ស្រលាញ់​ពី​បុរស​ណា​ម្នាក់​ឡើយ។

 

លោក​ថា ៖“គាត់​ចេះ​ដឹង ការ​គិត​របស់​ពួកគាត់​ក៏​ខ្ពស់​ដែរ។ រឿង​​គូ​ជីវិត​មិន​មែន​បាយឡុកបាយឡ​ណា អា​ហ្នឹង​ហើយ​ធ្វើ​ឱ្យ​គាត់​មិន​ងាយ​ស្រលាញ់​មនុស្ស​ប្រុស​ផ្ដេសផ្ដាស។ មិនមែន​គាត់​ពិបាករក​ទេ”។

 

ចំណែក​យុវតី ប៉េង ចាន់ថុល អតីត​និស្សិត អក្សរសាស្ត្រ​អង់គ្លេស នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប បាន​ប្រាប់​​​ថា រឿង​ហ្នឹង​អាស្រ័យ​លើ​បុគ្គល​តែ​ប៉ុណ្ណោះ។ ស្ត្រី​មាន​ចំណេះ​ខ្ពស់ អាយុ​ច្រើន មិន​ទាន់​ចូល​រោងការ មិន​ប្រាកដ​ថា គ្មាន​អ្នក​ចែចូវ​នោះ​​ទេ ប៉ុន្តែ​អាច​​មក​ពី​ពួក​គាត់​ខ្លួន​ឯង មាន​ម្ចាស់​ចិត្ត​រួច​ទៅ​ហើយ។ ​​

 

ស្ត្រី​មាន​ចំណេះ​ដឹង​ខ្ពស់ តំណែងធំ ពិបាក​រក​ប្ដី​?រូបភាព៖ theselfemployed

 

“តាម​ខ្ញុំ​គិត​ទេ​ណា៎! គាត់​អាច​មាន​គូ​ហើយ គ្រាន់​តែ​មិន​ដឹង​ថា រៀបការ​ពេលណា។ ចំណែក​​រឿង​ថា ពួក​គាត់​រើស​យក​អ្នក​ចេះ​ដឹង​ស្មើ ឬ​ខ្ពស់​ជាង ក៏​មិន​ទាំងអស់​ដែរ។ អ្នក​គ្រូ​ខ្ញុំ! គាត់​​បណ្ឌិត ប្ដី​គាត់​​អនុបណ្ឌិត ហើយ​អ្នកគ្រូ​ខ្ញុំ​មួយ​ចំនួន​ទៀត​ដែលចប់​អនុបណ្ឌិត​​ ក៏​​បាន​រៀប​ការ​​​ខ្លះ​​​ហើយ​ដែរ”។ ចាន់ថុល បញ្ជាក់។

 

មិន​គាំទ្រ​នឹង​ទស្សនៈ​នេះដែរ កញ្ញា ឡុយ ឆេងហៀង និស្សិត​​នៃ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស បាន​ឱ្យ​ដឹង​ថា បើ​អីចឹង​មែន​ស្រីៗ​មិន​ចាច់​​រៀន​​ច្រើន​ទេ ដល់​ពេល​បាន​ប្ដី ចាំ​ឱ្យ​តែ​ប្ដី​រកស៊ី​ចិញ្ចឹម​ទៅ​បាន​ហើយ។ បុរស​ឥឡូវ គេ​ត្រូវ​ការ​នារី​ពូកែ​ទាំង​​ចំណេះ ការងារ រៀបចំ​ទុកដាក់ ហើយទស្សនៈ​​ថា អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល ជា​គំនិត​ចាស់​បុរាណ​ហើយ។

 

​​ឆេងហៀង បន្ត​ថា៖ “គេ​លែង​គិត​អីចឹង​ហើយ។ សម័យ​នេះ​ជា​សម័យ​សតវត្សទី ២១ សតវត្ស​របស់​ស្ត្រី។ បើ​បុរស​​គិត​ថា គាត់​មិន​ហ៊ាន​ស្រលាញ់​ (ស្ត្រី) ព្រោះ​តែ​ខ្លួន​អន់​ជាង បុរស​​នោះ​នៅ​មិន​ទាន់ Update គំនិត​នៅ​ឡើយ​ទេ”។

 

ចំណែក​យុវជន ម៉េង ហ៊ុន ​បាន​បញ្ចេញ​ទស្សនៈ​ថា បុរស​​មាន​កម្រិត​វប្បធម៌ខ្ពស់ សមត្ថភាព​ខ្លាំងមួយចំនួន អាចមិន​​​សម្លឹងមើល​​​នារី​​ មាន​ចំណេះ​ដឹង​ខ្លាំង ឬប្រហាក់​ប្រហែល​ខ្លួន ព្រោះ​អាច​ទាក់ទង​នឹង​វ័យ។

 

ម៉េង ហ៊ុន បន្ត​ថា ៖ “វ័យ​ជារឿង​សំខាន់! ប្រុសៗ​មិន​សូវ​ជា​អី​ទេ តែ​ស្រី​​ពិបាកបន្តិច។ បើ​ជ្រេ​ហើយ​ពិបាក​ណាស់បង។ ខ្ញុំ​ឃើញ​ស្ត្រី​មួយ​ចំនួន គាត់​មាន​អាយុ​ច្រើន ​តែ​​មិនទាន់​​ប្ដី។ អ្នកខ្លះ​​ស្អាត​ទាំង​រូប ខ្លាំង​ទាំង​ចំណេះ​ដឹង។ អ្នក​ខ្លះជា​ប្រធាន​អង្គការ​ ប្រធាន​ក្រុមហ៊ុន…តែ​គេ​ហៅ​គាត់​ថា «កញ្ញា»។ មក​ពី​គាត់​មិន​ទាន់​ឃើញ​អ្នក​ពេញចិត្ត ឬ​មក​ពី​គេ​មិន​ស្រលាញ់?”។

 

ថ្វីត្បិត​យ៉ាងណាក្ដី អ្នក​កំពង់ចាម​ដដែល​នេះ ប្រាប់​ថា ​បុរស​មាន​ចំណេះ​ដឹង​ខ្ពស់ និង​មាន​ការងារ​ល្អ ទើប​​ស័ក្ដិសម​នឹង​ពួកគាត់៕

 

ចុចអាន៖ គេ​គ្មាន​សង្សារ តែ​មិនព្រម​​ស្រលាញ់​អ្នក គួរ​​តាម​គេ​ទៀត​​អត់?

ចុចអាន៖ ហេតុ​​អ្វី​​​បុរស​នារី​ឥលូវ​ អាយុ​ច្រើន​ ​យូររៀបការ​​ម្ល៉េះ​?

 

អត្ថបទ៖ អ៊ុំ សុភក្តិ