ភ្លើង​ប្រចណ្ឌ​អារ​.​ក​សម្លាប់​ប្រពន្ធ​រួច​រត់គេច​ខ្លួន​បាត់

ភ្លើង​ប្រចណ្ឌ​អារ​.​ក​សម្លាប់​ប្រពន្ធ​រួច​រត់គេច​ខ្លួន​បាត់



ខេត្តកំពង់ចាម ៖ ផ្តើម​ចេញពី​ការ​ស្រឡាញ់គ្នា​យ៉ាង​ងប់ងុល​តាម​ហ្វេ​ស​ប៊ុ​ក បាន​ធ្វើ​ឱ្យ កំលោះ​ក្រមុំ​១​គូ​សម្រេចចិត្ត​យក​គ្នា​ជា​ប្តី ប្រពន្ធ​យ៉ាង​ផ្អែម​ត្រជាក់ចិត្ត ។ ប៉ុន្តែ​វត្ថុបំណង​នៃ​ការសាង​សុភមង្គល​ទៅ​ថ្ងៃ​អនាគត មិន​បាន​ដូច​បំណង​ឡើយ គឺ​បាន​ត្រឹម​ជា​ភ្លើងចំបើង​ប៉ុណ្ណោះ ។

ទីបំផុត​ក៏​រលាយ​សាបសូន្យ ​ទៅ​វិញ រលាយ​ទាំង​ជីវិត ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ដោយ​បុរស​ជា​ប្តី​បាន​យក​កាំបិត​ទៅ​អារ​.​ក​ប្រពន្ធ​សម្លាប់​ក្នុង​ថ្លុកឈាម នៅ​លើ​ផ្ទះ​ចាំចម្ការ​កៅស៊ូ​១​កន្លែង ក្នុងភូមិ​ឡូត៍ ឃុំ​កំ​ពាន់ ស្រុក​មេមត់ ។

ហេតុការណ៍​មនុស្សឃាត​នេះ​បាន​កើតឡើង​នៅ​ល្ងាច​ ថ្ងៃ​ទី​១៧ មិថុនា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០១៦ ទើប​កម្លាំង​សមត្ថកិច្ច​ដឹង​បាន​ចុះ​ទៅ​ពិនិត្យ​សព ។ ចំណែក​បុរស​ជា​ប្តី និង​ជា​ឃាតករ​ដៃដល់​វិញ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​សុវត្ថិភាព​ទៅ ។

លោក ​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ប្ដី​ឈ្មោះ គុន មក​រា អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​បច្ចុប្បន្ន​នៅ​ខេត្តសៀមរាប ចំណែក​ប្រពន្ធ​ឈ្មោះ អុល សុខ​ណា អាយុ​២៥​ឆ្នាំ  ។ លោក​អធិការ​បាន​រំលឹក​ដែរ​ថា មុន​ពេល​ពួក​គេ​ក្លាយជា​ប្ដី​ប្រពន្ធ​នឹង​គ្នា គឺ​បាន​ទាក់ទង​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក និង​ក្លាយជា​ហ្វ្រេ​ន​និង​គ្នា ហើយ​តែង​ផ្ញើ​សារ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ នាង អុល សុខ​ណា នៅ​ភូមិ​ឡូត៍ ឃុំ​កំ​ពាន់ ស្រុក​មេមត់ ក៏​បាន​ចាប់ចិត្ត​ស្រឡាញ់​គ្នា រហូត​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​មាន​ចាស់ទុំ​ដឹង​ឮ​ធ្វើ​ជា​សាក្សី ។

លោក ​វរសេនីយ៍ត្រី​បាន​ប្រាប់​បន្ត​ថា សេចក្តី​ស្រឡាញ់​ផ្អែម​ល្អែ​ម​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក៏​កើត​មាន​ភាព​រកាំរកូស​ឧស្សាហ៍​ឈ្លោះ​គ្នា​ជា​ញឹកញាប់ ។ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ មិថុនា ប្តី​ប្រពន្ធ​នេះ បាន​ឈ្លោះប្រកែក​គ្នា​តឹងសរសៃក​នៅ​លើ​ផ្ទះ​ឈើ​តូច​១ ក្នុង​ចម្ការ​កៅស៊ូ​របស់​ខ្លួន  ហើយ​បុរស​ជា​ប្តី​បាន​ប្រើ​អំពើ​ហិង្សា​យក​កាំបិត​មក​អារ​.​ក​ប្រពន្ធ បណ្តាល​ឱ្យ​ឈាម​ហូរ​បាញ់​ស្រោច​ធរណី​រលត់​សង្ខារ​ទាំង​បិទ​ភ្នែក​មិន​ជិត ដោយសារ​តែ​ការ​ប្រចណ្ឌ​ជ្រុល ។ ក្រោយ​អារ​.​ក​សម្លាប់​ប្រពន្ធ ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ម៉ាក​C125 មួយ​គ្រឿង​រត់គេច​ខ្លួន ដោយ​បាន​ជួប​អ្នក​ភូមិ​កំ​ពាន់​ម្នាក់ នៅ​ត្រង់​ចំណុច​ឃុំ​ដារ នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧ មិថុនា ហើយ​ក៏​បាន​ជិះ​គេច​បាត់​ទៅ ដោយ​មិនដឹង​ជា​ទៅ​ទីណា​ឡើយ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន បញ្ជាក់​ថា រហូត​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ម្តាយ​បាន​បាត់​កូនប្រសា​ប្រុស ក៏​បាន​ធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​ចម្ការ​ដែល​មាន​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ ឃើញ​ផ្ទះ​ចាំចម្ការ​កៅស៊ូ​មាន​សភាព​ស្ងាត់ជ្រងំ ក៏​បាន​ស្រែកហៅ​កូនស្រី ប៉ុន្តែ​មិន​មាន​សំលេង​ឆ្លើយ​តប​នោះ​ទេ ។ លុះ​ពេល​ឡើង​ទៅ​ដល់​លើ​ផ្ទះ ស្រាប់តែ​ឃើញ​កូន​ស្លាប់​ដោយ​មាន​ស្នាម​អារ​.​ក​ដ៏​រន្ធត់ ។ បន្ទាប់​មក​ម្តាយ​ស្លុត​ពេក​ក៏​សន្លប់ ហើយ​កូនប្រុស​ម្នាក់​ដែល​ទៅ​ជាមួយ​ខំប្រឹង​រឹត​ទ្រូង​ម្តាយ និង​ទូរស័ព្ទ​ហៅ​សាច់ញាតិ​ឱ្យទៅ​មើល ព្រមទាំង​បាន​ប្តឹង​មក​សមត្ថកិច្ច​មូលដ្ឋាន​ជា​បន្ទាន់​ផង​ដែរ ។

លោកស្នងការ ​នគរបាល​ខេត្ត បាន​ចាត់​ឱ្យ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត ពេល​នេះ​ចុះ​ទៅ​ស្រាវជ្រាវ​សហការ​ជាមួយនឹង​នគរបាល​ស្រុក​មេមត់ ដើម្បី​តាម​ប្រមាញ់​ឃាតករ​ជា​ប្តី ដែល​កំពុង​រត់គេច​ខ្លួន​នោះ​ហើយ ៕