ផ្អើល​ពេញ​ភូមិ​ព្រលឹង​សព​មក​សណ្ឋិត​ទាមទារ​យុត្តិធម៌

ផ្អើល​ពេញ​ភូមិ​ព្រលឹង​សព​មក​សណ្ឋិត​ទាមទារ​យុត្តិធម៌



ខេត្ត​ព្រះ​សីហ​នុ ៖ ព្រលឹង​របស់​បុរស​ម្នាក់​ដែល​ស្លាប់​កាលពី​៣​ថ្ងៃមុន​បាន​ចូល​សណ្ឋិត​ម្តាយមីង ដើម្បី​ទាមទារ​រក​យុត្តិធម៌ និង​សុំ​ឱ្យ​ម្តាយ​របស់​ខ្លួន​គាស់​សព​យក​ទៅ​បូជា ។ ការ​សណ្ឋិត​រូប​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ កាលពី​វេលា​ម៉ោង​១ និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១៩ មិថុនា នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុង ព្រះ​សីហ​នុ ។

លោក​ប៉ាន់ ខ្វា អាយុ​៦០​ឆ្នាំ ជា​ឪពុក​បាន​ឲ្យ​ដឹង​ថា ព្រលឹង​កូនប្រុស​ដែល​ចូល​រូប​នោះ​ឈ្មោះ អ៊ុ​ង វត្ថា អាយុ​៣៦​ឆ្នាំ (​កាល​នៅ​រស់​ជា​អាជីវករ​លក់ដូរ​) ។ វត្ថា​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១៦ មិថុនា ហើយ​ត្រូវ​គេ​យក​ទៅ​កប់​នា​ថ្ងៃ​ទី​១៨ មិថុនា នៅ​វត្ត​លើ ក្រុងព្រះសីហនុ ។

អ៊ុ​ង វត្ថា មាន​ប្រពន្ធ​ឈ្មោះ​ឈិ​ត សុផល អាយុ​៣៥​ឆ្នាំ មានកូន​៣​នាក់ ១-​ឈ្មោះ​អ៊ុ​ង សា​រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​១២​ឆ្នាំ ២-​ឈ្មោះ អ៊ុ​ង អង្គា​វឌ្ឍនៈ ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​៣-​ឈ្មោះ​អ៊ុ​ង រ៉ា​ថេ​ប ភេទ​ប្រុស ១​ឆ្នាំ​កន្លះ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ព្រលឹង​អ៊ុ​ង វត្ថា បាន​ចូល​សណ្ឋិត​ម្តាយមីង​របស់​ខ្លួន​ឈ្មោះ យន្ត ប៉ុក អាយុ​៤០​ឆ្នាំ ទាមទារ​រក​យុត្តិធម៌ ទី​១-​ទាមទារ​ឲ្យ​ម្តាយ​គាស់​សព​របស់​ខ្លួន​ដែល​គេ​កប់​នោះ​យក​ទៅ​បូជា​វិញ ។ ទី​២-​ការ​ស្លាប់​របស់​ខ្លួន គឺ​មិនមែន​ស្លាប់​ដោយសារ​ខ្យល់គរ និង​ជំងឺលើសឈាម​ទេ គឺ​ស្លាប់​ដោយ​ត្រូវ​គេ​រឹត​ក​សម្លាប់​ពេល​ស្រវឹង ដោយ​មាន​ស្នា​មរឹតក និង​ជាំ​នៅ​កំផ្លៀង​ខាងឆ្វេង ឬ​ខាងស្តាំ (​ព្រលឹង​ចាំ​មិន​ច្បាស់​ព្រោះ​ពេល​គេ​សម្លាប់​នោះ​ស្រវឹង​) ។

ថ្ងៃ​ទី​១៩ មិថុនា វេលា​ម៉ោង​១៥ និង​៣០​នាទី​រសៀល ក្រុម​គ្រួសារ​របស់​ឈ្មោះ​អ៊ុ​ង វត្ថា បាន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​ស្នើ​សុំ​គាស់​សាកសព​យក​ទៅ​បូជា​តាម​ព្រលឹង​ចូល​រូប និង​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព ព្រោះ​ចង់​ដឹង​ថា​តើ​ដូច​ព្រលឹង​ចូល​រូប​និយាយ​ដែរ ឬទេ ? បើ​ដូច​មែន​នោះ​សូម​ឱ្យ​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត​តាម​នីតិវិធី ៕