ឃាតកម្ម​ចងស្លាបសេក​រឹត​ក​សម្លាប់​យក​ទៅ​កប់ ជះក្លិន​ស្អុយ​ទើប​ផ្អើល​​សមត្ថកិច្ច​

ឃាតកម្ម​ចងស្លាបសេក​រឹត​ក​សម្លាប់​យក​ទៅ​កប់ ជះក្លិន​ស្អុយ​ទើប​ផ្អើល​​សមត្ថកិច្ច​



ខេត្តព្រះវិហារ ៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​ឃាតករ​ចងស្លាបសេក និង​រឹត​ក​សម្លាប់ ហើយ​បាន​យក​ទៅ​កប់ នៅ​ចំណុច​វាលស្រែ​តា​មា​ក់ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមាន​ជ័យ ។ មុន​ការ​ប្រទះ​ឃើញ​សាកសព​នេះ​គឺ​នៅ​វេលា​ម៉ោង​៧​យប់​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាយ​ការណ៍​ថា ពួក​គាត់​ពេល​ដើរ​រក​ផ្សិត​បាន​ធុំក្លិន​ស្អុយ​យ៉ាង​ចម្លែក ដែល​សង្ស័យ​ថា អាច​ជា​សាកសព​មុន​ស្ស ។

ពេល​ទទួល​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ស្រុក​ត្បែងមានជ័យ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ​នៅ​ចំណុច​ដែល​សង្ស័យ​នោះ គឺ​ចំណុច​មាន​អាចម៍ដី​ដែល​គេ​កប់​នៅ​ថ្មី​ៗ​។ លុះ​កាយ​ទៅ ក៏​បាន​ប្រទះ​ឃើញ​ប្រអប់ជើង​ម្ខាង​របស់​សាកសព ទើប​ដឹង​ថា ក្នុង​រណ្ដៅ​ជា​សាកសព​មនុស្ស ត្រូវ​គេ​យក​មក​កប់​យ៉ាង​អាថ៌​កំបាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ទើប​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ ។

តាម​ការ​ឱ្យ​ដឹង​ពី​នគរបាល​ស្រុក​ត្បែងមានជ័យ​មក​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១៧ មិថុនា អ្នក​ភូមិ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​ក្លិនស្អុយ​ចម្លែក​ចេញពី​វាលស្រែ​តា​មា​ក់ លុះ​កម្លាំង​នគរបាល​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ក៏​បាន​កាយ​ដី​ប្រទះ​ឃើញ​ប្រអប់ជើង​ម្ខាង​របស់​មនុស្ស​ដោយ​សន្មត់​ថា ជា​សាកសព​មនុស្ស ដោយសារ​តែ​យប់​ងងឹត​កម្លាំង​សមត្ថកិច្ច​សម្រេច​ត្រឡប់​មក​វិញ ហើយ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​បាន​កាយ​ដី ចំណុច​សង្ស័យ​កប់​មនុស្ស ទើប​ដឹង​ថា ជា​សព​បុរស​ម្នាក់ ត្រូវ​គេ​វាយ​សម្លាប់​រួច​ដឹក​យក​មក​កប់​ចោល​នៅ​ចំណុច​ទីតាំង​ខាងលើ​នេះ ។ ដោយសា​រតែក​ប់រាក់ ក្រោយ​សាកសព​ហើម​ស្អុយ ទើប​គេ​ដឹង ។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា សព​បុរស​ម្នាក់​នោះ មិនមែន​ជា​អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន​នោះ​ឡើយ ព្រោះ​សព​ពុំ​មាន​អ្នក​ណា​ស្គាល់​ទេ ។ សមត្ថកិច្ច​ក៏​បាន​សន្និដ្ឋាន​ដែរ​ថា សព​ជន​រង​គ្រោះ​អាច​ត្រូវ​ឃាតករ​មាន​គ្នា​លើស​ពី​២​នាក់​ឡើង ទៅ​ចាប់​វាយ​ចងស្លាបសេក​និង​រឹក​.​ក​សម្លាប់ ដោយ​ខ្សែ​នីឡុង​ពណ៌​ខៀវ មាន​ប្រវែង​២,៤៤​ម៉ែត្រ ។ នៅ​លើ​ខ្លួនប្រាណ​សាកសព​មាន​ស្នាម​បែក​ពេញ​ផ្ទៃមុខ និង​បែក​ក្រោម​គុម្ពត្រចៀក​ខាងស្តាំ ។

ទាក់ទិន​ករណី​ឃាតកម្ម​វាយ​សម្លាប់​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​សន្និដ្ឋាន​បែប​ណាមួយ​បាន​នៅឡើយ​ទេ ព្រោះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ ។ បុរស​ដែល​ត្រូវ​គេ​សម្លាប់​នោះ មាន​វ័យ​ប្រហែល​ជាង​២០​ឆ្នាំ សម្បុរ​ស កម្ពស់​១,៦៨ សក់​ខ្លី​ស្លូត​ខ្មៅ ស្លៀក​ខោខ្លី ពណ៌​ស្លា​ទុំ ត្រឹម​ជង្គង់​គ្មាន​អាវ ។

ពាក់ព័ន្ធ​ករណី​សម្លាប់​មនុស្ស​យ៉ាង​ព្រៃផ្សៃ​យក​ទៅ​កប់​ដី​ទាំង​ដៃ​ជាប់​ចំណង​និង​រឹត​.​ក​ជាប់​ទាំង​ខ្សែ​នីឡុង​នោះ ត្រូវ​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​និង​ជន​ដៃដល់​អាច​ជា​អ្នក​ស្គាល់គ្នា ព្រោះ​សព​ជន​រង​គ្រោះ​មិន​មាន​ពាក់អាវ និង​ស្លៀក​តែ​ខោខ្លី​មួយ​ប៉ុណ្ណោះ ។

ករណី​ឃាតកម្ម​ខាងលើ​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្រុក​ត្បែងមានជ័យ​រួម​និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ ដើម្បី​វែកមុខ​ក្រុម​ជន​ដៃ ។ ចំណែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​រៀបចំ​ទុកដាក់ ដើម្បី​រង់ចាំ​គ្រួសារ​សាច់ញាតិ​មក​ទទួល​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕