ចោរ​មួយ​ក្រុម​កាប់​ប្លន់​យក​ម៉ូតូ​ក្បែរ​វត្ត​អង្គ​តា​មិ​ញ

ចោរ​មួយ​ក្រុម​កាប់​ប្លន់​យក​ម៉ូតូ​ក្បែរ​វត្ត​អង្គ​តា​មិ​ញ



រាជធានី​ភ្នំពេញ ៖ ជន​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ប្រើ​ដាវ​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ MSX ១​គ្រឿង​បាន​សម្រេច និង​បណ្តាល​ឱ្យ​យុវជន​ជា​ម្ចាស់​ម៉ូតូ​រង​របួស​ក្បាល​ធ្ងន់ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមិថុនា នៅ​ផ្លូវ​បេតុង​ចូល​វត្ត​អង្គ​តា​មិ​ញ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មិន​ត្រូវ​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​ឡើយ ដែល​ក្រោយ​ពី​ឃើញ​អ្នក​យក​ព័ត៌មាន​ថតរូប​ក៏​បាន​ជិះ​ម៉ូតូ​គេច​ទៅ​បាត់​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ទេ ។

ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​បាន​ប្រាប់​ថា ខណៈ​គាត់​កំពុង​ប្រចាំការ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​មាន​យុវជន​ម្នាក់​ក្បាល​ប្រឡាក់​សុទ្ធតែ​ឈាម ត្រូវ​បាន​បងប្អូន​ដឹក​តាម​ម៉ូតូ​មក​ប្តឹង​ថា មាន​ជនសង្ស័យ​មួយ​ក្រុម​ប្រើ​ដាវ​សា​មូ​រ៉ៃ​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក ​MSX ពណ៌​ស ខណៈ​ពួក​គេ​ជិះ​ទៅ​ផ្ទះ​តាម​ផ្លូវ​វត្ត​អង្គ​តា​មិ​ញ ។ ពួក​គេ​ជិះ​ម៉ូតូ​មាន​គ្នា​៣​នាក់ ដោយ​មាន​ស្ត្រី​ម្នាក់​ផង ខណៈ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជន​មួយ​ក្រុម​ប្រើ​ដាវ​មក​កាប់​ប្លន់​យក​ម៉ូតូ និង​ធ្វើ​ឱ្យ​យុវជន​ជា​ម្ចាស់​ម៉ូតូ​រង​របួស​ក្បាល​ខាងក្រោយ​ធ្ងន់ ។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ទៀត​ថា ពេល​នោះ​គាត់​បាន​ប្រាប់​ជន​រង​គ្រោះ​ឱ្យមក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​ស្រាវជ្រាវ​រកមុខសញ្ញា ៕