The Voice Cambodia ចប់​ហើយ តើ​ ពេជ្រ​សោភា នឹង​ចាក​ចេញ​ពី​ហង្សមាស​?

​ពេជ្រ សោភា ធ្លាប់​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​ខែ​មុន​​ថា បន្ទាប់​ពី​កម្មវិធី​លំដាប់​ពិភព​លោក​ The Voice Cambodia រដូវ​កាល​ទី​២​ដែល​នាង​ជាប់​ភារកិច្ច​ធ្វើ​ជា​ Coach ចប់ នាង​នឹង​លា​ឈប់​ពី​ហង្សមាស។ ជាក់​ស្ដែង​កម្មវិធី​មួយ​នេះ បាន​ចប់​កាល​ពី​យប់​មិញ​​ហើយ​ ដូច្នេះ​តើ​តារា​ស្រី​រូប​នេះ នឹង​ឈប់​ឬ​យ៉ាង​ណា?

 

រសៀល​នេះ ពេជ្រ សោភា បាន​ថ្លែង​មក​កាន់ Sabay​ ថា ៧០%​ នាង​នឹង​ចាក​ចេញ។ យ៉ាង​នេះ​ក្ដី នាង​មិន​និយាយ​ត្រង់​តែ​ម្ដង​ថា ចាក​ចេញ​ពី​ហង្សមាស​ទេ ប៉ុន្តែ​គឺ​ជា​ការ​ចាក​ចេញ​​ពី​សិល្បៈ​ទាំង​មូល​តែ​ម្ដង គឺ​នាង​ទៅ​កាន់​កន្លែង​មួយ​ដ៏​ឆ្ងាយ។ សោភា ថ្លែង៖ “បង​មិន​ច្បាស់​១០០%​ទេ ប៉ុន្តែ​ប្រហែល​ ​៧០%​ ដែល​បង​នឹង​ចាក​ចេញ​ពី​ជីវិត​សិល្បៈ​ បើ​ទោះ​ជា​អ្វី​គ្រប់​យ៉ាង​ បង​បាន​ពី​សិល្បៈ​ក្ដី​ ប៉ុន្តែ​កម្លាំង​ទឹក​ចិត្ត​លែង​មាន​ ចឹង​នៅ​ទៀត​ ក៏​គ្មាន​ន័យ​អ្វី​ដែរ​”។

 

 

The Voice Cambodia ចប់​ហើយ តើ​ ពេជ្រ​សោភា នឹង​ចាក​ចេញ​ពី​ហង្សមាស​?

 

ម្ចាស់​បទ ​”រាំ​ឡូយ​កប់​លូ”​ បន្ត​ឲ្យ​ដឹង​ទៀត​ថាសំពាធ​ដែល​បង្ខំ​ឲ្យ​នាង​សម្រេច​​ចិត្ត​បែប​នេះ គឺ​ដោយ​សារ​តែ​​នាង​មាន​ជំងឺបាក់​ទឹក​ចិត្ត​ខ្លាំង​ ព្រោះ​គ្មាន​វត្ត​មាន​លោក​ឪពុក​​នៅ​ក្បែរ​។សោភា​បន្ថែម៖ “មិន​មែន​ថា​គ្មាន​អ្នក​ណា​ឲ្យ​ទឹក​ចិត្ត​ខ្ញុំ​នោះ​ទេ ប៉ុន្តែ​មូល​ហេតុ​ដោយសារ​បង​ឈឺ​ច្រើន​ពេក​ មិន​អាច​ទ្រាំ​ទ្រ​នឹង​ជំងឺ​ហ្នឹង​បាន​ ហើយ​ជា​ពិសេស​នោះ​ គឺ​បង​មាន​ជំងឺ​មួយ​ដែល​បាក់​ទឹក​ចិត្ត​ខ្លាំង។​ រាល់​ពេល​មាន​បញ្ហា​ម្តងៗ​ គឺ​តែង​មាន​ឪពុក​ក្បែរ ប៉ុន្តែ​ឥឡូវ​គាត់​លែង​នៅ​ជាមួយ​ខ្ញុំ​ទៀត​ហើយ​ ដូច្នេះ​ខ្ញុំ​គ្មាន​ទឹក​ចិត្ត​នឹង​ធ្វើ​អ្វី​ទៀត​ទេ”។

 

​ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ ​អ្នក​គ្រប់​គ្រង​កម្មវិធី​​របស់​ផលិតកម្ម​ហង្សមាស​ អ៊ិន ទីតូ បញ្ជាក់​ថា ​​លោក​មិន​បាន​ដឹង​ពី​បញ្ហា​ដែល​ ពេជ្រ ​សោភា ត្រៀម​នឹង​ចាក​ចេញ​ពី​សិល្បៈ​ក្រោយ​ចប់​កម្មវិធី​ The Voice Cambodia​ នោះ​ទេ។

 

លោក អ៊ិន ទីតូ ថ្លែង៖ “កម្មវិធី The Voice ទើប​តែ​ចប់​យប់មិញ​នេះ​ទេ​ ហើយ​ រឿង​ សោភា ដែល​ខាង​សារព័ត៌មាន​កន្លង​មក​ថា​ចង់​ចាក​ចេញ​ពី​សិល្បៈ​ ខ្ញុំ​ក៏​អត់​ដឹង​ដែរ។ គាត់(សោភា) មិន​ដែល​បាន​និយាយ​អ្វី​ពាក់​ព័ន្ធ​នឹង​ការ​ចង់​ចេញ​ពី​សិល្បៈ​មក​កាន់​ខាង​ ក្រុម​ហ៊ុន​ផង​”។

The Voice Cambodia ចប់​ហើយ តើ​ ពេជ្រ​សោភា នឹង​ចាក​ចេញ​ពី​ហង្សមាស​?

ដោយ​ឡែក ចំពោះ​រឿង​ថា ពេជ្រ សោភា បាន​ដាក់​ពាក្យ​មក​ផលិតកម្ម​ ឬ​មិន​ទាន់ មន្ត្រី​ហង្សមាស​រូប​នេះ សុំ​មិន​អធិប្បាយ។ “​បើ​ខ្ញុំ​និយាយ​ដូច្នេះ​ បាន​ន័យ​ថា​ខ្ញុំ​ដឹង​ថា​នាង​ត្រៀម​នឹង​ចាក​ចេញ​មែន។ ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ខ្ញុំ​មិន​ដឹង​រឿង​អ្វី​ទាំង​អស់​ ​នាង​មក​ ធ្វើ​ការ​ធម្មតា​ ហើយ​មិន​ដែល​និយាយ​អ្វី​ថា​ឈប់​ផង”។

 

កាល​ពី​ខែចុង​ធ្នូ​​ឆ្នាំ​ ២០១៥​ តារា​ស្រី​ប្រចាំ​ផលិតកម្ម​ហង្សមាស ពេជ្រ សោភា បាន​សរសេរ​​ព័ត៌មាន​​លើ ​Facebook Page ផ្លូវ​ការ​របស់ ពេជ្រ សោភា ថា ​នាង​នឹង​លា​ឈប់​ពី​ហង្សមាស ប៉ុន្តែ​នាង​នឹង​នៅ​តែ​ធ្វើ​ការងារ​របស់​នាង​ឲ្យ The Voice Cambodia រដូវ​កាល​ទី​២ ចប់​ចុង​ចប់​ដើម។  ដែល​សារ​នេះ​ កើត​ក្រោយ​មាន​ព័ត៌មាន​ថា​ ពេជ្រ សោភា ត្រូវ​ថ្នាក់​លើ​ស្ដី​បន្ទោស​ខ្លាំង​បន្ទាប់​ពី​នាង​ចុះ​ពី​លើ​ឆាក​​​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​កោះ​ពេជ្រ​នា​គ្រានោះ៕

 

អត្ថបទ៖ ថា ម៉ាលីដា