មន្ត្រីយោធា​​​ម្នាក់​​​​​​ត្រូវ​​​ចាប់ខ្លួនពីបទ​​​ធ្វើឱ្យ​​​ខូច​​​​​​ស្ពាន

កងរាជអាវុធហត្ថបាននិយាយកាលពីម្សិលមិញថា មន្ត្រីយោធាដែលបានរត់គេចពីកន្លែងកើតហេតុ បន្ទាប់ពីឡានរបស់គាត់ផ្ទុកលើសទម្ងន់បានបណ្តាលឱ្យបាក់ស្ពានដែកមួយគិតជាទឹកប្រាក់ជិត៥០.០០០ដុល្លារនៅខេត្តកំពតកាលពីសប្តាហ៍មុននោះ ត្រូវបានចាប់ខ្លួននៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃសៅរ៍។ លោក ហែម ចាន់តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពតបាននិយាយកាលពីម្សិញមិញថា ក្រោយពីបានទទួលដំណឹងអំពីឧប្បត្តិហេតុមួយថា មានឡានមួយគ្រឿងបានធ្វើឱ្យធ្លាក់ឈើពេញផ្លូវនោះ កងរាជអាវុធហត្ថបានប្រើពេលមួយសប្តាហ៍ ដើម្បីតាមរកឈ្មោះ ជឿន ថេង អាយុ៣៧ឆ្នាំ ជាពលបាលឯករស់នៅក្នុងខេត្តជាប់គ្នាគឺខេត្តកំពង់ស្ពឺ។ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពតរូបនេះបាននិយាយថា “គាត់ត្រូវបានគេចាប់ខ្លួននៅហាងគុយទាវក្នុងពេលដែលគាត់កំពុងហូបគុយទាវពេលព្រឹក”។ លោកបានបន្តថា ការចាប់ខ្លួននេះបានធ្វើឡើងនៅម៉ោងប្រហែល៨ព្រឹកដោយកងរាជអាវុធហត្ថខេត្តទាំងពីរនៅជិតស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដោយបដិសេធមិនពន្យល់ថា តើលោក ថេង ជាម្ចាស់រថយន្តដោយរបៀបណានោះ មេបញ្ជាការរងកងរាជអាវុធហត្ថរូបនេះបាននិយាយថា ដំបូងឡើយការស៊ើបអង្កេតមានការរាំងស្ទះដោយសារតែលោក ថេង ជាមន្រ្តីនៅកងពលទី៣ កងយោធពលខេមរភូមិន្ទ បានដកស្លាកលេខចេញពីឡានមុនពេលរត់គេចខ្លួន។ លោក ចាន់តារា បាននិយាយថា លោក ថេង បានបង់ប្រាក់ចំនួន ៤៩.០០០ដុល្លារ ជាថ្លៃជួសជុលស្ពាន បូករួមនឹងទឹកប្រាក់ផាកពិន័យចំនួន៧.០០០ដុល្លារ ដោយសារតែឡានដឹកលើសទម្ងន់។ លោក ចាន់តារា បាននិយាយថា “គាត់បានសារភាពថា គាត់ជាម្ចាស់ឡាន។ ដូច្នេះ គាត់ចង់ទទួលខុសត្រូវចំពោះហេតុការណ៍នេះ”។ លោកបាននិយាយថា ស្ពានដែកថ្មីមួយនេះបានជួសជុលរួចរាល់ហើយកាលពីថ្ងៃពុធ។ លោកបាននិយាយបន្ថែមថា លោក ថេង កំពុងតែជាប់ឃុំនៅឯស្នងការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ហើយនឹងត្រូវបញ្ជួនទៅកាន់តុលាការខេត្តនៅថ្ងៃនេះពីបទដឹកជញ្ជូនឈើកាប់ដោយខុសច្បាប់។ លោក លីម សំបូរ ប្រធានមន្ទីរដឹកជញ្ជូនខេត្ត បាននិយាយកាលពីសប្តាហ៍មុនថា លោកមិនបានដឹងអំពីប្រភពឈើនោះទេ ប៉ុន្តែ អ្នកស្រុកនៅក្នុងតំបន់នោះបាននិយាយថា ឈើនេះទំនងជាចេញមកពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលស្ថិតនៅក្នុងស្រុកដដែលនោះ ដែលលោក ថេង រស់នៅ៕ មាំ វិបុល     © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or […]

The post មន្ត្រីយោធា​​​ម្នាក់​​​​​​ត្រូវ​​​ចាប់ខ្លួនពីបទ​​​ធ្វើឱ្យ​​​ខូច​​​​​​ស្ពាន appeared first on The Cambodia Daily.