យន្តហោះ​អេ​ហ្ស៊ី​ប​ធ្លាក់​ចាប់ផ្តើម​ពិនិត្យ​ប្រអប់​ខ្មៅ​ទាំង​2

ការ​ពិនិត្យ​ប្រអប់​ខ្មៅ​ទាំង​២​នៃ​យន្តហោះ AIRBUS របស់​ក្រុមហ៊ុន​អាកាសចរណ៍ EGYPTAIR ដែល​ធ្លាក់​ក្នុង​សមុទ្រ​កាលពី​មួយ​ខែ​មុន​បាន​ចាប់ផ្តើម​នៅ​អេ​ហ្ស៊ី​ប​ជាមួយ​ការ​ទាញ​យក​ចេញ​បណ្តា​មេ​ម៉ូ​រី ។ គណៈកម្មការ​ស៊ើបអង្កេត​អេ​ហ្ស៊ី​ប​ប្រកាស​នា​ថ្ងៃ​ទី​១៩ មិថុនា ថា ការ​វិភាគ​ទិន្នន័យ​ប្រអប់​ខ្មៅ​ទាំង​២​នេះ​អាច​ប្រើ​ពេល​ជា​ច្រើន​ស​ប្តា​ហ៍ ។

មាន​តែ​ការ​វិភាគ​លើ​ប្រដាប់​ថត​សំឡេង​ការ​ហោះហើរ​ទេ ដែល​នឹង​អាច​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​ជើងហោះហើរ MS804 នេះ​របស់​ក្រុមហ៊ុន EGYPTAIR ដែល​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៩ ឧសភា នៅ​ចន្លោះ​កោះ​ក្រែ​ត​ក្រិ​ក និង​ឆ្នេរសមុទ្រ​ខាងជើង​របស់​អេ​ហ្ស៊ី​ប​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៦៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​អេ​ហ្ស៊ី​ប​៤០​នាក់ និង​បារាំង​១៥​នាក់ ។

គណៈកម្មការ​ស៊ើបអង្កេត​អេ​ហ្ស៊ី​ប​ជួយ​ជ្រោមជ្រែង​ដោយ​ពួក​អ្នក​ជំនាញការ​បារាំង​នៃ​ការិយាល័យ​ស៊ើបអង្កេត និង​វិភាគ BEA និង​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ AIRBUS ។ បណ្តា​មេ​ម៉ូ​រី​នៃ​ប្រអប់​ខ្មៅ​ទាំង​២​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ហើយ​គេ​ត្រូវការ​ពេលវេលា​ច្រើន និង​ការ​ខិតខំ​ប្រឹងប្រែង​ជួសជុល ៕