ចម្លែកមែន! កំពុងមើលរឿង «The Conjuring 2» ស្រាប់តែឈឺទ្រូង ដួលស្លាប់ក្នុងរោងកុន ឯសាកសព បាត់យ៉ាងអាថ៌កំបាំង

ឥណ្ឌា៖ ប្រិយមិត្តមួយចំនួន ប្រហែលជាបានទស្សនា រួចមកហើយ នូវខ្សែភាពយន្តបែបរន្ធត់ ញាប់ញ័រ លួសព្រលឹង ដែលមានចំណងជើងថា «The Conjuring 2»។

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ក៏មានហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើល និងរន្ធត់មួយ បានកើតឡើង ដោយមានបុរសជនជាតិឥណ្ឌា វ័យ៦៥ឆ្នាំម្នាក់ មកពីរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមើលរឿង «The Conjuring 2» នេះរួច។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើង នៅក្នុងរោងកុនមួយកន្លែង មានឈ្មោះថា Sri Balasubramaniar Cinemas ស្ថិតក្នុងទីក្រុង Tiruvannamalai ប្រទេសឥណ្ឌា។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានទៅមើលកុនរឿង «The Conjuring 2» ជាមួយនឹង មិត្តភក្តិម្នាក់ទៀត។ ក្នុងអំឡុងពេលមើលរឿងនេះ ជនរងគ្រោះចេះតែត្អូញត្អែរ ថាឈឺទ្រូង ហើយមិនបានប៉ុន្មានផង ក៏បានដួលទៅលើដី នៅក្នុងរោងកុន លែងដឹងខ្លួនតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេប្រញាប់ប្រញាល់ បញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្បែរកន្លែងកើតហេតុមានឈ្មោះថា «Old Government Hospital» តែក្រោយមក គ្រូពេទ្យបានអះអាងថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីបានដឹងថា ជនរងគ្រោះស្លាប់ បុគ្គលិកមន្ទីរពេទ្យ ក៏ប្រាប់មិត្តភក្តិជនរងគ្រោះ ឲ្យយកសាកសពជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ «Tiruvannamalai Goverment Medical College Hospital» វិញ ដើម្បីធ្វើការពិនិត្យសាកសព តែមិនដឹងជាយ៉ាងម៉េច បុរសជាមិត្តភក្តិ និងសាកសពជនរងគ្រោះ ស្រាប់តែបាត់ខ្លួន ទាំង២នាក់តែម្តង។

យ៉ាងណាមិញ ប៉ូលិសកំពុងតែស្វែងរក សាកសព និងមិត្តភក្តិជនរងគ្រោះ ហើយក៏កំពុងតែ ស៊ើបអង្កេតរកអត្តសញ្ញាណ និងមូលហេតុពិតប្រាកដ នៃការស្លាប់ របស់ជនរងគ្រោះផងដែរ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍មនុស្សស្លាប់ ខណៈកំពុងតែមើលរឿងបែបនេះ គឺពិតជាកម្រ និងជាបាតុភូត គួរឲ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែវាមិនមែនកើតមាន តែចំពោះរឿងបែបភ័យរន្ធត់ឡើយ។

ដោយឡែករំលឹកកាលពីឆ្នាំ១៩៨៩ ធ្លាប់មានគ្រូពេទ្យជនជាតិដាណឺម៉ាកម្នាក់ មានឈ្មោះថា Ole Bentzen បានចាប់ផ្តើមសើចយ៉ាងខ្លាំង ក្នុងអំឡុងពេល កំពុងមើលការបង្ហាញមួយមានឈ្មោះថា «A Fish Named Wanda» បណ្តាលឲ្យបេះដូងរបស់គាត់ រីក និងលោតខុសពីធម្មតា រហូតដល់ទៅ ២០០-៥០០ដង ក្នុងមួយនាទី។ សំពាធបែបនេះ បានធ្វើឲ្យគាត់ គាំងបេះដូង និងស្លាប់ភ្លាមៗមួយរំពេច នៅក្នុងរោងកុនតែម្តង៕

សូមទស្សនាវីដេអូ Trailer នៃខ្សែភាពយន្ត រឿង «The Conjuring 2» នៅខាងក្រោមនេះ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចម្លែកមែន! កំពុងមើលរឿង «The Conjuring 2» ស្រាប់តែឈឺទ្រូង ដួលស្លាប់ក្នុងរោងកុន ឯសាកសព បាត់យ៉ាងអាថ៌កំបាំង
ឈុតមួយក្នុងរឿង The Conjuring 2