KMH Champions ​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ធ្វើ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ KMH Champions League ​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​សៅរ៍​ទី​២៥​ខែ​មិថុនា ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ​ហើយ ដោយ​យក​ពហុ​កីឡដ្ឋាន​ជាតិ​ជា​ទី​កន្លែង​ប្រកួត។

 

KMH Champions ​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ធ្វើ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ

 

ក្រុម​ Salt FC ​និង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម HPL FC ​ក្នុង​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​ពាន​រង្វាន់​ខាង​លើ​នេះ នា​វេលា​ម៉ោង​៦​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ PNN ។ ចំណែក​ឯ​គូ​ដណ្ដើម​យក​លេខ​៣ ​ក្រុម Posenchey FC ​ប៉ះ​ក្រុម Homsport FC ​វិញ ​ប្រកួត​នៅ​ម៉ោង​៣:៣០​នាទី ប៉ុន្តែ​មិន​មាន​ការ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នោះ​ទេ។ ចំពោះ​ការ​ចូល​រួម​ទស្សនា​វិញ ​គឺ​មិន​មាន​លក់​សំបុត្រ​អ្វី​​ឡើយ​។

 

KMH Champions League ​ទើប​តែ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៦​នេះ​ទេ ដោយ​មាន​ការ​ចូលរួម​រហូត​ដល់​ទៅ​៣២​ក្រុម​ប្រកួត​ប្រជែង​គ្នា។ ដោយ​ប្រាក់​រង្វាន់​វិញ ​ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​៣​ពាន់​ដុល្លារ អម​ដោយ​ពាន​តម្កល់​មួយ ឯ​លេខ​២ ទទួល​បាន ១៥០០​ដុល្លារ និង​លេខ​៣ ទទួល​បាន ៧៥០​ដុល្លារ។

 

លោក កាំង សេន ​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​នេះ ​ធ្លាប់​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ពាន​រង្វាន់​នេះ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​ពី​សំណាក់​សប្បុរសជន​នានា ដោយ​ប្រាក់​ដែល​ទទួល​បាន​ទាំង​អស់ ​ខាង​ក្រុម​ការងារ​របស់​លោក ​នឹង​យក​ទៅ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា៕

 

អត្ថបទ៖ មុន្នី រម្យ