ទ្រហោយំ! ៤​ឆ្នាំ​មុន​ស្លាប់​កូន​ច្បងម្នាក់ ឥឡូវ​នេះប្តី​និង​កូន​២​នាក់​ទៀត​ស្លាប់​កន្លែង​ដដែល

ទ្រហោយំ! ៤​ឆ្នាំ​មុន​ស្លាប់​កូន​ច្បងម្នាក់ ឥឡូវ​នេះប្តី​និង​កូន​២​នាក់​ទៀត​ស្លាប់​កន្លែង​ដដែល



ខេត្តតាកែវ ៖ សម្រែក​ទ្រហោយំ​របស់​សាច់ញាតិ​ក្រុម​គ្រួសារ និង​ការ​ក្តុកក្តួល​ចិត្ត​ដ៏​សែន​សង្វេគ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​ចោមរោម​មើល​ទិដ្ឋភាព​ឪពុក​និង​កូនប្រុស​ស្រី​២​នាក់​ទៀត ដែល​បាន​ស្លាប់​ជា​បន្តបន្ទាប់ នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ដោយសារ​ត្រូវ​ចរន្តអគ្គិសនី​ឆក់ ។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​ចិត្ត​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក នៅ​ភូមិ​ដូន​ពែង សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ។

លោក ឆាយ សា​វុ​ធ អធិការ​នគរបាល​ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ឪពុក​ដែល​ស្លាប់​នេះ​ឈ្មោះ ពេជ្រ សុភាព អាយុ​៣៨​ឆ្នាំ ជា​ជាង​ផ្សារ​ដែក ចំណែក​កូនប្រុស​ស្រី​២​នាក់​ដែល​ស្លាប់​ដែរ កូនស្រី​ឈ្មោះ រ៉េ​ន ស្រី​ពៅ  អាយុ​១៣​ឆ្នាំ និង​កូនប្រុស​ឈ្មោះ រ៉​ន សុ​ផាត់ អាយុ​១០​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ឪពុក​និង​កូន​ដេក​ស្លាប់​ទន្ទឹម​គ្នា ។
ការ​ដែល​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ទាំង​៣​នាក់​ឪពុក​-​កូន​នេះ អត់​មាន​អ្នក​ណា​ដឹង​ថា បាន​កើតឡើង​ក្នុង​ពេល​ណា​ច្បាស់លាស់​ឡើយ ។

អ្នក​ភូមិ​ដូន​ពែង និយាយ​ថា ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ សារី ហៅ យួន អាយុ​៣៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានកូន​៤​នាក់​(​ប្រុស​២​ស្រី​២)​នៅ​ក្នុង​បន្ទុក ។ គ្រួសារ​នេះ កាលពី​៤​ទៅ​៥​ឆ្នាំ​មុន កូនប្រុស​ច្បង​ម្នាក់​បាន​លង់ទឹក​ត្រពាំង​ស្លាប់ នៅ​កន្លែងផ្ទះ​កំពុង​តែ​ធ្វើ​នេះ ។ ​លុះ​ក្រោយមក​ប្តី​ប្រពន្ធ​ខាងលើ បាន​ចាក់​ដី​លុប​ត្រពាំង​នោះ រួច​ធ្វើ​ផ្ទះថ្ម​ដើម្បី​រស់នៅ​និង​សាងសង់​ជិត​រួច​ហើយ ។

អ្នក​ភូមិ​និយាយ​ទៀត​ថា នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា​នោះ ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះ​មហាក្សត្រី​វររាជ​មាតា​ជាតិ កូនប្រុស​ស្រី​ទាំង​២​នាក់​ដែល​មិន​ទៅ​រៀន បាន​នៅផ្ទះ​ជួយ​ផ្សារ​បង្អួច​ជាមួយ​ឪពុក ។

ពេល​នោះ​កូនប្រុស​ជា​អ្នក​យក​ដែក​បង្អួច​មក​កៀប​ជាប់​នឹង​ជើង ឯ​កូនស្រី​បង​ជា​អ្នក​ឆាប​កន្លែង​ដែល​ផ្សារ​រួច ចំណែក​ឪពុក​ជា​អ្នកផ្សារ​ដោយ​មិន​បានដឹង​ថា ​អ្នក​ណា​ស្លាប់​មុន​ឡើយ ។

ប៉ុន្តែ​អ្នក​ជិតខាង​និយាយ​ថា ការ​ផ្សារ​ដែក​នោះ​គេ​បានឮ​តែ​ក្រោយមក​ក៏​ស្ងាត់​លែង​ឮ​សំឡេង​ផ្សារ​ទៀត​ក៏​ឆ្ងល់ រួច​នាំ​គ្នា​២-៣​នាក់​ចូល​ទៅ​មើល​នៅ​ក្នុង​ផ្ទះថ្ម​កំពុង​ធ្វើ​នោះ ស្រាប់តែ​ឃើញ​៣​នាក់​ឪពុក​កូន​ស្លាប់​បាត់​ទៅ​ហើយ ក៏​នាំ​គ្នា​ឆោឡោ​ទើប​មានការ​ភ្ញាក់ផ្អើល​មក​ចោមរោម​មើល ។ នគរបាល​ក្រុង​ដូន​កែវ បាន​ចុះ​ទៅ​ដល់​ពិនិត្យ​សព រួច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

មាន​ព័ត៌មាន​ថា កូនស្រី​ម្នាក់​អាយុ​៤​ឆ្នាំ នៅ​មុន​ពេល​ឪពុក​និង​បង​ៗ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ គឺ​ឪពុក​បាន​ឲ្យ​លុយ​៥០០​រៀល​ទៅ​ទិញ​នំ​ហូប​ទើប​នាង​បាន​គេច​ផុត​ពី​សេចក្ដីស្លាប់ ។ បើសិន​កូនស្រី​ពៅ​នោះ​នៅ​ជាមួយ ពិតជា​ស្លាប់​ទាំងអស់​គ្នា​ជាក់​ជា​មិន​ខាន​ឡើយ ព្រោះ​នាង​តូច​រត់​លេង​នៅ​ក្បែរ​បងស្រី ។

ពេល​នេះ​នៅ​សល់​តែ​ម្តាយ​និង​កូនស្រី​ម្នាក់​ប៉ុណ្ណោះ ហើយ​សព​ទាំង​៣​នាក់​ឪពុក​-​កូន​ត្រូវ បាន​ដាក់​ក្នុង​មឈូស​៣​ទន្ទឹម​គ្នា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា និង​ហែ​ឡើង​លើ​មេរុ ដោយ​សព​ឪពុក​ដាក់​មេរុ​១ សព​កូន​ទាំង​២​ដាក់​មេរុ​១ និង​បូជា​នៅ​វេលា​ម៉ោង​៨​យប់ ៕