អាជ្ញាធរចាប់ខ្លួនអ្នកពាក់អាវខ្មៅជាថ្មីទៀត

អាជ្ញាធរបានចាប់ខ្លួនសកម្មជនពាក់អាវខ្មៅជាថ្មីទៀតនៅព្រឹកថ្ងៃចន្ទនេះ ខណៈពួកគេចំនួន៥នាក់ឈរលើកបដាទាមទារឲ្យដោះលែងអ្នកជាប់ឃុំ។

អាជ្ញាធរចាប់ខ្លួនអ្នកពាក់អាវខ្មៅជាថ្មីទៀត

ការចាប់ឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង១១បន្ទាប់ពីស្ត្រីជាសកម្មជនដីធ្លី៥នាក់តំណាងដោយអ្នកស្រី ច្រាយ នីម បានលើកបដានៅក្នុងសហគមន៍ថ្មគោលក្នុងន័យដូចលើកមុនៗដែរគឺសុំដោះលែង លោក នី ចរិយា និងមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក៤រូបទៀត។

អាជ្ញាធរបានចាប់ខ្លួនសកម្មជន៤នាក់ក្នុងចំណោម៥នាក់ដឹកតាមរថយន្តនាំទៅសង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ។

តាមគម្រោងស្រ្តីសហគមន៍បឹងកក់ក៏នឹងជួបជុំគ្នានៅល្ងាចនេះក្នុងន័យទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំងនោះដែរ។

យុទ្ធនាការនេះបានចាប់ផ្តើមតាំងពីថ្ងៃទី៩ខែឧសភា។ កាលណោះមន្រ្តីអង្គការសង្គមស៊ីវិល សកម្មជនដីធ្លី និង ជនបរទេសសរុប៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពេញមួយថ្ងៃនៅពេលពួកគេពាក់អាវខ្មៅដើរទៅកាន់ពន្ធនាគារព្រៃសទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុកនិងមន្រ្តី គ.ជ.ប លោក នី ចរិយា។ ជាបន្តបន្ទាប់មកទៀតសកម្មជនដីធ្លីដែលចេញមុខតវ៉ាក្នុងរឿងនេះក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួននាំយកទៅឲ្យចុះកិច្ចសន្យាឲ្យបញ្ឈប់ការតវ៉ា៕

ប្រភពៈ VOD