ករណី​វាយ​តំណាង​រាស្ត្រ​៖ ក្រុម​មេធាវី​ការ​ពារក្តី​ ដាក់​ពាក្យ​បណ្តឹង​ទៅ​ឧទ្ធរណ៍​រួច​ហើយ

ក្រុមមេធាវីការពារក្តីឲ្យអ្នកតំណាងរាស្ត្របក្សប្រឆាំង បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍រួចរាល់ហើយ កាលពីថ្ងៃសុក្រ ក្រោយពីសាលាដំបូងបានចេញសាលក្រមកាត់ទោសឲ្យជនល្មើស៣នាក់ជាប់ពន្ធនាគារមួយឆ្នាំ។ ការសម្រេចប្តឹងបន្តទៅសាលាឧទ្ធរណ៍នេះ បានធ្វើឡើងដោយសារតែអ្នកតំណាងរាស្ត្រទាំងពីររូបមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់សាលាដំបូងកាលខែឧសភា។ តាមគំរោងតំណាងរាស្ត្រទាំងពីររូបអាចនឹងប្តឹងទៅតុលាការអាមេរិក និងតុលាការអន្តរជាតិផងដែរ ក្រោយពីតុលាការកម្ពុជាកាត់ទោសរួចរាល់។

ករណី​វាយ​តំណាង​រាស្ត្រ​៖ ក្រុម​មេធាវី​ការ​ពារក្តី​ ដាក់​ពាក្យ​បណ្តឹង​ទៅ​ឧទ្ធរណ៍​រួច​ហើយ

លោក ជួង ជូងី ជាតំណាងក្រុមមេធាវីការពារក្តីឲ្យលោក ញ៉យ ចំរើន និងលោក គង់ សភា បានបញ្ជាក់ថាការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ គឺមិនត្រឹមត្រូវ ដោយសារតែការវាយតំណាងរាស្ត្រគឺជារឿងឧក្រិដ្ឋ ធ្វើឲ្យតំណាងរាស្ត្រពីររូបពិការ។ លោកបន្ថែមការសម្រេចឲ្យជនល្មើស សងជំងឺចិត្ត និងដាក់ទោស១ឆ្នាំគឺមិនសមទៅនឹងអំពើ ដែលជនល្មើសបានប្រព្រឹត្តទេ។
ក្រុមមេធាវីការពារក្តីឲ្យអ្នកតំណាងរាស្ត្រទាំងពីររូបបានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍រួចរាល់ហើយ កាលពីថ្ងៃសុក្រ ទី១៧ មិថុនា។ នេះបើតាមលោកជួង ជូងី។ លោកបន្ថែមថា ក្រុមមេធាវីគ្មានជម្រើសអ្វីផ្សេង ក្រៅពីការដាក់ប្តឹងទៅឧទ្ធរណ៍ទេ ជុំវិញការរកយុត្តិធម៌ឲ្យអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងទាំងពីររូបនេះ។ លោកមេធាវីបានលើកឡើងថា កូនក្តីរបស់លោកទាមទារសំណងម្នាក់១០០លានរៀល និងឲ្យតុលាការដាក់ទោសតាមកម្រិតមួយឲ្យសមទៅនឹងកំហុស។
នៅព្រឹកថ្ងៃទី២៧ ខែឧសភាចៅក្រមតុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោស ជនជាប់ចោទ៣នាក់ពាក់ព័ន្ធនឹងករណីវាយតំណាងរាស្ត្រគណបក្សង្រ្គោះជាតិ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៤ឆ្នាំ។ ក៏ប៉ុន្តែទោសនេះ ត្រូវអនុវត្តរយៈពេល១ឆ្នាំ និងសងជំងឺចិត្តដល់ជនរងគ្រោះម្នាក់ៗ៤០លានរៀល តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

លោក គង់ សភា កាលពីថ្ងៃទី៣០ ខែឧសភា បានថ្លែងក្នុងកម្មវិធីទូរទស្សន៍របស់គណបក្សសង្រ្គោះជាតិថា ការសម្រេចរបស់តុលាការសាលាដំបូង មានភាពអយុត្តិធម៌ សម្រាប់ពួកលោក ហើយពួកលោកមិនគិតពីសំណងទេ តែគិតពីស្ថានទំងន់ទោស ដែលតុលាការបានដាក់លើជនល្មើសទាំង៣រូប។ លោកបន្ថែមថា “តុលាការមិនយកចិត្តទុកដាក់លើទំងន់ទោសនោះទេ ហើយមិនបានស្វែងរកជនសង្ស័យផ្សេងទៀតទេ។ ដូច្នេះលោកមិនអាចទទួលយកបានទេ ចំពោះសាលក្រមរបស់សាលាដំបូង”។

គួររំលឹកជូនថា លោក គង់ សភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងលោក ញ៉យ ចំរើន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ត្រូវបានក្រុមបាតុករវាយឲ្យរងរបួសធ្ងន់ធ្ងរ នៅក្នុងបាតុកម្មទំលាក់លោក កឹម សុខា ពីតំណែងអនុប្រធានទី១នៃរដ្ឋសភា កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥។ កាលណោះ លោក គង់ សភា បានរងរបួសបាក់ឆ្អឹងខ្ទង់ច្រមុះ និងរហែកក្រដាសត្រចៀក ដែលត្រូវតែវះកាត់ជាបន្ទាន់។ ចំណែកឯលោក ញ៉យ ចំរើន បានរងរបួស បាក់ឆ្អឹងកដៃខាងស្ដាំ និងបាក់ឆ្អឹងរង្វង់ភ្នែកខាងស្ដាំ ដែលត្រូវឆ្លងកាត់ការវះកាត់ដូចគ្នា៕

ប្រភពៈ RFI