ឯកអគ្គ​រដ្ឋទូត​បារាំង​និង​លោក កឹម សុខា ពិភាក្សា​បញ្ហា​នយោបាយ​នៅ​កម្ពុជា

លោក ហ្សង់ ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅព្រឹកថ្ងៃចន្ទទី ២០ មិថុនានេះ បានជួបសន្ទនាជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិអំពីស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន នាឯទីស្នាក់ការកណ្ដាលរបស់បក្សសង្កាត់ចាក់អង្រែលើ ក្រុងភ្នំពេញ។

ឯកអគ្គ​រដ្ឋទូត​បារាំង​និង​លោក កឹម សុខា ពិភាក្សា​បញ្ហា​នយោបាយ​នៅ​កម្ពុជា

ខ្លឹមសារលម្អិតនៃជំនួបរវាងលោក ហ្សង់ ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិអំពីស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជាមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។ ទំព័រហ្វេសប៊ុក លោក កឹម សុខា និងលោក យ៉ែម ប៉ុញ្ញារិទ្ធ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបញ្ជាក់ថា ជំនួបនេះផ្ដោតសំខាន់លើស្ថានភាពនយោបាយនៅកម្ពុជា។

អ្វីជាការកត់សម្គាល់លោក កឹម សុខា បានទទួលជួបមន្ត្រីទូតជាច្រើន ស្របពេលដែលស្ថានការណ៍នយោបាយត្រូវបានគេមើលឃើញស្ថិតនៅក្នុងភាពតានតឹង។ នៅថ្ងៃទី ១៧ ខែមិថុនា លោក កឹម សុខា ជួបពិភាក្សាការងារជាមួយលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្តីពី បច្ចុប្បន្នភាពស្ថានភាពនយោបាយកម្ពុជា។

ហើយនៅថ្ងៃទី ១៣ មិថុនា លោក កឹម សុខា ក៏បានជួបពិភាក្សាការងារជាមួយ លោក Gerd Moller រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់។ ជំនួបកាលណោះលោកកឹម សុខា បានរៀបរាប់ប្រាប់លោករដ្ឋមន្ត្រីអាល្លឺម៉ង់ថា ស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងតែធ្លាក់ដុនដាបយ៉ាងធ្ងន់ធ្ងរ ដែលទាមទារឲ្យមានការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិជាពិសេសសហភាពអឺរ៉ុបផ្ទាល់តែម្តង។ ជាមួយគ្នានេះ លោកកឹម សុខា ក៏បានលើកឡើងពីការគាបសង្កត់របស់គណបក្សកាន់អំណាចមកលើគណបក្សប្រឆាំង តំណាងអង្គការសង្គមស៊ីវិល មន្ត្រីគ.ជ.ប និងការរំលោភបំពានអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្តជាដើម។

លោក Gerd Moller បានលើកឡើងថា អាល្លឺម៉ង់ក៏ដូចជាសហភាពអឺរ៉ុប គឺមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ លោកបន្តថា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅក្នុងទីក្រុងភ្នំពេញ នឹងតាមដានស្ថានការនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ លោក Gerd Moller ក៏បានគូសបញ្ជាក់ថា លោកនឹងនាំយកនូវអ្វីដែលលោកបានឃើញ និងទទួលព័ត៌មានពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ទៅជម្រាបជូនប្រទេសទាំង២៨ ដែលសមាជិកនៃសហភាពអឺរ៉ុប។

សូមបញ្ជាក់ថា បន្ថែមពីលើការស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិហើយនោះជំហរមួយទៀតរបស់គណបក្សសង្គ្រោះជាតិនឹងធ្វើការជួបជុំជាមួយអ្នកគាំទ្ររហូតមានដំណោះស្រាយផ្នែកនយោបាយ៕

ប្រភពៈ RFI