ក្រុម​អ្នក​ជំនាញ​ចុះ​ពិនិត្យ​អគារ​ប៊ុលឌិងស

ភ្នំពេញៈ មន្រ្តីជំនាញក្រសួងដែនដី អាជ្ញាធរ និងប្រតិភូមកពីប្រទេសជប៉ុនកាលពីថ្ងៃសុក្របានចុះទៅពិនិត្យមើលទីតាំងអគារប៊ុលឌិងសស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនដើម្បីពិនិត្យមើលជាក់ស្តែងថាតើអគារចាស់ទ្រុឌទ្រោមមួយនេះនឹងត្រូវធ្វើការសាងសង់ឡើងវិញឬយ៉ាងណា?

ក្រុម​អ្នក​ជំនាញ​ចុះ​ពិនិត្យ​អគារ​ប៊ុលឌិងស

លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីបានឲ្យដឹងថាមន្រ្តីមកពីក្រសួងដែនដីគណៈប្រតិភូជប៉ុន និងអាជ្ញាធរបានចុះទៅពិនិត្យស្ថានភាពអគារប៊ូលឌីងសជាក់ស្តែងដើម្បីយកមកសិក្សាថាតើត្រូវធ្វើយ៉ាងណាពីព្រោះមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

លោកថ្លែងថា៖ «ការចុះពិនិត្យគឺដើម្បីយកគំនិតមកសិក្សាព្រោះយើងបារម្ភពីសុវត្ថិភាពដោយសារអគារចាស់ទ្រុឌទ្រោម និងគិតគូរពីសោភណភាព និងបរិស្ថានផងដែរ»។

បើតាមការបង្ហោះក្នុង Facebook របស់ក្រសួងដែនដីកាលពីថ្ងៃទី ១៧ ខែមិថុនាប្រតិភូនៃក្រសួងដែនដីគមនាគមន៍ និងទេសចរណ៍ជប៉ុន និងប្រតិភូក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់កម្ពុជាព្រមទាំងប្រតិភូសាលារាជធានីភ្នំពេញបានចុះពិនិត្យមើលទីតាំងអគារប៊ុលឌិងដើម្បីពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសាងសង់អគារឡើងវិញ។

លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ថ្លែងថាលោកមិនដឹងពីគោលបំណងរបស់ក្រុមគណៈប្រតិភូទាំងនេះទេ។ លោកថា៖ «ខ្ញុំអត់ដឹងច្បាស់ពីគោលបំណងក្នុងការចុះពិនិត្យអគារទេទាល់តែខាងជំនាញក្រសួងដែនដី និងសាលារាជធានីភ្នំពេញ»។

ជាមួយគ្នានេះដែរកាលពីថ្ងៃទី ១៧ ខែមិថុនាលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អនុញ្ញាតឲ្យគណៈប្រតិភូនៃក្រសួងដែនដី គមនាគមន៍ និងទេសចរណ៍របស់ប្រទេសជប៉ុនដឹកនាំដោយលោក HidekI MIYAUCHI អនុរដ្ឋមន្ត្រីទី ២ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនោះលោក ជា សុផារ៉ា បានស្នើឲ្យមានការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងទាំង ២ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការចែករំលែកលើការងាររៀបចំដែនដី នគរូបនីយកម្ម និងការចុះបញ្ជីដីធ្លីក្នុងព្រះរាជាណាចក្រកម្ពុជាពិសេសលើការអនុវត្តឲ្យបានជោគជ័យនូវគម្រោងអភិវឌ្ឍន៍លំនៅឋានសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប និងការពិនិត្យលទ្ធភាពអភិវឌ្ឍន៍នៅនឹងកន្លែងចំពោះអគារស (ប៊ុលឌិងស)។

លោកស្រី ហួន សារ៉ាត់ ប្រធានភូមិ ១ អគារប៊ុលឌិងសបានឲ្យដឹងថាអ្នកភូមិហាក់បីដូចជាងឿងឆ្ងល់ពីការចុះមកត្រួតពិនិត្យអគាររបស់ក្រុមអ្នកជំនាញទាំងនេះខណៈដែលពួកគេមិនទទួលបានព័ត៌មានលម្អិតពីការចុះត្រួតពិនិត្យនោះ។

លោកស្រីថា៖ «អត់ដឹងពីគោលបំណងច្បាស់ពីការចុះមករបស់ជប៉ុនទើបធ្វើឲ្យគេគិតថាខាងជប៉ុនបែបចង់មកទិញអគារប៊ុលឌិងស ឬមកអភិវឌ្ឍន៍តែជំហរអ្នកភូមិយើងគឺនៅតែមិនចង់ចាកចេញដដែលបើមិនទាន់មានការផ្តល់សំណងសមស្រប»។

អ្នកភូមិម្នាក់ឈ្មោះ ម៉ែន រិទ្ធនី អាយុ ៣៦ ឆ្នាំបាននិយាយថាអ្នកភូមិទាំងអស់មិនដឹងពីគោលបំណងចុះត្រួតពិនិត្យអគាររបស់ខាងជំនាញក្រសួង និងគណៈប្រតិភូជប៉ុននោះទេ។

អ្នកភូមិរូបនោះនិយាយថា៖ «គេចុះមកអត់ប្រាប់យើងផងមិនដឹងគេចង់អភិវឌ្ឍន៍នៅនឹងកន្លែងឬក៏យ៉ាងណាទេ។ តែបើនិយាយពីការបារម្ភពីសុវត្ថិភាពក្នុងការរស់នៅទីនេះអ្នកភូមិណាក៏បារម្ភដែរតែមិនដឹងធ្វើម៉េចកន្លែងធ្លាប់រស់នៅក្នុងក្រុងជិត ៣០ ឆ្នាំហើយមិនចង់ទៅណាឆ្ងាយទេ»។

កាលពីដើមឆ្នាំ ២០១៥ ក្រុមអ្នកភូមិរស់នៅអគារប៊ុលឌិងសបានភ្ញាក់ផ្អើល និងរត់ចេញក្រៅដោយព្រួយបារម្ភពីសុវត្ថិភាពក្រោយពីមានស្នាមប្រេះនៅអគារប៉ែកខាងត្បូងខណៈមានដំណើរការបុកគ្រឹះសាងសង់អគារថ្មីមួយទៀតនៅក្បែរនោះ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍