សង្គ្រោះជាតិ​បួងសួង​ឲ្យ​ដួង​វិញ្ញាណ​អតីត​ព្រះមហាក្សត្រ​ ដឹកនាំ​មេដឹកនាំ​បច្ចុប្បន្ន​ឲ្យ​ចូល​តុចរចា ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ

សៀមរាប/ភ្នំពេញៈ សមាជិករដ្ឋសភាគណបក្សប្រឆាំងអ្នកគាំទ្រ និងព្រះសង្ឃរាប់រយអង្គនាក់បានរៀបចំប្រារព្ធពិធីសាសនាមួយនៅខេត្តសៀមរាបកាលពីម្សិលមិញ ដើម្បីបួងសួងឲ្យព្រះរាជដួងវិញ្ញាណអតីតព្រះមហាក្សត្រកាលពីសម័យមុនៗជាពិសេសសម័យអង្គរជួយបំភ្លឺផ្លូវដឹកនាំមេដឹកនាំបច្ចុប្បន្នឲ្យងាកទៅរកការចរចាដើម្បីផ្សះផ្សាជាតិ និងត្រូវគោរពច្បាប់ខណៈដែលមេដឹកនាំគណបក្សនេះនៅក្នុងទីក្រុងភ្នំពេញបានអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋឲ្យតស៊ូ និងចូលរួមជាមួយគណបក្សសង្គ្រោះជាតិដើម្បីឲ្យមានការផ្លាស់ប្តូរដោយអហិង្សា។

សង្គ្រោះជាតិ​បួងសួង​ឲ្យ​ដួង​វិញ្ញាណ​អតីត​ព្រះមហាក្សត្រ​ ដឹកនាំ​មេដឹកនាំ​បច្ចុប្បន្ន​ឲ្យ​ចូល​តុចរចា ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុខប្រាសាទអង្គរវត្តកាលពីម្សិលមិញលោក ប៉ុល ហំម តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានឱ្យដឹងថាការប្រារព្ធពិធីនេះគឺ ដើម្បីបួងសួងឲ្យព្រះរាជដួងវិញ្ញាណរបស់អតីតព្រះមហាក្សត្រខ្មែរដែលបានដឹកនាំប្រទេសរីកចម្រើនឲ្យជួយមេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងយល់អំពីវិធីសាស្រ្តល្អក្នុងការដោះស្រាយបញ្ហាជាតិ។

លោកបានលើកឡើងថា៖ «មានការធ្វើបាបការចាប់ខ្លួនអ្នកតំណាងរាស្ត្រដោយគ្មានដកអភ័យឯកសិទិ្ធសមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់យើងដែលយើងបានមើលឃើញថាវាផ្ទុយនឹងរដ្ឋធម្មនុញ្ញហើយយើងបានមើលឃើញថាអ្វីគ្រប់យ៉ាងគឺការល្មើសជាក់ស្តែងដែលពិតជាធ្វើឱ្យប្រជាពលរដ្ឋដែលគាំទ្រ [គណបក្សសង្គ្រោះជាតិ] មិនសប្បាយចិត្ត»។

លោក ហំម បានបន្តថា៖ «ខ្ញុំគិតថាប្រសិនបើយើងរៀបចំពិធីនេះព្រះរាជដួងវិញ្ញាណរបស់អតីតព្រះមហាក្សត្រខ្មែរនឹងយាងសណ្ឋិតក្នុងចិត្តមេដឹកនាំគណបក្សទាំងពីរដែលនឹងធ្វើឱ្យប្រជាពលរដ្ឋល្អប្រសើរជាងមុន។ ខ្ញុំសង្ឃឹមថារវាងខ្មែរ និងខ្មែរយើងធ្លាប់មានជម្លោះច្រើនរហូតដល់សង្គ្រាមយើងអាចដោះស្រាយបាន។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួបរួមគ្នាដើម្បីពិនិត្យមើលថាតើអ្វីជាបញ្ហាដែលធ្វើឱ្យមានកម្ដៅនយោបាយ។ នៅពេលយើងឃើញបញ្ហាយើងរកថ្នាំ [មកព្យាបាល] ហើយយើងធ្វើការរួមគ្នាដើម្បីត្រួសត្រាយផ្លូវឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុតិ្តធម៌»។

សមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានប្រាប់យុវជនរាប់រយនាក់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញថាតំណាងរាស្រ្ត ៦៨ រូបនៃគណបក្សប្រជាជនបានសម្រេចដោយបំពានលើរដ្ឋធម្មនុញ្ញដើម្បីត្រួសត្រាយផ្លូវឲ្យតុលាការចាត់វិធានការចាប់ និងឃុំខ្លួនលោក អ៊ុំ សំអាន ដោយគ្មានការដកអភ័យឯកសិទិ្ធសភាហើយតំណាងរាស្រ្តទាំងនោះបានសម្រេចដោយរំលោភលើរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឱ្យតុលាការចាត់វិធានការលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលជាតំណាងរាស្រ្តដោយគ្មានការដកអភ័យឯកសិទិ្ធ។

លោកបានលើកឡើងថា៖ «ចំណុចទាំងអស់នេះជារឿងនយោបាយ។ វិធីដោះស្រាយគឺល្អបំផុតគ្មានអ្វីក្រៅពីពិភាក្សាគ្នាទេ។ សហគមន៍អន្ដរជាតិចង់ឱ្យ [គណបក្សសង្គ្រោះជាតិ] និង [គណបក្សប្រជាជន] ពិភាក្សាហើយប្រជាពលរដ្ឋក៏ចង់បានដូចនេះដែរ។ ប្រសិនបើភាគីទាំងពីរនៅតែប្រឈមតទល់គ្នាអ្នកចាញ់គឺប្រជាពលរដ្ឋខ្មែរ»។

លោក ឆៃអ៊ាង ក៏បានជំរុញយុវជនឲ្យចូលរួមនឹងគណបក្សសង្គ្រោះជាតិដើម្បីផ្លាស់ប្តូររដ្ឋាភិបាលបច្ចុប្បន្នតាមរយៈការបោះឆ្នោតនាពេលខាងមុខនេះបន្ទាប់ពីតុលាការបានសម្រេចដាក់ទោសជនល្មើស ៣ នាក់ដែលបានវាយដំមកលើសមាជិករដ្ឋសភាឲ្យជាប់ពន្ធនាគារត្រឹម ១ ឆ្នាំ ហើយដាក់ពន្ធនាគារលើលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំដោយសារតែគាត់គ្រាន់តែនិយាយបាន ៥ នាទីទៅកាន់ប្រជាពលរដ្ឋដែលបានប្រមូលផ្តុំធ្វើបាតុកម្ម។

លោកបានសួរសំណួរថា៖ «តើ [យើង] អាចទទួលយកបានទេ? តើយើងធ្វើដូចម្តេច? [យើង] ត្រូវតែរួបរួមគ្នាជាមួយ [គណបក្សសង្គ្រោះជាតិ] ដើម្បីផ្លាស់ប្តូរឲ្យបានជាដាច់ខាត»។

ទាក់ទងនឹងការបោះឆ្នោតលោក ឆៃអ៊ាង បានលើកឡើងថាប្រសិនបើតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិត្រូវបានចាប់ និងឃុំខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ីនិងលោក កឹម សុខា ត្រូវបានគេចាត់វិធានការតាមផ្លូវតុលាការនោះការបោះឆ្នោតនាពេលខាងមុខនឹងមិនត្រឹមត្រូវ សេរី និងយុត្តិធម៌ឡើយហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជាមួយគណបក្សសង្គ្រោះជាតិដើម្បីជួយឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុតិ្តធម៌ហើយជួយឱ្យស្ថានភាពនយោបាយវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។

ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានការពារនីតិវិធីរបស់តុលាការមកលើសមាជិកគណបក្សសង្គ្រោះជាតិដោយលោកបានលើកឡើងថាប្រសិនបើតំណាងរាស្ត្រ ឬសមាជិកគណបក្សសង្គ្រោះជាតិមិនបានប្រព្រឹត្តខុសច្បាប់ពួកគេមិនត្រូវបានចាប់ និងឃុំខ្លួនឡើយហើយពិធីសាសនានៅខេត្តសៀមរាបដែលគណបក្សសង្គ្រោះជាតិរៀបចំធ្វើឡើងគឺជាសិទិ្ធសេរីភាពរបស់ពួកគេក្នុងជំនឿសាសនារបស់ខ្លួន។

លោកបានលើកឡើងថា៖ «[តុលាការ] ចាប់ខ្លួន [បុគ្គល] ដែលបានប្រព្រឹត្តផ្ទុយច្បាប់។ អភ័យឯកសិទ្ធិពឹងផ្អែកលើអភ័យឯកសិទិ្ធទៅប្រព្រឹត្តខុសច្បាប់អភ័យឯកសិទិ្ធមិនអាចការពារបានឡើយ»។

ឆ្លើយតបនឹងសំណើររបស់គណបក្សសង្គ្រោះជាតិដែលស្នើសុំឲ្យមានការចរចាលោក សុខ ឥសាន បានថ្លែងថាបច្ចុប្បន្នគណបក្សប្រជាជនមិនអាចជួបចរចាជាមួយគណបក្សសង្គ្រោះជាតិទេដោយសារតែនីតិវិធីតុលាការកំពុងដំណើរការហើយថាគណបក្សប្រជាជននឹងពិចារណាឡើងវិញលើវប្បធម៌សន្ទនាបន្ទាប់ពីតុលាការបញ្ចប់នីតិវិធី។

ប៉ុន្តែអ្នកវិភាគនយោបាយឯករាជ្យ និងអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការជាតិអន្តរជាតិជាច្រើនទៀតបានចាត់ទុកនីតិវិធីតុលាការនាបច្ចុប្បន្នមកលើតំណាងរាស្រ្ត និងសមាជិកគណបក្សសង្គ្រោះជាតិព្រមទាំងអង្គការសង្គមស៊ីវិលដែលធ្វើការលើការលើកស្ទួយសិទ្ធិមនុស្សថាជារឿងនយោបាយហើយពួកគេបានជំរុញឱ្យគណបក្សទាំងពីរវិលចូលតុចរចាវិញដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍