កីឡា​ស្រុក​ពាមជរ​នៅ​ព្រៃវែង​​ដង្ហោយ​ហៅ​រក​សប្បុរស​ជន​ឲ្យ​ជួយ

កីឡា​ស្រុក​ពាមជរ​នៅ​ព្រៃវែង​​ដង្ហោយ​ហៅ​រក​សប្បុរស​ជន​ឲ្យ​ជួយ

 

ពាម​ជរ​ជា​ស្រុក​កម្សត់​ជាង​គេ​ផ្នែក​វិស័យ​កីឡា​ និង​ផ្លូវ​ធ្វើ​ដំណើរ​ក្នុង​ចំណោម​១៣​ស្រុក​ក្រុង​នៃ​ខេត្ត​ព្រៃ​វែង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ហ៊ុន ចាន់ដែន​ មន្ត្រី​សាលា​ស្រុកពាមជរ។

 

ក្រោយ​ពី​ទទួល​ដំណឹង​ពី​ការ​ប្រកួត​កីឡា​របស់​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (សសយក)​ ឆ្នាំ​២០១៦​ប្រចាំ​ខេត្ត​ព្រៃវែង​ និង​ដោយ​មាន​សំណូម​​ពរ​ពី​លោក​ ស សុខា​ ប្រធាន​សសយក​ខេត្ត​ព្រៃ​វែង​ ដែល​តម្រូវ​ឲ្យ​ស្រុក​១​ត្រូវ​មាន​ក្រុម​បាល់ទាត់​១​ទៅ​ចូល​រួម​ប្រកួត​ ទើប​លោក​បាន​រៀប​ចំ​បង្កើត​ជា​ក្រុម​បាល់ទាត់​១​ឡើង​ទាំង​ត្រដាបត្រដួស។

 

លោក ហ៊ុន ចាន់ដែន​​បាន​សង្កត់​ធ្ងន់​ថា​ ពី​មុន​មក​ស្រុក​ពាមជរ​ មិន​ដែល​មាន​ក្រុម​បាល់​ទាត់​ទៅ​ចូល​រួម​ប្រកួត​នោះ​ទេ​ សូម្បី​តែ​ក្រុម​កីឡា​សិស្ស​ គឺ​មាន​តែ​បាល់ទះ​ប៉ុណ្ណោះ​ ដោយ​សារ​ស្រុក​មាន​ភាព​ខ្វះខាត​ច្រើន​  ព្រោះ​មាន​គ្រូ​កីឡា​តែ​ម្នាក់​ប៉ុណ្ណោះ​ ហើយ​ថែម​ទាំង​គ្មាន​ទីលាន​សម្រាប់​ហ្វឹក​ហាត់​ គ្មាន​ឯក​សណ្ឋាន​ក្រុម​ ស្រោម​ជើង​ ស្បែក​ជើង​ និង​មិន​មាន​អ្នក​ជួយ​ឧបត្ថម្ភ​ បើ​ទោះ​បី​ជា​ស្រុក​នេះ​មាន​អ្នក​ចូល​ចិត្ត​លេង​កីឡា​ច្រើន។

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វិទ្យាល័យ​​មាន​​ដល់​៣ ប៉ុន្តែ​សាលា​ទាំង​នោះ​ក៏​មិន​ទាន់​មាន​ទីលាន​បាល់ទាត់​នៅ​ឡើយ​ទេ​ ដូច្នោះ​ហើយ​ ទើប​លោក​សម្រេច​ចិត្ត​ស្នើ​សុំ​ទី​ធ្លារ​ទំនេរ​ខាង​ជើង​សាលា​ស្រុក​ធ្វើ​ជា​កន្លែង​ហ្វឹក​ហាត់​លេង​ជា​រៀង​រាល់​ថ្ងៃ។

 

លោក​បន្ត​ថា​ ទីធ្លា​មុខ​សាលា​ស្រុក​នោះ​មាន​បណ្តោយ​៧០​ម៉ែត្រ​ និង​ទទឹង​៤០​ម៉ែត្រ​  មិន​អំណោយ​ផល​នោះ​ទេ​ដោយ​សារ​មាន​ជង្ហុក​ ក្រឡុក​​ច្រើន​ មាន​របង​បន្លារ​លួស​ព័ទ្ធ​ធ្វើ​ឲ្យ​ធ្លាយ​បាល់​ ហើយ​ក៏​មិន​ទាន់​មាន​បង្គោល​ទី​សង​ខាង​ផង​ដែរ។​

 

កីឡា​ស្រុក​ពាមជរ​នៅ​ព្រៃវែង​​ដង្ហោយ​ហៅ​រក​សប្បុរស​ជន​ឲ្យ​ជួយ

 

យ៉ាង​នេះ​ក្តី​លោក​ ក៏​លោក​នៅ​តែ​ព្យាយាម​រក​ដំណោះ​ស្រាយ​ ដើម្បី​ឲ្យ​ទីលាន​បាល់ទាត់​មួយ​លេច​ជា​រូប​រាង​បណ្តោះ​អាសន្ន​សិន​ ដោយ​បាន​យក​ដើម​ប្រេង​ខ្យល់​ធ្វើ​ជា​បង្គោល​ទី​ ហើយ​នឹង​ស្វះ​ស្វែង​រក​ថវិកា​ដើម្បី​ទិញ​ដី​ ២៥​ ទៅ​ ៣០​ឡាន​ យក​ទៅ​ចាក់​បំពេញ​ និង​ឈូស​ឆាយ​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​មុន។ ជំហាន​បន្ទាប់​លោក​នឹង​ទិញ​ស្បៃ​ពណ៌​ខៀវ​មក​រុំ​ព័ទ្ធ​ទីលាន​ការពារ​បាល់​ធ្លុះ​ធ្លាយ​ និង​ទិញ​សំណាញ់​ទៅ​ចង​ភ្ជាប់​បង្គោល​ទី​ផង​ដែរ។

 

លោក​បាន​បង្ហើប​ថា​ នឹង​រៀប​ចំ​ជា​ទីលាន​បាល់ទាត់​ថ្មី​មួយ​ក្នុង​បរិវេណ​វិទ្យាល័យ​រស្មី​សាមគ្គី​ទី​រួម​ស្រុក​ពាមជរ​មាន​បណ្តោយ​ប្រហែល​ ១០០​ ម៉ែត្​រ និង​ទទឹង​ ៥០​ម៉ែត្រ​ ដែល​ជា​​អំណោយ​​របស់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ស​ ខេង។ ក្នុង​នាម​លោក​ជា​អ្នក​ស្រឡាញ់​កីឡា​មួយ​រូប​ សូម​អំពាវ​នាវ​ទៅ​ដល់​ក្រុម​ហ៊ុន​ និង​សប្បុរស​ជន​នានា​សូម​ជួយ​ឧបត្ថម្ភ​ជា​ឯក​សណ្ឋាន​ក្រុម​ ស្រោម​ជើង​ និង​ស្បែក​ជើង​ដល់​វិស័យ​កីឡា​ស្រុក​មួយ​នេះ៕

 

កីឡា​ស្រុក​ពាមជរ​នៅ​ព្រៃវែង​​ដង្ហោយ​ហៅ​រក​សប្បុរស​ជន​ឲ្យ​ជួយ

 

កីឡា​ស្រុក​ពាមជរ​នៅ​ព្រៃវែង​​ដង្ហោយ​ហៅ​រក​សប្បុរស​ជន​ឲ្យ​ជួយ

 

កីឡា​ស្រុក​ពាមជរ​នៅ​ព្រៃវែង​​ដង្ហោយ​ហៅ​រក​សប្បុរស​ជន​ឲ្យ​ជួយ

 

អត្ថបទ៖ សោម សារិទ្ធ​