សហគមន៍​នេសាទ​មាន​គម្រោង​ពង្រីក​ផ្ទៃ​ព្រៃ​លិច​ទឹក​ ដើម្បី​អភិរក្ស​ត្រី​មេ​ពូជ​

សហគមន៍​នេសាទ​មាន​គម្រោង​ពង្រីក​ផ្ទៃ​ព្រៃ​លិច​ទឹក​ ដើម្បី​អភិរក្ស​ត្រី​មេ​ពូជ​



បាត់ដំបង ៖ សហគមន៍​នេសាទ​ឈ្មោះថា ស្តី​ក្រោម​រហាល​សួង ​ស្ថិត​ក្នុង​ឃុំ​ព្រែក​លួង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​គម្រោង និង​ពង្រីក​ផ្ទៃ​ព្រៃ​លិច ទឹក​ចំនួន​ជាង​៥០​ហិកតា​បន្ថែម​ទៀត​ ដែល​ស្ថិតនៅ​ជាប់​នឹង​ដែន​អភិរក្ស​ត្រី​មេ​ពូជ។

លោក ហោ សំអាត ប្រធាន​សហគមន៍​នេសាទ​ស្តី​ក្រោម​រហាល​សួង បាន​ប្រាប់​អោយ​កម្ពុ​ជាថ្មី​តាម​រយៈ​ទូរស័ព្ទ​ថា នៅ​ក្នុង​ដែន​អភិរក្ស​ត្រី​មេ​ពូជ​មាន​ជាង​៣​ហិកតា ​បើ​វាស់​នៅ​ក្នុង​រដូវវស្សា តែបើ​គិត​ក្នុង​រដូវប្រាំង​វិញ​មានតែ​១​ហិកតា ប៉ុណ្ណោះ អាស្រ័យ​ដោយសារ​គោក​រីក​រាក់ ។ លោក​សំអាត​បន្តថា ដើម្បី​អភិរក្ស​ព្រៃ​លិច​ទឹក​សហគមន៍​បាន​គិត​រួចស្រេច​ហើយ​ថា និង​ស្តា​ពង្រីក​ផ្ទៃដី​ព្រៃលិច​ទឹក ដែល​ជាប់​នឹង​ដែន​អភិរក្ស​ត្រី​មេ​ពូជ​ក្នុង​ន័យ​ថែរក្សា​មេ​ពូជ​ត្រី​ផង។ គម្រោង​នេះ​បាន​ឯកភាព​គ្នា​ពីក្រោម​ទៅ​ហើយ​នៅតែ​ដាក់​គម្រោង​សុំ​គោលការណ៍​សម្រេច​ពី​ថ្នាក់លើ​ប៉ុណ្ណោះ ។

លោក​បន្ត​ថា គម្រោង​ពង្រីក​ព្រៃ​លិច​ទឹក​នេះ​ជា​ព្រៃ​ដែល​សំបូរ​ទៅ​ដោយ​ដើម​រាំង ដើម​ប​ប៊ួ​យ ដើម​អញ្ចាញ ដើម​តា​អ៊ួ​រ ភ្នំភ្នែង ដែល​មាន​សារប្រយោជន៍​ច្រើន​ដល់​ជម្រក​ត្រី ជម្រក​សត្វ​ស្លាប និង​ការ​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ។ បន្ថែម​ពី​នេះ​ទៀត​សហគមន៍ និង​មានការ​ដាក់​ដាំ​ប្រភេទ​ដើមឈើ​រំដេញ ត្រ​សេក ដើម​រាំង​ប្រមាណ​១០០០​ដើម​ទៀត​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ស្រុក និង​ធ្វើ​ព្រួល​ការងារ​តំបន់​អភិរក្ស​មេ​ពូជ​ត្រី (​ក្នុង​រូបភាព​) ។ តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក​នេះ​លោក​សំអាត​ថា អនាគត​ទៅ​អាច​នឹង​ក្លាយទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​ដ៏​ស្រស់បំព្រង ដែល​ទាក់ទាញ​ភ្ញៀវ​បរទេស​ចូល​មក​ទស្សនា​ព្រៃ​លិច​ទឹក​ និង​សត្វ​ស្លាប​គ្រប់​ប្រភេទ ​រួម​នឹង​សត្វ​ស្វា និង​ក៏​មាន​ប្រយោជន៍​ទៅដល់​និស្សិត​យើង ដែល​មាន​បំណង​ចង់​សិក្សា​ស្រាវជ្រាវ​ពី​តំបន់​ព្រៃ​លិច​ទឹក​នេះ​ផង​ដេរ៕
សហគមន៍​នេសាទ​មាន​គម្រោង​ពង្រីក​ផ្ទៃ​ព្រៃ​លិច​ទឹក​ ដើម្បី​អភិរក្ស​ត្រី​មេ​ពូជ​