សាកលវិទ្យាល័យ​មកពី​ក្នុង​តំបន់​អាស៊ាន ​និង​អឺរ៉ុប​ចូលរួម​សន្និសីទ​វិទ្យាសាស្ត្រ​ នៅ​កម្ពុជា​

សាកលវិទ្យាល័យ​មកពី​ក្នុង​តំបន់​អាស៊ាន ​និង​អឺរ៉ុប​ចូលរួម​សន្និសីទ​វិទ្យាសាស្ត្រ​ នៅ​កម្ពុជា​



ភ្នំពេញ ៖ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ បាន​រៀបចំ​សន្និសីទ​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

សន្និសីទ​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នេះ​ក៏​មាន​មានការ​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ពី​អស់លោក​លោកស្រី​ជា​ប្រធាន និង​ជា​តំណាង​ឲ្យ​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ នៅ​ក្នុង​តំបន់​ប្រទេស​ជា​សមាជិក​អាស៊ាន និង​នៅ​តំបន់ អឺរ៉ុប ​ដែល​ជា​ដៃគូ​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ផង​ដែរ។

នៅ​ក្នុង​សន្និសីទ​នោះ តំណាង​វាគ្មិន​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​និង តំណាង​សាកលវិទ្យាល័យ​នៅ​ប្រទេស​បារាំង ក៏បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​ទៅ​នឹង​សាកលវិទ្យាល័យ​វិទ្យា សាស្ត្រ​សុខាភិបាល​កម្ពុជា​។ តំណាង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​ឲ្យ​ដឹងថា​តាម​ប្រវត្តិ​សាកលវិទ្យាល័យ​បាន​ពឹង​ផ្អែកលើ​ការ គាំទ្រ​ដែល​មិន​ចេះ​រីងស្ងួត​ដែល​ក្នុង​នោះ​ក៏មាន​ប្រទេស​បារាំង​ផង​ដែរ។ ចាប់​តាំងពី​ពេល​កសាង ឡើងវិញ ប្រទេស​បារាំង​បាន​សហការ​ជាមួយ​ដៃគូ​ដទៃទៀត ក្នុង​ការ​បណ្ដុះបណ្ដាល​គ្រូ ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​អភិវឌ្ឍ​ការស្រាវជ្រាវ​។​ចាប់​តាំងពី​ឆ្នាំ​២០០០​មក​ការ​គាំទ្រ​របស់​ប្រ​ទស​បារាំង​ដល់​សកល វិទ្យាល័យ ធ្វើឡើង​ក្រោម​រូបភាព​ជា​គម្រោង​បី​ក្នុង​ក្រប​ខណ្ឌ​ នៃ​មូលនិធិ​សាមគ្គីភាព អាទិភាព ដែល​បាន​ផ្តល់ អាហារូបករណ៍​ទៅ​បរទេស​ជាច្រើន ត្រូវ​បាន​ផ្តល់​ដល់​និស្សិត​ និង​គ្រូ​បណ្ដុះបណ្ដាល ​ហើយ​ប្រទេស​បារាំង​ក៏បាន ផ្តល់​ផង​ដែរ​នូវ​ជំនួយ​បច្ចេកទេស ដែល​គុណភាព​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ដៃគូ​កម្ពុជា​។

តំណាង​ដដែល​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ការ​គាំទ្រ​នេះ​បាន ជួយ​ឲ្យ​មាន​ស្វ័យភាព​សាកលវិទ្យាល័យ​រួម​ទាំង​ការ​បណ្តុះបណ្តាល​ជំនាញ​របស់​គ្រូពេទ្យ​នៅ​ប្រទេស​បារាំង​បាន ជាច្រើន​នាក់​ថែម​ទៀត​ផង​។ ប្រទេស​បារាំង មាន​សោមនស្ស​រីករាយ​នូវ​កម្មវិធី​ថ្មីៗ​របស់​សាកល វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​តាម​កម្មវិធី សិក្សា​អន្តរជាតិ​មាន​ដូចជា បន្ទប់ពិសោធន៍​ត្រាប់ និង​បន្ទប់​ប្រឡង ដោយ​ប្រព័ន្ធ​កុំព្យូទ័រ។ តំណាង​បាន​បន្ថែម​ថា​ សមិទ្ធផល​ទាំងនោះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ការឆ្នៃប្រឌិត​ថ្មី​នៃ​ការបង្ហាត់បង្រៀន ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ និង​ការ​បើក​ទូលាយ​របស់​សាកលវិទ្យាល័យ ទៅ​កាន់​អន្តរជាតិ​ក្នុង​ការ​បណ្ដុះបណ្ដាល និស្សិត​ក៏ដូចជា​បង្ហាត់បង្រៀន ហើយ​គោលដៅ​ចុងក្រោយ គឺ​ការ​ផ្តល់​ការ​ព្យាបាល​ប្រកបដោយ​គុណភាព​ខ្ពស់ ដល់​ប្រជាពលរដ្ឋ​កម្ពុជា នោះ​ហើយ​គឺជា​ទិសដៅ​របស់​សាកលវិទ្យាល័យ ដែល​កំពុង​ដើរ​លើ​ផ្លូវ ​ត្រូវ​បាន​យ៉ាង ច្បាស់លាស់​នោះ៕