រក​ឃើញ​ម្ចាស់​ជ័យ​លាភី​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​២០១៦

រក​ឃើញ​ម្ចាស់​ជ័យ​លាភី​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​២០១៦



ភ្នំពេញ ៖ រក​ឃើញ​ម្ចាស់​ជ័យ​លាភី​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​កម្ពុជា​២០១៦ បន្ទាប់​ពី​ការចូលរួម​ប្រកួតប្រជែង​រយៈពេល​ជាច្រើន​ខែ​កន្លងមក​។ ពិធី​ប្រគល់​រង្វាន់​ដែល​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ក្រោម​អធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កាលពី​រាត្រី​ថ្ងៃ​សុក្រ​ ខែមិថុនា ​ឆ្នាំ​២០១៦ ពានរង្វាន់​Cambodia ICT Awards សម្រាប់​ជ័យលាភី​លេខ​១ មេដាយមាស​បាន​ទៅ​BookMeBus, Camtasia Technology, ជ័យលាភី​លេខ​២ មេដាយប្រាក់​បាន​ទៅ​SmartPay, Smart Axiata, ជ័យលាភី​លេខ​៣​មេដាយសំរិទ្ធ​បាន​ទៅ​TosFund – Cambodia’s First crowd-funding platform,Action IEC​។

ពានរង្វាន់​Cambodia ICT Awards គឺជា​ការផ្តួចផ្តើម​គំនិត​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។​គឺជា​ការប្រកួតប្រជែង​ថ្នាក់​ជាតិ​មួយ​ដែល​ផ្តោត​សំខាន់​លើ​ក្រុមហ៊ុន ICT ដែល​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។​ពានរង្វាន់​មួយ​ដ៏​មាន​កិត្យានុភាព​នេះ​ត្រូវបាន​ប្រគល់ជូន​ដល់​ស្នាដៃ ICT ដែល​ល្អ​បំផុត​ក្នុងចំណោម​សហគ្រិន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​ជា​គំរូ​មួយ​ក្នុង​ការ​ទទួលបាន​ជោគជ័យ​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​វានុវត្តន៍ និង​ការ​ច្នៃប្រឌិត ហើយ​ថែមទាំង​ជា​ឱកាស​ក្នុង​ការ​ផ្តល់​ថវិកា​សម្រាប់​ការ​ចាប់ផ្ដើម​និង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​វិស័យ ICT​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​៖ពានរង្វាន់​នេះ​វា​នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន ICT កម្ពុជា​ឈាន​ទៅរក​កម្រិត​បន្ទាប់​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​តំបន់ និង​ការប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ​ដូចជា​ការប្រកួត​ពាន​រង្វាន់​វិស័យ ICT​ថ្នាក់​អាស៊ាន​ដោយ សង្ឃឹមថា​យ៉ាង​មុតមាំ​ថា ពានរង្វាន់​នេះ​នឹង​ជួយ​ឲ្យ​មានការ​លើកកម្ពស់​នវានុវត្តន៍​នៅ​ក្នុង​ឧស្សាហកម្ម ICT​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​បន្ទាត់​ជាមួយ​ផែនការមេ​វិស័យ ICT ឆ្នាំ​២០២០ របស់​កម្ពុជា​និង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ ICT ឆ្នាំ​២០២០២ ដែល​បាន​ប្រកាស​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។​ល​។

នេះ​ជា​ពានរង្វាន់ ICT លើក​ទី​ពីរ​នៅ​ប្រទេស​កម្ពុជា​មាន​បេក្ខជន​ចំនួន​៣២ ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​វិញ្ញាសារ​៦ ប្រភេទ​ខុសគ្នា​មានដូចជា​១- វិស័យ​សាធារណៈ​,- ២ វិស័យ​ឯកជន​, ៣- ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​, ៤- មាតិកា​ឌីជីថល​, ៥- បង្កើត​ក្រុមហ៊ុន និង​៦- ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​។​គំនិត​អាជីវកម្ម​គឺ​រាប់​ចាប់ពី​ការ​ផ្តល់សេវា អប់រំ ការកម្សាន្ត សុខភាព ទូរគមនាគមន៍ ត្រួតពិនិត្យ​ចរាចរណ៍​និង កម្មវិធី​អាជីវកម្ម។
បន្ទាប់ពី​ជុំទីមួយ​នៃ​ការ​ជ្រើសរើស​គឺ​មាន​បេក្ខជន​ចុងក្រោយ​ចំនួន ២១ ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​ទៅ​ប្រកួតប្រជែង​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​។ សមាជិក​នៃ​គណៈកម្មការ​ឯករាជ្យ​នៃ CICTA ឆ្នាំ 2016 ត្រូវ​បាន​អញ្ជើញ​មកពី​អង្គការ និង​ស្ថាប័ន​ផ្សេងគ្នា ដែល​តំណាង​ឱ្យ​អាជីវកម្ម​, បណ្ឌិត​សភា​ឧស្សាហកម្ម ICT វិនិយោគិន និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។ សមាជិក 6 ក្នុង​គណៈវិនិច្ឆ័យ​នៃ CICTA 2016 មាន​៖ តំណាង​មកពី​សហព័ន្ធ ICT កម្ពុជា​, តំណាង​មកពី​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​, តំណាង​មកពី​វិទ្យាស្ថាន​បើកទូលាយ​, តំណាង​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​, តំណាង​មកពី​សាកលវិទ្យា​ល័យ​ជាតិ​គ្រប់គ្រង​៕