ណាហ្គា​វើល​បេះដូង​សប្បុរស​យកចិត្តទុកដាក់ ​ចំពោះ​អនាគត​កុមារ​កម្ពុជា​

ណាហ្គា​វើល​បេះដូង​សប្បុរស​យកចិត្តទុកដាក់ ​ចំពោះ​អនាគត​កុមារ​កម្ពុជា​



ភ្នំពេញ ៖ ណាហ្គា​វើ​ល​បេះដូង​សប្បុរស​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ឧបត្ថម្ភ​កាបូប សម្ភារៈ​សិក្សា និង​អង្ករ ដល់​កុមារ​កំព្រា ​និង​កុមារ​ក្រីក្រ​តាមរយៈ​អង្គការ​ខេមរា ​ដែល​គាំទ្រ ​និង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​កុមារ និង​គ្រួសារ​ក្រីក្រ​កម្ពុជា​នៅ​ក្នុង​សហគមន៍​។

លោកស្រី កុយ ផល្លា​នី នាយិកា​ប្រតិបត្តិ​អង្គការ​ខេមរា បាន​មានប្រសាសន៍ថា “​យើង​សូម​ថ្លែង​អំណរគុណ​ដល់​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការ​គាំទ្រ​ជាប្រចាំ​របស់​ពួកគេ​សម្រាប់​កម្មវិធី​របស់​យើង ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ និង​កុមារ​កំព្រា​នៅ​ក្នុង​សហគមន៍​។ យើង​បាន​ធ្វើការ​ជាមួយ​កុមារ​ជាង ២០០ នាក់ នៅ​ក្នុង​សហគមន៍​របស់​យើង​។ កុមារ​ទាំងនោះ​រួមមាន កុមារ​កំព្រា​មកពី​គ្រួសារ​ក្រីក្រ​បំផុត ហើយ​និង​ក៏​មាន​កុមារ​ផ្ទុក​មេរោគ​អេដស៍​ និង​ជំងឺអេដស៍ ក៏ដូចជា​កុមារ​ដែល​រង​ផល​ប៉ះពាល់​ដោយ​មេរោគ​អេដស៍​ និង​ជំងឺអេដស៍​ផង​ដែរ​។ កុមារ​ម្នាក់ៗ​តែងតែ​ទទួល​បាន​កាបូប សំលៀកបំពាក់ សៀវភៅសរសេរ ប៊ិច អង្ករ និង​តម្រូវការ​មូលដ្ឋាន​ផ្សេងៗ​ដែល​ឧបត្ថម្ភ​ដោយ​ណាហ្គា​វើ​ល​បេះ​ដូង​សប្បុរស និង​វិស័យ​ឯកជន​ផ្សេងទៀត​។ ការ​រួមចំណែក​ពី​ណាហ្គា​វើ​ល​បេះដូង​សប្បុរស គឺជា​ការរួមចំណែក និង​ការគាំទ្រ​ដ៏​ធំ​ពី​វិស័យ​ឯកជន​លើ​កម្មវិធី​អប់រំ និង​អភិវឌ្ឍន៍​របស់​កុមារ។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណាហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា “​កុមារ គឺជា​ទ្រព្យ​ដ៏​មាន​សារសំខាន់​សម្រាប់​ប្រជាជាតិ​មួយ​។ យើង​ប្រារព្ធ​ទិវា​កុមារ ពីព្រោះ​មិន​ត្រឹមតែ​យើង​ចង់​បញ្ជាក់​ពី​សារៈសំខាន់ ​នៃ​កុមារ​ប៉ុណ្ណោះ​នោះ​ទេ គឺ​ថែមទាំង​ដើម្បី​សង្កត់ធ្ងន់​លើ​ការ​យកចិត្តទុកដាក់​ទៅលើ​តម្រូវការ​របស់​កុមារ​របស់​យើង​សម្រាប់​ការ​ការអភិវឌ្ឍន៍ និង​ការ​ប្រសើរ​ឡើង​របស់​ពួកគេ​នា​ពេល​អនាគត។

លោក​បាន​បន្តថា “​យើង​បាន​នឹង​កំពុង​ធ្វើការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សាលារៀន​ជាច្រើន​សម្រាប់​ការអភិវឌ្ឍន៍ និង​ភាព​ប្រសើរឡើង​របស់​កុមារ​របស់​យើង​តាំងពី​ឆ្នាំ ២០១៤ មក​ម្លេះ​។ យើង​នឹង​បន្ត​ដើរតួ​នាទី​ដើម្បី​បម្រើ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​នាពេល​អនាគត​។ យើង​សង្ឃឹមថា ការ​ចូលរួមចំណែករ​បស់​យើង នឹង​ជួយ​ធ្វើ​ឲ្យ​កុមារ​ទាំងឡាយ​ដែល​ខ្វះ​ជំនួយ​អាច​សម្រេច​នូវ​សុបិន​របស់​ពួកគេ​នា​ពេល​អនាគត​។ យើង​មាន​ជំនឿថា នៅ​ពេល​កុមារ​ទទួល​បាន​ការអប់រំ​បាន​ល្អ អនាគត​នៃ​ប្រទេស​កម្ពុជា​គឺ​ពិតជា​មានការ​អភិវឌ្ឍ​ និង​មានការ​រីកចម្រើន​”​។​
ចាប់​តាំងពី​ចាប់កំណើត​ក្នុង​ខែមីនា ឆ្នាំ ២០១៤ កម្មវិធី​ការងារ​សង្គម​ដែល​បាន​រៀបចំឡើង​ដោយ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ជួយ​ដល់​កុមារ​ជាង ៩០.០០០ (​ប្រាំបួន​ម៉ឺន​) នាក់ មកពី​ជាង ១០០ សាលារៀន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​អប់រំ ការឧបត្ថម្ភ​សម្ភារៈ​សិក្សា កាបូប អង្ករ ការ​ជួយ​ជួសជុល​កែលំអ​សាលារៀន បង្កើត​បណ្ណាល័យ និង​ការ​បង្កើត​កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស និង​កម្មវិធី​ប្រកួតប្រជែង​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស​ជា​។​ល​។ បាន​នឹង​កែប្រែ​វាសនា​កុមារ​ក្រីក្រ​មួយ​ចំនួន​ក្នុងចំណោម​កុមារ​ក្រីក្រ​ដែល​ទទួល​បាន​ការឧបត្ថម្ភ​ពី​កម្មវិធី​របស់​យើង៕
ណាហ្គា​វើល​បេះដូង​សប្បុរស​យកចិត្តទុកដាក់ ​ចំពោះ​អនាគត​កុមារ​កម្ពុជា​