ក្រោយបាត់មុខអស់២ឆ្នាំក្លាយជាម្ចាស់ក្លឹបហាត់ប្រាណ ឥលូវសាសាត្រៀមវិលចូលសិល្បៈវិញហើយ!!

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​របស់​ផលិតកម្ម​ថោ​ន​កញ្ញា​សា​សា​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជិត​២​ឆ្នាំ​មក​ហើយ ដោយសារ​តែ​រវល់​មុខរបរ និង​ការងារ​ផ្ទាល់ខ្លួន​។ ពេល​នេះ​សា​សា​ត្រៀមខ្លួន​វិល​ត្រលប់​ទៅ​កាន់​អាជីព​សិល្បៈ​វិញ ។

តារាចម្រៀង​សា​សា​ផ្អាក​ការងារ​សិល្បៈ​មួយអន្លើ ដោយ​ងាក​ទៅ​យកចិត្តទុកដាក់​លើ​មុខរបរ​នៅ​តំបន់​ចម្ការ​ដូង ទីតាំង​ដែល​មាន​មហាជន​ទៅ​រស់នៅ​ច្រើន​កុះករ ។ ពេល​នេះ​មុខរបរ​របស់​សា​សា​ដំណើរការ​រលូន​ហើយ ដូច្នេះ​នាង​អាច​ត្រឡប់​ទៅ​កាន់​ពិភព​សិល្បៈ​វិញ​។ សា​សាតាំង​ចិត្ត​ថា នឹង​បង្កើត​ចំណី​អារម្មណ៍​ប្លែក​សម្រាប់​ទស្សនិកជន ។

កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​កញ្ញា​សា​សា​ឲ្យ​ដឹង​ថា «​អស់​រយៈពេល​ជា​ច្រើន​ខែ​មកនេះ នាង​ខ្ញុំ​បាន​ចំណាយពេល​ច្រើន​លើ​មុខរបរ​រកស៊ី​ដោយ​បាន​បើក​កន្លែង​ហាត់ប្រាណ​មួយ​នៅ​ម្តុំ​ចម្ការ​ដូង ដោយ​បាន​ស្ថាបនា​ចេញ​ជា​រូបរាង និង​ដំណើរការ​ទៅ​មុខជា​លំដាប់ ។ ចំពោះ​អាជីព​ចម្រៀង​ដឹង​ហើយ​ថា​ពេល​នេះ​ការ​ច្រៀង​របស់​តារា នីមួយ​ៗ​ទាល់តែ​មាន​អ្វី​ប្លែក ពិសេស​គឺ​ការ​រាំ និង​អម​ជាមួយ​ក្រុម​រាំ​ផង​ដែរ ។ ម្ល៉ោះហើយ​ទើប​នាង​ខ្ញុំ​ត្រូវ​តែ​ខិតខំ​ព្យាយាម​យ៉ាងណា​ហាត់រៀន​ឲ្យ​ច្រើន​ស្តី​ពី​ការ​រាំ​អម​ជាមួយ​ក្បាច់​ប្លែក ឲ្យ​ពេល​ចេញ​ទៅ​មាន​ភាព​រស់​រវើក កុំ​ឲ្យ​អ្នក​មើល​គាត់​ធុញ​។ មួយទៀត​នាង​ខ្ញុំ​កំពុង​តែ​ខំ​សម្រិតសម្រាំង​បទ​ចម្រៀង​បែប​ស្នាដៃ​កូន​ខ្មែរ​បង្កើត​ថ្មី​ដើម្បី​ប្តូរ​របៀប​ឡើង​វិញ ចៀសវាង​ការ​យក​បទ​ចម្រៀង​របស់​គេ​ដើម្បី​វិ​វ​ឌ្ឍ​ស្នាដៃ​ក្នុង​ផលិតកម្ម​យើង​ដែល​មានការ​គាំទ្រ​ពី​មហាជន​យ៉ាង​លើសលុប ។

ទោះបីជា​យ៉ាងណា​ក្តី នាង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា​សន្ទុះ​ការ​គាំទ្រ​ដូច​មុន ឬ​យ៉ាងណា​ទេ ប៉ុន្តែ​សិល្បៈ​គឺ​នាង​ខ្ញុំ​មានការ​ពេញចិត្ត និង​ចង់​បន្ត​អាជីព​មួយ​នេះ​ជា​បន្ត​ទៀត ដោយ​គ្មាន​បំណង​លាឈប់​នោះ​ឡើយ គ្រាន់តែ​រវល់​មួយ​រយៈ​ប៉ុណ្ណោះ​» ។

ចំពោះ​រឿង​ស្នេហា កញ្ញា​សា​សា បាន​សារភាព​ថា នាង​មាន​បុរស​ប្រចាំចិត្ត​ហើយ ដូច្នេះ​បុរស​ណា​ដែល​មានចិត្ត​លើ​នាង​គឺ​ហួសពេល​ហើយ ។

សា​សា សុំ​មិន​បញ្ជាក់​ពី​អត្តសញ្ញាណ​គូស្នេហ៍​របស់​នាង​ទេ ព្រោះ​កំពុង​តែ​តាមដាន​ចិត្តគំនិត​គ្នា ។ ចំពោះ​មុខរបរ​រកស៊ី​របស់​សា​សា បានការ​ជួយ​ត្រួសត្រាយ​ផ្លូវ និង​ឲ្យ​ជា​យោបល់​ពី​គូស្នេហ៍​របស់​នាង​រូប​នោះ ។ បុរស​ជា​គូស្នេហ៍​និយាយ​ប្រាប់​សា​សា​ថា មាន​តែ​ការ​រកស៊ី​នេះ​ហើយ​ដែល​ជួយ​លើក​ស្ទួយ​ជីវភាព​ឲ្យ​រីក​ចម្រើន​បាន ។ «​ជា​និច្ចកាល​គាត់​តែងតែ​ឲ្យ​យោបល់​ថា​ធ្វើ​បែប​ណា​ល្អ​ចំពោះ​ការ​រកស៊ី នេះ​ជា​ការ​លើកទឹកចិត្ត​មួយ​ចំពោះ​នាង​ខ្ញុំ ។ ការ​ទាក់ទង​របស់​នាង​ខ្ញុំ និង​សង្សារ គឺ​អាច​ឈាន​ឡើង​ល្អ​ដោយ​មាន​ចាស់ទុំ​សងខាង​បានដឹង​ឮ ព្រមទាំង​មាន​សភាព​ស៊ីសង្វាក់​គ្នា​ល្អ​ដែរ និង​គិត​ថា នឹង​កាន់តែ​ល្អ​បន្ត​ទៀត​ក្នុង​ពេល អ្វី​ៗ​កំពុង​តែ​លូន​ទៅ​មុខ ។ រឿង​ឆ្លង​ដល់​ពិធី​មង្គលការ​នា​ពេល​អនាគត​នោះ​នៅ​មិន​ទាន់​ហ៊ាន​គិត​ទេ ​ដោយ​យើង​កំពុង​ស្ថិត​ក្នុង​សភាព​ខំ​រក​ប្រាក់​សន្សំ​ទៀត​សិន​» ។ សា​សា និយាយ​បែប​នេះ ៕

ប្រភព ៖
កោះសន្តិភាព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload