ឈឺពោះឆ្លងទន្លេត្រូវសែងជិត១០គីឡូម៉ែត្រទៅមណ្ឌលសុខភាព

ខេត្តក្រចេះ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែអង្គុយលើអង្រឹង ហើយមានអ្នកសែងផ្លាស់ប្តូរគ្នារវាងសមាជិកក្រុមគ្រួសារ នឹងអ្នកភូមិបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ។ ស្រ្តីដែលអង្គុយលើអង្រឹង ហើយត្រូវបានគេសែងនោះ មិនមែនជាព្រះនាង ដូចក្នុងរឿងកុនល្ខោនសម័យអតីតកាលនោះទេ ប៉ុន្តែ នោះគឺ នុត ស្តើង អាយុ២២ឆ្នាំ ដែលកំពុងឈឺពោះសម្រាលកូន ដែលត្រូវនាំទៅសង្គ្រោះជាបន្ទាន់នៅឯមន្ទីរពេទ្យ ។ ស្វាមីរបស់នាង គឺ រឿន រ៉ាន់ អាយុ២៤ឆ្នាំ រួមជាមួយអ្នកភូមិផ្សេងទៀត ដែលត្រូវ សែងភរិយា កាត់ដីល្បាប់ និងឆ្លងទឹកជិត១០គីឡូម៉ែត្រ ។ នេះជាទិដ្ឋភាពដែលបានកើតឡើងនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ។

ឈឺពោះឆ្លងទន្លេត្រូវសែងជិត១០គីឡូម៉ែត្រទៅមណ្ឌលសុខភាព

ក្នុងចំណោមអ្នកដែលបានចូលរួមចំណាយកម្លាំងសែង នុត ស្តើង ចេញពីភូមិឋាននោះ បុរស ឯក វណ្ណា ដែលជាសាច់ញាតិផងបាននិយាយថា ពួកគេត្រូវសែង និងធ្វើដំណើរដោយថ្មើរជើង ក្នុងចម្ងាយ៨គីឡូម៉ែត្រ ដែលចំណាយពេល៣ម៉ោងជាង ទម្រាំទៅដល់មាត់កំពង់ទូក ។ តាមជើងទឹកនេះ ពួកគេត្រូវធ្វើដំណើររយៈពេល៤០នាទីទៀត ក្នុងចម្ងាយផ្លូវ៥គីឡូម៉ែត្រ ទើបដល់ច្រាំងត្រើយម្ខាង ។ រួចបន្តធ្វើដំណើរ៣គីឡូម៉ែត្រទៀត ទើបដល់មន្ទីរពេទ្យបង្អែកស្រុក សំបូរ ខេត្តក្រចេះ ។

លោក ឯក វណ្ណា បានបន្តឲ្យដឹងថា មិនមែនជាលើកទី១ទេ ដែលប្រជាពលរដ្ឋក្នុងភូមិមានសមាជិក៣៦គ្រួសារ ស្ថិតនៅក្នុងភូមិទន្សោងធ្លាក់ ដែលជួបប្រទះនឹងការលំបាកក្នុងការធ្វើដំណើរទៅកាន់ផ្លូវលំ ឬទីប្រជុំជន គ្រាដែលពួកគេជួបប្រទះនឹងធុរៈម្តងៗ ជាពិសេសពេលដែលមានគ្រាអាសន្នសម្រាប់អ្នកជំងឺ ។ ជាទូទៅ ផ្លូវដែលពួកគេអាចជិះម៉ូតូបាននោះមានចម្ងាយប្រហែល១០គីឡូម៉ែត្រ ហើយជាផ្លូវដែលមានអូរឆ្លងកាត់ រួមជាមួយភក់ជ្រៅៗនៅរដូវវស្សា ដែលកន្លែងខ្លះតម្រូវឲ្យពួកគេសែងម៉ូតូដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាកទាំងនោះ ។

ពាក់ព័ន្ធនឹងបញ្ហាសេវាសុខាភិបាល និយាយឲ្យខ្លីគឺអ្នកឆ្លងទន្លេនៅក្នុងភូមិទន្សោងធ្លាក់ ក៏មានស្ត្រីចំណាស់ម្នាក់ជាធ្មបបុរាណដែរ ។ គាត់មិនបានហ្វឹកហាត់ជំនាញសម្រាលកូនឲ្យមានសុវត្ថិភាពនោះទេ គឺពោលធ្វើតាមទម្លាប់ពីបុរាណ ។ នៅពេលណាដែលគាត់គិតថា មិនអាចសម្រាលបាន គ្រួសារស្ត្រីមានផ្ទៃពោះ មានជម្រើសតែមួយគឺត្រូវសែងស្ត្រីមានផ្ទៃពោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកតែប៉ុណ្ណោះ ។

នៅភូមិទន្សោងធ្លាក់ ក្រៅតែពីបញ្ហាលំបាកនៃការធ្វើដំណើរ ក៏មិនមានសាលារៀនសម្រាប់ក្មេងៗ បានសិក្សារៀនសូត្រនោះដែរ ។ លោក ឯក វណ្ណា បន្ថែមថា «កាលពីមុនមានសាលារៀនមួយខ្នងដែរ តែមានតែសាលាហើយ អត់មានគ្រូ អីចឹងយូរៗទៅ សាលានោះក៏បិទចោលទៅ កាលពី៣-៤ឆ្នាំមុន ។ ឥឡូវសាលានោះខូចអស់ហើយ» ។
កូនអ្នកភូមិមួយចំនួនត្រូវបានឪពុកម្តាយ ដែលមានលទ្ធភាពឲ្យទៅរៀនជាមួយញាតិមិត្ត ដែលមានសាលារៀន ។ លោកឯក វណ្ណា សំណូមពរ ឲ្យមានសាលារៀន, មណ្ឌលសុខភាព និងផ្លូវទៅកាន់ភូមិ ។ ភូមិទន្សោងធ្លាក់ ស្ថិតនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។ ភូមិនេះនៅឆ្ងាយពីភូមិថ្មាយប្រហែល១០គីឡូម៉ែត្រ ។ អ្នកភូមិទន្សោងធ្លាក់ជួបបញ្ហាសំខាន់គឺៈ សាលារៀន, ពេទ្យ និងផ្លូវ ។

រីឯ នុត ស្តើង ដែលអ្នកភូមិខំសែងក្នុងចម្ងាយផ្លូវជិត១០គីឡូម៉ែត្រនោះ ត្រូវគេរាយការណ៍ថា បានឆ្លងទន្លេនៅឯមណ្ឌលសុខភាព ស្រុកសំបូរបានដោយសុវត្ថិភាពហើយ ៕ ហេង សូរិយា
ឈឺពោះឆ្លងទន្លេត្រូវសែងជិត១០គីឡូម៉ែត្រទៅមណ្ឌលសុខភាព

ឈឺពោះឆ្លងទន្លេត្រូវសែងជិត១០គីឡូម៉ែត្រទៅមណ្ឌលសុខភាព

ឈឺពោះឆ្លងទន្លេត្រូវសែងជិត១០គីឡូម៉ែត្រទៅមណ្ឌលសុខភាព

ឈឺពោះឆ្លងទន្លេត្រូវសែងជិត១០គីឡូម៉ែត្រទៅមណ្ឌលសុខភាព

ប្រភព៖ Nokorwatnews

  • ឈឺពោះឆ្លងទន្លេត្រូវសែងជិត១០គីឡូម៉ែត្រទៅមណ្ឌលសុខភាព已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កំសាន្ត
Tags: