សម្តេចតេជោ ហ៊ុន សែន៖ «មន្រ្តីធ្វើជាអ្នកបម្រើរាស្រ្ត មិនមែនធ្វើជាចៅហ្វាយរាស្រ្តនោះទេ, សុំតែបំពេញការងារគោរពទៅតាមច្បាប់បានហើយ» (Video Inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅមន្រ្តីថា មន្រ្តីធ្វើជាអ្នកបម្រើរាស្រ្ត មិនមែនធ្វើជាចៅហ្វាយរាស្រ្តនោះទេ ហើយសម្តេច មិនសុំអ្វីពីមន្រ្តី នោះឡើយគឺសុំឲ្យតែធ្វើ និងគោរពទៅតាមច្បាប់បានហើយ។ ក្រៅពីនោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យមន្រ្តីត្រូវចេះទទួលខុសត្រូវ ហើយសម្តេចថា ត្រូវចៀសឲ្យឆ្ងាយពីមន្រ្តី ដែលទទួលតែត្រូវ ហើយមិនទទួលខុស ទម្លាក់កំហុសឲ្យថ្នាក់ក្រោម ហើយរាយការណ៍ទៅថ្នាក់លើ។ សម្តេចតេជោ ហ៊ុន សែន ថា មន្រ្តីបែបនេះមិនចាំ ប្រើទេ និងកុំយកទៅដាក់ក្បែរខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ខណៈសម្តេចអញ្ជើញចែកសញ្ញាបត្រ ដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «ធ្វើជាមន្រ្តីគឺជាអ្នកបំរើរាស្រ្ត មិនមែនជាចៅហ្វាយរាស្រ្តនោះទេ ហើយខ្ញុំអត់សុំអីច្រើនទេ ខ្ញុំសូមឲ្យមន្រ្តីទាំងអស់ ធ្វើការ ទៅតាមច្បាប់បានហើយ ខ្ញុំមិនសុំអ្វីលើសពីហ្នឹងទេ អស់លោករដ្ឋមន្រ្តីនានា ក៏ធ្វើតាមច្បាប់ហើយ ជាពិសេសច្បាប់វាខ្លីណាស់ច្បាប់ស្តីពីការបង្កើតស្ថាប័ន ប៉ន្តែច្បាប់នោះបានថា ហើយរចនាសម្ព័ន្ធ ភារកិច្ច តួនាទីត្រូវបែងចែកក្នុងអនុក្រឹត្យ ចឹងមុខងាររបស់លោក រដ្ឋមន្រ្តីសុទ្ធតែបានចែកនៅក្នុងអនុក្រឹត្យ។ សម្រាប់មន្រ្តីទាំងអស់ត្រូវទទួលខុស សូមប្រយ័ត្នប្រយែងសម្រាប់មន្រ្តី ដែលទទួលយកតែអាត្រូវ ខុសទំលាក់ឲ្យគេ មន្រ្តីបែបនេះ មិនចាំបាច់យកមកជិតខ្លួននោះទេ ដាក់ឲ្យឆ្ងាយពីខ្លួនបន្តិច យកទៅហ្វឹកហ្វឹនឡើងវិញ សូមជៀសឲ្យឆ្ងាយលើរឿងនេះ ហើយជៀសវាងឲ្យបាននូវមន្រ្តីណា ដែលមានបញ្ហាកើតឡើង ទីមួយ បន្ថោសថ្នាក់ក្រោម ហើយរាយការណ៍ឲ្យថ្នាក់លើមន្រ្តី បែបនេះមិនចាំបាច់ប្រើទេ»

ក្រៅពីការលើកឡើងខាងលើ សម្តេចតេជោ ផ្តាំផ្ញើទៅមន្រ្តីទាំងអស់ត្រូវធ្វើជាមន្រ្តីជើង២ កុំធ្វើមន្រ្តីជើង១០។ តែមន្រ្តីជើង២ គឺត្រូវដើរទៅដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ មិនមែនចុះទៅបង្កើតបញ្ហា ដូចជាមានប្រពន្ធក្រៅផ្ទះ ឬដើរបង្កបញ្ហាដីធ្លីជាដើម៕

ប្រភពៈ freshnewsasia