ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចូល​ជួប​លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន

អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សួរ​សុខ​ទុក្ខ​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ និង​អ្នក​តំណាង​រាស្ត្រ លោក អ៊ុំ សំអាន ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​នោះ​ទេ ប៉ុន្តែ​យល់​ព្រម​ឲ្យ​ចូល​ជួប​សកម្មជន​បក្ស​នេះ​ជាង ១០​នាក់​ទៀត។

លិខិត​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក ចាន់ គីមសេង នៅ​ថ្ងៃ​ទី​២០ មិថុនា បាន​សរសេរ​ទៅ​កាន់​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ស្វាយរៀង នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា ដោយ​អនុញ្ញាត​លោក និង​តំណាង​រាស្ត្រ​មួយ​ចំនួន​ទៀត ចូល​ជួប​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ចំនួន ១៥​រូប នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ប៉ុន្តែ​ក្នុង​លិខិត មិន​បាន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ ៣​រូប​ទៀត រួម​មាន លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា លោក អ៊ុំ សំអាន សមាជិក​រដ្ឋសភា និង​លោក ស៊ាង ចែត មេ​ឃុំ​ស្រក នៃ​គណបក្ស សម រង្ស៊ី នោះ​ទេ ពីព្រោះ​អ្នក​ទាំង​បី​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើបសួរ​របស់​តុលាការ ដោយ​តម្រូវ​ឲ្យ​ស្នើសុំ​ការ​អនុញ្ញាត​ពី​តុលាការ​ជា​មុន។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ស្វាយរៀង នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា បាន​ដាក់​លិខិត​ស្នើ​សុំ​ទៅ​នាយកដ្ឋាន​ពន្ធនាគារ ដើម្បី​ចូល​ជួប​សួរ​សុខ​ទុក្ខ​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​សកម្មជន​គណបក្ស​ដែល​កំពុង​ជាប់​ឃុំ​ចំនួន ១៨​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០១៥ មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។