គ្រូបង្រៀន​​​ម្នាក់​​​រកឃើញថាស្លាប់ដោយ​​​គេ​​​អារកនៅឯចម្ការ​​​កៅស៊ូ

គ្រូសាលាបឋមសិក្សាម្នាក់ អាយុ២៥ឆ្នាំត្រូវបានឃើញស្លាប់ដោយគេអារកក្នុងផ្ទះចម្ការកៅស៊ូ នៅខេត្តត្បូងឃ្មុំកាលពីថ្ងៃសៅរ៍ ដោយអាជ្ញាធរបញ្ជាក់ថា មិត្តប្រុសរបស់នាងគឺជាជនសង្ស័យ។ លោក ចាន់ ឌុល មេបញ្ជាការកងរាជអាវុធហត្ថស្រុកមេមត់ បាននិយាយថា ឃាតកម្មលើអ្នកគ្រូ អ៊ុល សុខណា បានកើតឡើងនៅម៉ោងប្រហែល៦ល្ងាចថ្ងៃសុក្រ ក្រោយពីឈ្លោះទាស់ទែងគ្នាក្នុងផ្ទះ ដែលនាងស្នាក់នៅជាមួយលោក គុណ មករា អាយុ២៩ឆ្នាំ ប៉ុន្តែ សាកសពរបស់នាងមិនត្រូវបានគេរកឃើញទេ រហូតដល់ម៉ោង៨និង៤៥នាទីយប់បន្ទាប់ទើបរកឃើញ។ លោក ឌុល បាននិយាយថា ម្តាយរបស់ជនរងគ្រោះបានទៅផ្ទះនាងនៅក្នុងចម្ការកៅស៊ូកាលពីយប់ថ្ងៃសៅរ៍ ក្រោយពីកូនស្រីគាត់មិនបានមកផ្ទះគាត់នៅថ្ងៃរសៀល ដើម្បីប្តូរម៉ូតូហុនដាឌ្រីមឆ្នាំ២០១០របស់នាងជាមួយនឹងម៉ូតូចាស់ ដែលនាងតែងតែធ្វើដូច្នេះរាល់ពេលរសៀល។ មេបញ្ជាការកងរាជអាវុធហត្ថស្រុករូបនេះបាននិយាយថា “ម្តាយរបស់នាងបានមកផ្ទះ ហើយក៏បានឃើញសាកសពជនរងគ្រោះនៅក្នុងផ្ទះនៅក្បែរកាំបិតផ្គាក់ ខណៈដែលប្តីរបស់នាងបានបាត់ខ្លួន។ បំពង់កខាងឆ្វេងរបស់នាងបានអារដាច់”។ លោក ឌុល បាននិយាយថា អ្នកទាំងពីរបានជួបគ្នាត្រឹមតែពីរបីខែប៉ុណ្ណោះ ហើយក៏រួមរស់ជាមួយគ្នា។ លោក ឌុល បាននិយាយបន្ថែមថា ឥឡូវនេះកងរាជអាវុធហត្ថកំពុងតែតាមរក លោក មករា ដែលគេបានឃើញគាត់ចុងក្រោយកំពុងជិះម៉ូតូនៅឯផ្សារនៅម៉ោងប្រហែល៧នៅយប់មានឃាតកម្មនោះ។ ក្នុងករណីដាច់ដោយឡែកមួយ យោងតាម លោក អេន តេង នាយប៉ុស្តិ៍សង្កាត់កន្ទោកឲ្យដឹងថា មានស្រ្តីម្នាក់នៅខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ត្រូវបានប្តីបាញ់សម្លាប់នៅក្នុងផ្ទះពួកគេនៅម៉ោងប្រហែល៨យប់ បន្ទាប់ពីគេសង្ស័យថា មានជម្លោះក្នុងគ្រួសារ។ នាយប៉ុស្តិ៍រូបនេះបាននិយាយថា ប្តីក៏បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីសម្លាប់ប្រពន្ធរួច។ លោក តេង បាននិយាយថា “ការបាញ់សម្លាប់បានកើតឡើងនៅក្នុងបន្ទប់ទឹកពួកគេ”។ លោកបានបង្ហាញអត្តសញ្ញាណលោក លី អ៊ាងសៅ មន្រ្តីរដ្ឋបាលព្រៃឈើ អាយុ៥០ឆ្នាំថា ជាអ្នកបាញ់។ បុរសរូបនេះនិងភរិយាយរបស់គាត់ឈ្មោះ ប្រាក់ សុភក្ត្រា អាយុ៣៥ឆ្នាំ ដែលបានបើកសាខាវេរប្រាក់វីង មានកូនស្រី២នាក់ វ័យ១៣និង៨ឆ្នាំ។ មន្ត្រីនគរបាលរូបនេះមិនបានដឹងអំពីមូលហេតុអ្វីបានជាប្តីប្រពន្ធមួយគូនេះទាស់ទែងគ្នានោះទេ។ លោក យឹម សារ៉ាន់ អធិការនគរបាលស្រុកបាននិយាយថា អ្នកទាំងពីរបានបាញ់ចំក្បាល ដោយនគរបាលកំពុងស៊ើបអង្កេតករណីនេះបន្ថែមទៀត។ លោក សារ៉ាន់ បាននិយាយថា ប្រពន្ធបានបាញ់ត្រូវក្រោមភ្នែកស្តាំ ហើយប្តីបាញ់ចំក្បាល”៕ មាំ វិបុល       © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may […]

The post គ្រូបង្រៀន​​​ម្នាក់​​​រកឃើញថាស្លាប់ដោយ​​​គេ​​​អារកនៅឯចម្ការ​​​កៅស៊ូ appeared first on The Cambodia Daily.