ស្ដាប់​លោក​អធិការ​ស្រុក​ភ្នំក្រវាញ​រៀបរាប់​ពី​ដំណើររឿង​ក្មេង​៣​នាក់​លង់​ទឹក​ស្លាប់​នៅ​ពោធិ៍សាត់

ស្ដាប់​លោក​អធិការ​ស្រុក​ភ្នំក្រវាញ​រៀបរាប់​ពី​ដំណើររឿង​ក្មេង​៣​នាក់​លង់​ទឹក​ស្លាប់​នៅ​ពោធិ៍សាត់



ពោធិ៍សាត់ ​៖ ​កុមារា​ កុមារី​​ ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ចំនួន​បី​នាក់ ​ត្រូវ​បាន​ទឹកស្ទឹង​ពោធិ៍សាត់​ឆក់​យក​ជីវិត​​​ក្នុង​ពេល​តែមួយ​ ខណៈ​អាណាព្យាបាល​ពួកគេ​រវល់​នាំ​គ្នា​ផឹក​ស៊ី​​នៅ​ក្បែរ​នោះ ​ភ្លេច​បាន​គិត​ពី​កូន។

ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​កើត​ឡើង​កាលពី​វេលា​​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦​ ​នៅ​ចំណុច​ស្ទឹង​ពោធិ៍សាត់​​ ​ត្រង់​ស្ពានដែក​ ស្ថិត​ក្នុង​ភូមិ​បោះពួយ ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

លោក​វង សា​វ៉េ​ត អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ប្រុស​ស្រី​ទាំង​បី​នាក់​​នោះ ​ទី​១-​ឈ្មោះ ឈឿន គឹម​យ៉េ​ង​ ភេទ​ស្រី អាយុ​១៣​ឆ្នាំ​, ទី​២-​ឈ្មោះ រិ​ន រី​ជែ ភេទ​ប្រុស អាយុ​០៦​ឆ្នាំ និង ទី​៣-​ឈ្មោះ លី​ម៉េង​ហួយ ភេទ​ស្រី អាយុ​០៨​ឆ្នាំ។ ពួកគេ​ទាំង​៣​នាក់​នេះ ​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា រស់នៅ​ភូមិ​ត្រពាំង​ជង​ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់។

មន្ត្រី​នគរបាល​​​ដដែល​បាន​បញ្ជាក់​ថា ​នៅមុន​ពេល​មាន​ហេតុការណ៍​ដ៏​រន្ធត់​នេះ​​ ក្រុមគ្រួសារ​ក្មេង​រងគ្រោះ ​ដែល​ជា​សាច់ញាតិ​បងប្អូន​នឹង​គ្នា​ បាន​នាំគ្នា​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​នា​ចុង​សប្ដាហ៍ ​ដោយ​​​ជិះ​រថយន្ត​​ទួរីស​មួយ​គ្រឿង ​​ចេញ​ពី​ភូមិ​ឃុំ​របស់​ពួកគេ ​ដើម្បី​លំហែ​កាយ​នៅ​ស្រុក​ភ្នំក្រវាញ។ ក្នុង​ពេល​នោះ​ក្មេង​រង​គ្រោះ​ទាំង​បី​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ ក៏​ត្រូវ​អាណាព្យាបាល​យក​មក​ដែរ។

មន្ត្រី​ដដែល​បន្ត​ថា​ នៅ​ពេលដែល​មកដល់​ទីតាំង​ត្រង់​ស្ពាន​ដែក​ក្នុងស្រុក​ភ្នំក្រវាញ​ត្រង់​ភូមិ​សាស្ត្រ​កើតហេតុ​ខាងលើ ​ក្រុម​គ្រួសារ​រងគ្រោះ​នេះ​ ក៏​បាន​នាំគ្នា​ចុះ​ពីលើ​រថយន្ត​ចុះ​មក​ឆ្នេរ​ខ្សាច់​នៃ​ស្ទឹង​ពោធិ៍សាត់​ ព្រោះ​ ​មាន​ទេសភាព​ស្រស់​ស្អាត​ ដែល​អាច​លំហែ​កាយ​ងូតទឹក​លេង​ និង​អង្គុយ​ឆ្នេរ​ខ្សាច់​​​ផឹក​ស៊ី​​​បាន​ផង​ដែរ។ ពេល​នោះ​​​អាណាព្យាបាល​​ ​រវល់​តែ​​នាំគ្នា​ផឹក​ស៊ី​លើ​ឆ្នេរ​ខ្សាច់​ ភ្លេច​គិត​ពី​ក្មេង​ស្រី​ប្រុស​ទាំង​បី​នាក់។

លោក​បន្ថែម​ថា ​នៅ​ពេល​កើតហេតុ​​​នោះ​ ក្មេង​តូច​ៗ​ពីរ​នាក់​អាយុ​០៦​ឆ្នាំ​ និង​អាយុ​០៨​ឆ្នាំ បាន​នាំគ្នា​ហែល​ទឹក​លេង​នៅ​ម្ដុំ​ទឹក​រាក់​ចុះ​ឡើងៗ ក៏​ស្រាប់តែ​រាង​ជ្រុល​បន្តិច​​​ធ្លាក់​ចូល​ជង្ហុក​ជ្រៅ​ ដែល​គេ​បូម​ខ្សាច់​បណ្ដាល​ឲ្យ​ពួកគេ​លិចលង់។ ភ្លាម​នោះ​ ក្មេង​ស្រី​បង​ ដែល​​មាន​​អាយុ​១៣​ឆ្នាំ ពេល​ឃើញ​ប្អូន​ៗ​លង់ទឹក មិនបាន​ស្រែក​ឲ្យ​ឪពុក​ម្ដាយ ​ដែល​ជា​អាណាព្យាបាល​​​បាន​ដឹង ​និង​ជួយ​ឡើយ​ ពោល​​បាន​ហក់​ហែល​ទៅ​ជួយ​ដោយ​ខ្លួន​ឯង។ តែ​អកុសល​ត្រូវ​ក្មេង​តូច​ទាំងពីរ​នោះ​​​តោង​ជាប់​ធ្វើ​ឲ្យ​ហែល​មិន​រួច​ ក៏​បណ្ដាល​ឲ្យ​លិចលង់​ស្លាប់​ទាំង​បី​តែម្ដង។

មន្ត្រី​ដដែល​នោះ​បាន​បញ្ជាក់​ចុងក្រោយ​ថា​ ៖ ​ក្រោយពេល​ពួកគេ​លង់ទឹក​លិច​បាត់​ប្រហែលជា​១០​នាទី ​អាច​និយាយ​បាន​ថា ​រៀបចំ​នាំគ្នា​រើ​អីវ៉ាន់​ឡើង​រថយន្ត​ទៅ​ផ្ទះ​វិញ​ (ព្រោះ​ល្ងាច​ហើយ)​ ក៏​បាន​ភ្ញាក់ព្រើត ​ព្រោះតែ​បាត់​ពួកគេ​ទាំង​បីនាក់​បងប្អូន​មិន​ឃើញ​ ទើប​នាំគ្នា​ភ្ញាក់ផ្អើល​ស្រែកហៅ​ ខ្លះ​ស្រែក​ទ្រហោយំ​ នាំគ្នា​ចុះ​មុជ​រាវ​ក្នុង​ស្ទឹង រហូតដល់​ម៉ោង ប្រមាណ​ជា​៦​​យប់ ទើប​រក​សព​ពួកគេ​ទាំង​បី​ឃើញ។ ពេល​នោះ​ដោយ​មិន​អស់ចិត្ត ក៏​នាំគ្នា​ដឹក​ទៅកាន់​មណ្ឌល​សុខភាព​ស្រុក​ភ្នំក្រវាញ ដែល​នៅ​ក្បែរ​នោះ ក្រែង​អាច​សង្គ្រោះ​បាន តែ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា​ពួកគេ​បាន​ស្លាប់​ច្រើន​នាទី​ហើយ​មិន​អាច​សង្គ្រោះ​បាន​ឡើយ។ ចំពោះ​រឿង​នេះ ​ក្រុម​គ្រួសារ​មាន​ការ​សោកសង្រេង​ពួកគេ​​យ៉ាង​​ខ្លាំង​ដោយ​បាន​នាំគ្នា​ដឹក​សព​ទៅ​លំនៅឋាន​ធ្វើបុណ្យ​ឧទ្ទិស​កុសល​ឲ្យ​ពួកគេ​តាម​ប្រពៃណី​ខ្មែរ។

ជាមួយគ្នា​នោះ​ដែរ ខាង​ក្រុមការងារ​សាខា​​កាកបាទក្រហម​កម្ពុជា​ខេត្ត​ពោធិ៍សាត់ ​ជាមួយ​ក្រុមការងារ​ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦​បាន​នាំ​យក​អំណោយ​មនុស្សធម៌​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​សព ក្មេង​ប្រុស​ស្រី​ទាំង​៣​នាក់​​នោះ​​​ដល់​លំនៅឋាន។

អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហម​ខេត្ត ផ្ដល់​ដល់​គ្រួសារ​សព​ក្មេង​ប្រុស​ស្រី​៣​នាក់​ ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​៥០​គីឡូក្រាម​, ទឹកបរិសុទ្ធ ១​កេស​, ទឹកត្រី ១​យួរ​, ទឹកស៊ីអ៊ីវ ១​យួរ និង​ថវិកា ១០​ម៉ឺន​រៀល ផង​ដែរ៕
ស្ដាប់​លោក​អធិការ​ស្រុក​ភ្នំក្រវាញ​រៀបរាប់​ពី​ដំណើររឿង​ក្មេង​៣​នាក់​លង់​ទឹក​ស្លាប់​នៅ​ពោធិ៍សាត់

ស្ដាប់​លោក​អធិការ​ស្រុក​ភ្នំក្រវាញ​រៀបរាប់​ពី​ដំណើររឿង​ក្មេង​៣​នាក់​លង់​ទឹក​ស្លាប់​នៅ​ពោធិ៍សាត់

ស្ដាប់​លោក​អធិការ​ស្រុក​ភ្នំក្រវាញ​រៀបរាប់​ពី​ដំណើររឿង​ក្មេង​៣​នាក់​លង់​ទឹក​ស្លាប់​នៅ​ពោធិ៍សាត់

ស្ដាប់​លោក​អធិការ​ស្រុក​ភ្នំក្រវាញ​រៀបរាប់​ពី​ដំណើររឿង​ក្មេង​៣​នាក់​លង់​ទឹក​ស្លាប់​នៅ​ពោធិ៍សាត់

ស្ដាប់​លោក​អធិការ​ស្រុក​ភ្នំក្រវាញ​រៀបរាប់​ពី​ដំណើររឿង​ក្មេង​៣​នាក់​លង់​ទឹក​ស្លាប់​នៅ​ពោធិ៍សាត់