ធ្វើ​ដូច​ម្ដេច​ទើប​អាច​​សង​បំណុល​(លុយ​)​គេ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ? ​

រឿងជំពាក់បំណុលឬជំពាក់លុយនេះក៏អាចជាបញ្ហាដែលមនុស្សមួយចំនួនកំពុងតែជួបប្រទះនាពេលបច្ចុប្បន្នផងដែរ ហើយជួនកាលយើងមិនបានទទួលការណែនាំពីរបៀបដោះបំណុលយ៉ាងត្រឹមត្រូវមួយ ដូច្នោះហើយខាងក្រោមនេះ ជាគន្លឹះមួយចំនួនសម្រាប់ផ្ដល់ជាគំនិតសម្រាប់អ្នក ក្នុងការដោះស្រាយសងបំណុលទាំងនោះ ៖

1.ដឹងថាខ្លួនជំពាក់អ្នកណាខ្លះ ហើយចំនួនប៉ុន្មាន ៖ជំហានដំបូងនៃការដោះបំណុលឲ្យមានប្រសិទ្ធភាពគឺ ត្រូវដឹងថា ខ្លួនយើង ជំពាក់អ្នកណាខ្លះ មានចំនួនប៉ុន្មាន ហើយមានការប្រាក់ប៉ុន្មាន ។ រួចសរសេរវាចុះដាក់ក្នុងក្រដាស ឬ សៀវភៅមួយឲ្យបានច្បាស់លាស់, អ្នកអាចសួរថា ហេតុអ្វីបានជាចាំបាច់សរសេរវា ? វាចាំបាច់ណាស់ ពីព្រោះមនុស្សដែលជំពាក់លុយគេ ភាគច្រើនតែងតែខ្ជីខ្ជារឿងលុយកាក់ មិនដែលកត់ទុកចំណូលចំណាយអ្វីនោះទេ ហើយការដែលសរសេរនេះ គឺ វាបានបង្ហាញចំនួនយ៉ាងច្បាស់អោយអ្នកដឹង និង ឈប់គេចវេសពីការពិត ។
សកម្មភាព ៖ ចូរផ្អាកអានអត្ថបទនេះ រួចងើបទៅរកក្រដាសប៊ិច មកសរសេរនូវចំនួនប្រាក់ដែលអ្នកជំពាក់គេ ហើយមានការប្រាក់ឬទេ ។ សូមអ្នកកត់ទាំងអស់ មិនថាតិចឬច្រើននោះទេ ។

2.មើលថាមួយណាគ្រោះថ្នាក់ជាងគេ ៖ជំហានទី២គឺអ្នកត្រូវមើលថា បំណុលមួយណាដែលវាពិតជាប៉ះពាល់ដល់អ្នកជាងគេ ដូចជា បំណុលដែលខ្ចីលុយពីធនាគារដែលមានការប្រាក់ខ្ពស់ ឬ ខ្ចីពីបងប្អូនសាច់ញាតិអ្នក ។ ចូរអ្នករៀបតាមលំដាប់ថាបំណុលមួយណាដែលគ្រោះថ្នាក់ និង បន្ទាន់ជាងគេ ។
សកម្មភាព ៖ ដាក់ផ្កាយ ឬ លេខតាមលំដាប់នៃភាពបន្ទាន់នៃបំណុលទាំងនោះ

3.រៀបចំផែនការដោះបំណុលទាំងនោះ ៖បន្ទាប់ពីបានដឹងថាអ្នកជំពាក់អ្នកណាខ្លះ ហើយចំនួនប៉ុន្មានច្បាស់ហើយនោះ ចូរអ្នករៀបចំផែនការសងលុយទាំងនោះដល់អ្នកដែលបានអោយអ្នកខ្ចី តាមគោលការណ៍ សន្សំ ១០% សង ៣០% ចាយ ៦០% ។ អ្នកត្រូវបែកចែករាល់ចំណូលដែលអ្នកមាន ជា ៣ ចំណែកធំៗ ៖
១០% សន្សំ
៣០% សងម្ចាស់បំណុល
៦០% សម្រាប់ចាយវាយទូទៅ
ឧទាហរណ៍ ៖ អ្នកមានប្រាក់ខែ ២៥០ដុល្លារ អ្នកជំពាក់លុយមិត្តភ័ក្ដិអ្នកចំនួន ២០០០ដុល្លារ ដូច្នោះអ្នកត្រូវតែចែកប្រាក់ខែអ្នកជា ៣ ចំណែកធំៗ ដោយ #១ ទុក២៥ដុល្លារសន្សំដើម្បីវិនិយោគ (១០%) #២ ដក៧៥ដុល្លារសម្រាប់សងមិត្តភ័ក្ដិរបស់អ្នក (៣០%) #៣ ចាយលុយដែលសល់ពីធ្វើចំណែកខាងលើ ។
អ្នកនឹងសងលុយ២០០០ដុល្លាររបស់មិត្តអ្នកអស់ក្នុងរយៈពេល២ឆ្នាំកន្លះ តែវាអាចកាន់តែលឿនបើសិនជាអ្នកយកលុយសន្សំ១០%របស់អ្នកទៅវិនិយោគលើអ្វីម្យ៉ាង ដូចជាចងការប្រាក់,លេងទុងទីន,ទទួលការប្រាក់ពីធនាគារ ឬ អ្វីដែលបង្កើតប្រាក់ឲ្យអ្នក ដែលប្រាក់បានពីលុយសន្សំរបស់អ្នកនេះ អាចជួយអោយអ្នកមានលទ្ធភាពសងបំណុលកាន់តែលឿន ។
សកម្មភាព៖ ចូរអ្នកវិភាគលៃលកនូវប្រាក់ចំណូលដែលអ្នកមាន រួចបែកចែកនូវកញ្ចប់ថវិកាតាមគោលការណ៍ សន្សំ សង ចាយ ។ អ្នកអាចសន្សំលើសពី ១០ភាគរយ អ្នកក៏អាចសងលើសពី ៣០%ដែរ វាអាស្រ័យតាមដែលលទ្ធភាពអ្នកធ្វើបាន ហើយសមាមាត្រដែលគេនិយមប្រើយ៉ាងមានប្រសិទ្ធភាពនោះគឺ ១០% ៣០% ៦០% នេះឯង ។
អ្នកអាចសួរថា ហេតុអ្វីបានជាចាំបាច់ចាយវាយតាមគោលការណ៍នេះ ? អ្នកអាចថាចាំសងសរុបនៅពេលដែលអ្នកមានលុយច្រើន សងម្តងអោយអស់ មិនចាំបាច់ធ្វើគោលការណ៍ខាងលើឡើយ ។ តើពេលណាដែលអ្នកមានលុយ ? អាចថាថ្ងៃស្អែក ឬ ថ្ងៃខានស្អែក អ្នកប្រាកដជាហេងហើយមានលុយដ៏ច្រើន តែវាក៏អាចថាស្អែក១០០០ដង ១០០០០ដងដូចគ្នា អ្នកនឹងមិនដឹងថាមានរឿងអ្វីនឹងកើតឡើងនៅពេលខាងមុខនោះទេ ។

ដូច្នោះចូរអ្នករស់នៅជាមួយពេលបច្ចុប្បន្ន ហើយចាប់ផ្ដើមបណ្ដុំចិត្តសងលុយដោះបំណុលចាប់ពីពេលបច្ចុប្បន្នឥឡូវនេះ, ពេលដែលអ្នកដោះបំណុលរួចអ្នកនឹងមានសេរីភាពខាងផ្លូវចិត្ត រួចពេលដ៏ខ្លីខាងមុខ អ្នកប្រាកដជាឈានទៅរកភាពមានបានដូចគេផងដែរ ។

4.រស់នៅស្មើឋានៈ ៖ បន្ទាប់ពីបានអានទី៣ខាងលើមក អ្នកអាចជាថាវាពិតជាពិបាកណាស់សម្រាប់ធ្វើតាមផែនការនេះណាស់ព្រោះមកពីប្រាក់អ្នកមិនគ្រប់ហ្នឹងហើយបានជាខ្ចីលុយគេមកប្រើប្រាស់ តែវាអាចគ្រាន់តែជាលេសប៉ុណ្ណោះ បើសិនអ្នកមានចំណូលប្រចាំខែទៀងទាត់នោះ ។ អ្នកត្រូវដឹងថា អ្វីជារបស់ចាំបាច់ និង អ្វីជារបស់ដែលអ្នកចង់បាន ?
ឧទាហរណ៍ ៖ អ្នកបែកចែកចំណាយតាមគោលការណ៍ខាងលើ ដូចនោះអ្នកសល់ ៦០% = ១៥០ដុល្លារ ចូរចាយវាយលើអ្វីដែលចាំបាច់ប៉ុណ្ណោះដូចជា បាយម្ហូប សាំង ជាដើម ។ ចូរកុំចាយវាយលុយតាមអារម្មណ៍ កុំមានលុយ១០ដុល្លារហើយចាយទាំង១០ដុល្លារ ឬ លើសពី១០ដុល្លារទៅទៀត វាជាទម្លាប់អាក្រក់ដែលនឹងធ្វើអោយអ្នកមិនអាចគេចពីភាពក្រីក្របាននោះឡើង សូមអ្នកព្យាយាមរស់នៅអោយស្មើឋានៈ ឬ ក្រោមឋានៈមួយរយៈសិន ដើម្បីសងលុយគេអោយអស់ បន្ទាប់ពីសងគេរួចអ្នកប្រាកដអាចឈានជើងចូលវណ្ណៈអ្នកមាន ។
សកម្មភាព៖ ពិនិត្យមើលរបស់របរដែលអ្នកទិញនោះ វាជារបស់ដែលអ្នកពិតជាចាំបាច់មែនឬ ? ឬ ក៏គ្រាន់តែជារបស់ដែលអ្នកចង់បានតែប៉ុណ្ណោះ ?

5.បន្ថែមសមត្ថភាពរកចំណូល ៖ជំហានទាំង៤ខាងលើ ជាមូលដ្ឋានគ្រឹះដល់អ្នក សម្រាប់ដោះបំណុល ហើយជំហានទី៥នេះ ជាជណ្ដើរយន្តជួយឲ្យអ្នកដោះបំណុលកាន់តែលឿនទ្វេដង ។ សន្សំតែម្យ៉ាងមិនគ្រប់នោះទេ ចូរអ្នកបង្កើនប្រភពចំណូលផ្សេងទៀតឲ្យបាន ។ អ្នកអាចរកការងារក្រៅម៉ោង ឬ មានការលក់ឥវ៉ាន់ខ្លះបន្ថែមពីម៉ោងដែលអ្នកធ្វើការឬរកស៊ី … បើទោះបីវាមិនបានច្រើនមែន តែវាពិតជាអ្នកជួយអ្នកបានច្រើនខ្លាំងណាស់ ។
សកម្មភាព៖ អ្នកអាចស្វែងរកការងារក្រៅម៉ោង ឬ រៀនវិនិយោគផ្សេងៗដើម្បីរកប្រាក់ ឬ អ្នកអាចលក់ឥវ៉ាន់តាមផ្សារអនឡាយដូចជា Kaymu ជាដើម ។

6.បន្ថែម ៖ជំពាក់លុយគេ គ្មានអ្វីអាក្រក់នោះទេ ឲ្យតែអ្នកប្ដេជ្ញានឹងសងគេជាបន្តបន្ទាប់ឲ្យអស់នោះ ។ វាអាចយូរមែន តែវាប្រសើរជាងមិនមានទំនួលខុសត្រូវ ជំពាក់លុយគេហើយមិនសងនោះ ហើយរស់នៅទាំងមិនមានសេរីភាពខាងផ្លូវចិត្ត ។ ពេលដែលអ្នកចាប់ផ្ដើមសងបំណុលគេ ហើយចាប់ផ្ដើមសន្សំពេលជាមួយគ្នានោះ អ្នកនឹងមានអារម្មណ៍ថាសប្បាយចិត្តនឹងខ្លួនឯង ដែលឃើញបំណុលកាន់តែថយ ហើយលុយក្នុងកាបូបកាន់តែរីកប៉ោង មិនយូរនោះទេក្រោយពេលដោះបំណុលរួចអ្នកនឹងមានសេរីភាពក្នុងចិត្ត១០០% ហើយនឹងក្លាយជាអ្នកមានមួយរូបដ៏អស្ចារ្យផងដែរ ។
លើសពីនេះអ្នកក៏អាចអានសៀវភៅដែលពង្រីកចំណេះដឹងខាងលុយកាក់បន្ថែមដើម្បីបង្កើនភាពវៃឆ្លាតខាងហិរញ្ញវត្ថុនេះផងដែរ ។
អានអត្ថបទ ៖ ចង់មាន ហើយមិនចង់អានច្រើន ? នេះជាសៀវភៅខ្លីៗទាំង១១ ដែលអ្នកអាចអានចប់ក្នុង១ល្ងាច
ចាំបាច់ = របស់ខ្វះមិនបាន
ចង់បាន = អាចខ្វះ ឬ ជំនួសបាន
របស់ជាបំណុល(អាក្រក់) = របស់ដែលដកលុយពីអ្នករហូត
របស់ជាទ្រព្យ = របស់ដែលបង្កើតលុយឲ្យអ្នករហូត
សួរខ្លួនឯងថា របស់ដែលអ្នករកទិញនោះជា របស់ចាំបាច់ ឬ របស់ចង់បាន ? ជាបំណុល ឬ ជាទ្រព្យ ?

ប្រភព៖cambomag

  • ធ្វើ​ដូច​ម្ដេច​ទើប​អាច​​សង​បំណុល​(លុយ​)​គេ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ? ​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:ជីវិតនិងសង្គម
Tags: