លោក ហ៊ុន សែន ថា​មន្ត្រី​មួយ​ចំនួន​លួច​មាន​កូន​ជាមួយ​ស្រី​ក្រៅ​ផ្ទះ​ពេល​ចុះ​តាម​មូលដ្ឋាន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា មន្ត្រី​របស់​លោក​មួយ​ចំនួន បាន​លួច​មាន​កូន​ជាមួយ​ស្រី​ក្រៅ​ផ្ទះ​នៅ​ពេល​ចុះ​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ។ លើស​ពី​នេះ លោក ហ៊ុន សែន ថា​មាន​មន្ត្រី​ខ្លះ​ទៀត រពឹស​ដៃ​យក​ដី​ពី​ប្រជាពលរដ្ឋ​បង្កើត​ជា​ជម្លោះ​ថែម​ទៀត​ផង។

ការ​ទម្លាយ​រឿង​មន្ត្រី​របស់​ខ្លួន​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ស្នេហ៍​ក្រៅ​អាពាហ៍ពិពាហ៍​រហូត​មាន​កូន​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ក្នុង​ពេល​លោក ហ៊ុន សែន កំពុង​ផ្តល់​អនុសាសន៍​ដល់​មន្ត្រី​ទាំងអស់ កុំ​ធ្វើ​ខ្លួន​ជា​មន្ត្រី​ជើង​១០ តែ​ត្រូវ​ធ្វើ​ខ្លួន​ជា​មន្ត្រី​ជើង​ពីរ ដើម្បី​បម្រើ និង​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាជន៖ «»

លោក ហ៊ុន សែន បាន​ប្រាប់​រឿង​ដែល​លោក​បាន​ដឹង​ទៀត​ថា មាន​មន្ត្រី​ខ្លះ​ទៀត​ពេល​ស្លាប់​ទៅ ស្រាប់​តែ​មាន​ស្រី​ព​កូន​មក​សុំ​ចូល​ដុត​ធូប ដោយ​ប្រាប់​ថា នាង​ក៏​ជា​ប្រពន្ធ​មួយ​រូប​ដែរ។

បញ្ហា​រឿង​ស្រី​ញី​ក្នុង​រង្វង់​មន្ត្រី​រដ្ឋាភិបាល​នេះ គេ​មិន​ឃើញ​ស្ថាប័ន​របស់​រដ្ឋ និង​ក្រុម​និស្សិត​ដឹក​នាំ​ដោយ​លោក ស្រី ចំរើន ស្វះ​ស្វែងរក​ការ​ពិត ហើយ​មាន​វិធានការ​ផ្លូវ​ច្បាប់​ដូច​ខាង​គណបក្ស​ប្រឆាំង​ឡើយ។

មួយ​រយៈ​ចុង​ក្រោយ​នេះ មេ​ឃុំ​បក្ស​ប្រឆាំង​មួយ​រូប មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ..ប ១​រូប កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ខណៈ​ប្រមុខ​បក្ស​ប្រឆាំង និង​តំណាង​រាស្ត្រ​មួយ​ចំនួន កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​ខ្សែ​អាត់​សំឡេង​សាសង​ស្នេហា​តាម​ទូរស័ព្ទ​រវាង​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ និង​លោក កឹម សុខា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។