ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ម៉ា​ឡៃ បាន​ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ ពី​បទ​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​ត្រង់​ចំណុច​ភូមិ​ជ្រៃ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ  ហើយ​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។ លោក​អនុសេនីយ៍ឯក អោ​ក សំ​ណុ​ក នាយ​រង​ការិយាល័យ នគរបាល​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​បាន​ដាក់​ចេញ​នូវ​បទបញ្ជា ឲ្យ​ការិយាល័យ​ជំនាញ​លោក ចុះ​ធ្វើការ​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់ ។

ក្នុង​នោះ​ក៏​បាន​ឲ្យ​ការិយាល័យ​ជំនាញ​របស់​លោក​មាន​កិច្ចសហការ​ណ៍​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន ក៏​ដូច​ជា​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​/​ក្រុង​ជាប់​ព្រំដែន និង​វរ​សេនា​តូច​ការពារ​ព្រំដែន ត្រូវ​ស៊ើបអង្កេត​ស្រាវជ្រាវ​ផង​ដែរ​ចំពោះ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នោះ ជា​លទ្ធផល នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ ២០១៦ ដោយ​មានការ​សម្របសម្រួល​ពី សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ម៉ា​ឡៃ ចុះ​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ឈ្មោះ ស៊ឹ​ម  វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

ជាមួយនឹង​ការ​ចុះ​បង្ក្រាប​នេះ​ផង​ដែរ សមត្ថកិច្ច​នគរបាល​យើង​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ជាក់ស្តែង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន​៤៨​គ្រាប់​ទម្ងន់​៤,៥​ក្រាម និង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ពណ៌​ស ក្រាម ចំនួន​១៥​កញ្ចប់ បំពង់​បឺត និង​១​កូន​ថង់​តូច ទម្ងន់​ស្មើ​៣,០​ក្រាម ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ដប​កែ​ច្នៃ​ជក់​១​។ លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត នាយការិយាល័យ នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ស៊ឹ​ម វិ​ច្ឆ័​យ បាន​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ​គឺជា​របស់​ខ្លួន​បាន​ទិញ​ពី​ស្រុក​ប​វេ​លយ​កមក​លក់​បន្ត​នៅ​ស្រុក​ម៉ា​ឡៃ នេះ​គឺជា​លើក​ទី​១​ទេ​ដែល​បាន​ប្រព្រឹត្ត​ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្ដង​។ ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕