បន្លំ​ខ្លួន​ជា​ជំនួយការ​ប៉ូលិស​ដើរ​បោក​លុយ​ពលរដ្ឋ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ ទីបំផុត​ត្រូវ​ជាប់​គុក​

បន្លំ​ខ្លួន​ជា​ជំនួយការ​ប៉ូលិស​ដើរ​បោក​លុយ​ពលរដ្ឋ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ ទីបំផុត​ត្រូវ​ជាប់​គុក​



ភ្នំពេញ​ ៖ ​បុរស​ម្នាក់ ​ដែល​តាំង​ខ្លួន​ជា​ជំនួយការ​ប៉ូលិស​ប៉ុស្តិ៍​រួច​ដើរ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ ដែល​ចង់​ធ្វើ​សៀវភៅ​ស្នាក់នៅ ​និង​អត្តសញ្ញាណប័ណ្ណ​ តែ​ធ្វើ​ពុំ​បាន​ ទីបំផុត​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ចោទប្រកាន់​ពី​បទ​ឆបោក​។

ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​១៨ ​ខែ​មិថុនា ឆ្នាំ​២០១៦។ ជន​ឆបោក​ខាងលើ​ឈ្មោះ​ម៉ែន ​សុ​វណ្ឌ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ​មុខរបរ​យោធា​មាន​ទីលំនៅ​ផ្ទះ​លេខ៤០០ ក្រុម​១៣​ភូមិ​ដំណាក់​ធំ​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក​អនុសេនីយ៍ឯក ម៉ៅ សាវឿន ប្រ​ធាន​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បាន​ឲ្យ​ដឹង​ថា ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាងលើ​នេះ​ គឺ​ធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​របស់​ជនរ​ងគ្រោះ​ដូច​មាន​ខាងក្រោម​ ទី​១. ជនរងគ្រោះ​ឈ្មោះ តា​យ ពា​វ ​បាន​ពឹង​ឲ្យ​ជួយ​កែ​ និង ​ធ្វើ​អត្តសញ្ញាប័ណ្ណ​ សញ្ជាតិ​ខ្មែរ ​ដែល​ខុស​ឈ្មោះ​ និង​សំបុត្រកំណើត​ក្នុង​តម្លៃ​៥០​ដុល្លារ​។ ជនរងគ្រោះ​ទី​២.​ឈ្មោះ​ក្រោក សុ​វណ្ណដា​រ៉ា បាន​ពឹង​ឲ្យ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ និង ​សំបុត្រកំណើត​ក្នុង​តម្លៃ​២៣០​ដុល្លារ​ និង​ជន​រងគ្រោះ​ទី​៣.​ឈ្មោះ គង់ ប៊ុន​ថា ​បាន​ពឹង​ឲ្យ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែរ ​និង​ រត់​ការ​ធ្វើ​ច្បាប់​អាជីវកម្ម​បើក​ផ្ទះសំណាក់​ក្នុង​តម្លៃ​៩៥០​ដុល្លារ​។

លោក​កែវ សាវឿន បាន​បន្ត​ថា ​ល្បិច​បោក​របស់​ជនល្មើស​ គឺ​គេ​បាន​បោះ​នាម​ប័ណ្ណ​ផ្ទាល់​ខ្លួន​ជា​ជំនួយការ​ប៉ូលិស​ផ្នែក​ស្ថិតិ ​ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ​លោក​ជឿ​រួច​ឲ្យ​រត់ការ​តែ​ទីបំផុត​ពេល​បាន​លុយ​ដល់ដៃ​គេ​យក​ទៅ​ចាយវាយ​ស្រី​ញី​អូន​បង​អស់ហើយ ​រត់គេច​ខ្លួន​មិន​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ។

លោក​មេ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា ​ជន​នេះ​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​ប៉ូលិស​ក្នុង​តួនាទី​ជា​ជំនួយ​ការ​ស្អី​ទេ​និយាយ​ឲ្យ​ខ្លី​គឺជា​ជន​ឆបោក​។ ដូច្នេះ​ប៉ូលិស​សំណូម​ពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បើ​ចង់​ធ្វើ​សៀវភៅ​ស្នាក់នៅ​ ឬ អត្តសញ្ញាណប័ណ្ណ​ និង ​សំបុត្រកំណើត​ត្រូវ​មកកាន់​ស្នាក់​ការ​ប៉ូលិស និង សាលាសង្កាត់​ដោយ​ផ្ទាល់។ ត្រូវ​ចងចាំ​ថា​ ក្រុម​ពួក​ឆបោក​វា​ប្រើ​ល្បិច​ខ្ពស់​ណាស់​ទើប​អាច​បោក​បងប្អូន​បានតែ​ទីបំផុត​គេច​មិន​ផុត​ពី​គុក៕