ពលរដ្ឋ​ស្រុក​បវេល​ខេត្ត​បាត់ដំបង​ដាក់​ញត្តិ​រក​អន្តរាគមន៍​រឿង​ផ្ដល់​ដី​កសិកម្ម​ពី​ក្រសួង​រៀបចំ​ដែនដី

ពលរដ្ឋ​ចំនួន ៥​នាក់​ដែល​អះអាង​ថា​ជា​តំណាង​អ្នក​ភូមិ​ចំនួន ៥​ភូមិ នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើ​ឲ្យ​ផ្ដល់​ដី​កសិកម្ម​ជូន​ពួក​គាត់​បង្កបង្កើន​ផល។

ពលរដ្ឋ​មក​ពី​ភូមិ​យុត្តិធម៌ ឃុំ​បឹងប្រាំ ស្រុក​បវេល លោក ជួន សន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ មិថុនា ថា ពួក​គាត់​ចង់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា អន្តរាគមន៍​ផ្ដល់​ដី​ធ្វើ​កសិកម្ម​ជូន​ពលរដ្ឋ​ជាង ១.៧០០​គ្រួសារ និង​គ្រួសារ​យោធិន​កាត់​រំសាយ​ជាង ២០០​គ្រួសារ ដែល​មាន​ឈ្មោះ​ទទួល​បាន​គោល​នយោបាយ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល តាំង​ពី​ឆ្នាំ​២០១២។ លោក ជួន សន បញ្ជាក់​ថា អ្នក​ភូមិ​ស្ទើរ​ទាំងអស់ បាន​ទទួល​តែ​ប្លង់ ប៉ុន្តែ​ពួក​គាត់​ពុំ​ទទួល​បាន​ដី​កសិកម្ម​នៅ​ឡើយ​ទេ។ រីឯ​គ្រួសារ​តិចតួច​ប៉ុណ្ណោះ ទទួល​បាន​ដី ប៉ុន្តែ​ពុំ​មាន​ប្លង់​ឡើយ។

លោក​ថា បញ្ហា​នេះ ពួក​គាត់​ពុំ​ទទួល​បាន​ដំណោះស្រាយ​ពី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ឡើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ទើប​នាំ​គ្នា​យក​ញត្តិ​សុំ​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី«ពេល​ណា​យើង​តវ៉ា​មក គឺ​អាជ្ញាធរ​ទប់ស្កាត់​អត់​ឲ្យ​យើង​ឡើង​មក​តវ៉ា​ទេ។ ពួក​ខ្ញុំ​មក​នេះ គឺ​សុទ្ធតែ​លប​មក​ទេ។ ក្រសួង​ដែនដី គេ​សុំ​ឲ្យ​យើង​ប្រមូល​ប្លង់​អ្នក​ដែល​មាន​ប្លង់​ជាង ១.២០០​គ្រួសារ​ឲ្យ​គេ ដើម្បី​ឲ្យ​គេ​រៀប​គណៈកម្មការ​ចុះ​ទាំង​ឈ្មោះ យក​ទាំង​ប្លង់​ថត​ចម្លង (Copy) បញ្ជូន​មក​ឲ្យ​គេ»

ពលរដ្ឋ​ដដែល​អះអាង​ថា អ្នក​ភូមិ​ដែល​ជួប​បញ្ហា​កំពុង​រស់នៅ​ក្នុង​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​បឹងប្រាំ កំពុង​ត្រូវ​ការ​ដី​បង្កបង្កើន​ផល ដោយសារ​មាន​ជីវភាព​ខ្វះខាត ហើយ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បាត់ដំបង មិន​ផ្ដល់​ដំណោះស្រាយ​ជូន​ពួក​គាត់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។