កម្មករ​រោងចក្រ​ដាលី​នៅ​ខេត្ត​កំពង់ស្ពឺ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​តំណាង​៥​នាក់​ចូល​ធ្វើ​ការ​វិញ

កម្មករ​ជាង ១០០​នាក់​នៅ​រោងចក្រ ដាលី (Dali) នៅ​ភូមិ​ត្រពាំងគង ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ ទាមទារ​ឲ្យ​ថៅកែ​យក​តំណាង​ពួក​គេ​ចំនួន ៥​នាក់​ចូល​ធ្វើ​ការ​វិញ។

អនុប្រធាន​សហជីព​កម្មករ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា លោក សយ ចន្ធូ ថ្លែង​នៅ​ថ្ងៃ​ទី​២០ មិថុនា ថា មូលហេតុ​ដែល​ថៅកែ​បញ្ឈប់​កម្មករ​ចំនួន ៥​នាក់​ជា​បន្តបន្ទាប់ គឺ​ដោយសារ​ថៅកែ​ក្រុមហ៊ុន​នេះ​រើសអើង​សហជីព។ លោក​ថា ក្រៅ​អំពី​ការ​តវ៉ា​ឲ្យ​យក​តំណាង​ពួក​គេ​ទាំង ៥​រូប​ដែល​ថៅកែ​បញ្ឈប់​គ្មាន​មូលហេតុ បាន​ចូល​ធ្វើ​ការ​វិញ កម្មករ​ក៏​ទាមទារ​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត​ដែរ«បើ​រោងចក្រ​ចង់​បញ្ឈប់​តំណាង​កម្មករ ត្រូវ​មាន​ការ​ជូន​ដំណឹង ព្រោះ​ច្បាប់​ការងារ​បាន​ចែង​ច្បាស់ មិន​អាច​បញ្ឈប់​គាត់​ផ្ដេសផ្ដាស​បាន​ទេ អត់​មាន​ជូន​ដំណឹង​ទៅ​អធិការកិច្ច​ការងារ​អី គាត់​បញ្ឈប់​ឆៅ​តែ​ម្ដង។ គាត់​ដឹង​ថា​ពួក​ខ្ញុំ​បង្កើត​សហជីព»

ប្រភព​ដដែល​អះអាង​ថា ថៅកែ​ក្រុមហ៊ុន​បាន​បញ្ឈប់​កម្មករ​ជា​បន្តបន្ទាប់​តាំង​ពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ មិថុនា។

ជុំវិញ​បញ្ហា​នេះ សហជីព​កម្មករ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ទីរ​ការងារ​ឲ្យ​ភាគី​រោងចក្រ​ចូល​ខ្លួន​ដោះស្រាយ និង​ចរចា​ជាមួយ​កម្មករ ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ថា​យ៉ាង​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។