ថៅកែ​រោងចក្រ​កាត់ដេរ​ Cerie​ ជា​សញ្ជាតិ​ចិន​ដែល​កំពុង​មានរឿង​អាស្រូវ​ក្តីក្តាំ​ជាមួយ​កម្មករ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​


​យោង​តាម​ការ​ឯកភាព​យល់ព្រម​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ ដោយ​លិខិត​លេខ​២១០៥/១៤​ គ​.​វ​.​ក​ ចុះ​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៤​ គឺ​ក្រុមហ៊ុន​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ "Cerie​ (Cambodia)​ Garment​ Co.,​ Ltd."​ មាន​ទីតាំង​ឋិត​នៅ​ផ្លូវជាតិ​លេខ​៤​ ភូមិ​ចំបក់​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ និង​មាន​លោកស្រី​ Lau​ Sau​ Wan​ សញ្ជាតិ​ចិន​ (​ហុងកុង​)​ ជា​ថៅកែ​ (​តំណាង​ក្រុមហ៊ុន​)​ ទទួល​បានការ​អនុញ្ញាត​ឲ្យ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​នៅ​កម្ពុជា​ឈ្មោះ​ សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ "Cerie​ (Cambodia)​ Garment​ Co.,​ Ltd."​ ដោយ​ប្រកាស​លេខ​០២៣០​ឧស​.​ក​ឧ​.​ប្រក​.៩​ ចុះ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​ របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ ។​

​ដំណើរការ​រោងចក្រ​បាន​រយៈពេល​ប្រមាណ​១​ឆ្នាំ​ លោកស្រី​ Lau​ Sau​ Wan​ អាយុ​៦០​ឆ្នាំ​ ជា​ថៅកែ​រោងចក្រ​ មាន​សញ្ជាតិ​ចិន​(​ហុងកុង​)​ ក៏​ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៥/៩៦១​ ចុះ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ហើយ​ក៏​ចាប់ផ្តើម​មានរឿង​អាស្រូវ​ក្តីក្តាំ​ជាមួយ​កម្មករ​ កម្មការិនី​ផង​ដែរ​ បន្ទាប់​ពី​រោងចក្រ​បញ្ឈប់​ការងារ​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ចំនួន​៣​នាក់​ទាំង​ខុសច្បាប់​រួច​មក​ ។​

​ពាក់ព័ន្ធ​នឹង​ការ​បញ្ឈប់​ការងារ​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ចំនួន​៣​នាក់​ គឺ​លោក​ ទូច​ ស្រ៊ុ​ន​(​ប្រធាន​សហជីព​)​ អ្នកស្រី​ ម៉ៃ​ សុខ​ណា​ង​(​អនុប្រធាន​សហជីព​)​ និង​អ្នកស្រី​ ជួប​ សុខ​លៀប​(​លេខា​ធិ​ការិនី​សហជីព​)​ ដោយ​ភាគី​និយោជក​រោងចក្រ​នោះ​ត្រូវ​បាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​សម្រេច​បង្គាប់​ឲ្យ​និយោជក​រោងចក្រ​ទទួលយក​កម្មករ​ និយោជិត​ទាំង​៣​នាក់​ចូល​ធ្វើការ​វិញ​ និង​ផ្តល់​ប្រាក់​រំលឹក​ចាប់ពី​ថ្ងៃ​បញ្ឈប់​រហូត​ដល់​ថ្ងៃ​ចូល​ធ្វើការ​វិញ​ ដោយ​សេចក្តី​បង្គាប់​លេខ​៣០២/១៥​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ ប៉ុន្តែ​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ​ ត្រូវ​បាន​ភាគី​និយោជក​រោងចក្រ​ប្តឹង​ជំទាស់​នា​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ជា​ហេតុ​ធ្វើ​ឲ្យ​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​មិន​អាច​អនុវត្តន៍​បាន​ ។​

​ដោយ​យល់​ឃើញ​ថា​ សេចក្តី​បង្គាប់​លេខ​៣០២/១៥​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​មិន​អាច​អនុវត្តន៍​បាន​ ទើប​ក្រុម​ភាគី​កម្មករ​ និយោជិត​ជា​សមាជិក​ សមាជិកា​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ នាំ​គ្នា​ធ្វើ​កូដកម្ម​-​បាតុកម្ម​ ហើយក៍​ត្រូវ​បាន​ភាគី​និយោជក​រោងចក្រ​ប្តឹង​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នា​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ចំនួន​២​នាក់​ ក្នុង​ចំណោម​ជន​ត្រូវ​ចោទ​ចំនួន​១១​នាក់​ ។​ លើស​ពី​នេះ​ ភាគី​កម្មករ​ និយោជិត​រង​គ្រោះ​ដោយ​ការ​បញ្ឈប់​ការងារ​ទាំង​រំលោភ​បំពាន​ច្បាប់​ពី​សំណាក់​និយោជក​រោងចក្រ​នោះ​ ក៏​បាន​ប្តឹង​លោកស្រី​ Lau​ Sau​ Wan​ ជា​ថៅកែ​រោងចក្រ​ ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ផង​ដែរ​ ដើម្បី​ទាមទារ​ចូល​បម្រើ​ការងារ​វិញ​ តាម​នីតិវិធី​ច្បាប់​ ។​

​រហូត​មក​ទល់​នឹង​ពេល​នេះ​ ប្រភព​ច្បាស់​ការណ៍​ពី​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បាន​ឲ្យ​ដឹង​ថា​ លោក​ ជូ​ លឹ​ម​ហ៊ា​ង​ ជា​ចៅក្រម​ទទួល​បន្ទុក​សំណុំរឿង​មិន​ទាន់​ដំណើរការ​នីតិវិធី​ដោះស្រាយ​ទៅ​លើ​ពាក្យបណ្តឹង​របស់​ភាគី​កម្មករ​ និយោជិត​រង​គ្រោះ​នៅឡើយ​ទេ​ គឺ​មាន​រយៈពេល​ជាង​០៥​ខែ​ហើយ​ ៕​

ថៅកែ​រោងចក្រ​កាត់ដេរ​ Cerie​ ជា​សញ្ជាតិ​ចិន​ដែល​កំពុង​មានរឿង​អាស្រូវ​ក្តីក្តាំ​ជាមួយ​កម្មករ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​

Related