ប្រពន្ធ​ស្រវឹង​ស្រា​ចាក់​ប្រហារ​ប្តី​ស្លាប់​ ត្រូវ​ចាប់ខ្លួន

ប្រពន្ធ​ស្រវឹង​ស្រា​ចាក់​ប្រហារ​ប្តី​ស្លាប់​ ត្រូវ​ចាប់ខ្លួន



កំពង់ចាម​ ៖ ​ស្ត្រី​ប្រមឹក ​ដែល​តែងតែ​ប្រើ​អំពើ​ហិង្សា​លើ​ប្តី​ជារឿយៗ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​ឃាត់ខ្លួន​ជាក់ស្តែង​ពី​បទ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​បណ្តាល​ឲ្យ​ប្តី​ស្លាប់​កាលពី​ម៉ោង​២រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែ​មិថុនា​ ឆ្នាំ២០១៦ ប្រព្រឹត្ត​នៅ​ភូមិ​បឹង​ទឹង ​ឃុំ​ទងត្រឡាច​ ស្រុក​ស្រី​សន្ធរ ​ខេត្តកំពង់ចាម។

លោក​ហេង​ វណ្ណា​ អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​ល្មើស​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​អុក ​រ៉ា ​អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើ​ត​ហេតុ​ខាងលើ ​រីឯ​ជនរង​គ្រោះ​រហូត​ដល់​ស្លាប់​មានឈ្មោះ​យី​ យ៉ិ​ត ​ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ​ ត្រូវជា​ប្តី​រស់​នៅ​ក្នុង​ដំបូល​ផ្ទះ​តែមួយ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យដឹង​ថា ​ជារឿយៗ​ស្ត្រី​ឈ្មោះ​អុក ​រ៉ា ​តែងតែ​ផឹក​ស្រា​ស្រវឹង​រករឿង​ប្តី​ឈ្មោះ​យី​ យ៉ិ​ត ​មិនសូវ​លោះ​ថ្ងៃ​ទេ​ តែ​បុរស​ជា​ប្តី​មិន​តបត។

ប្រភព​បន្ត​ថា​ នៅ​វេលា​ម៉ោង​២រំលង​អធ្រាត្រ​ថ្ងៃ​ទី​២០​ ខែមិថុនា ឆ្នាំ២០១៦ ស្ត្រី​ជា​ប្រពន្ធ​ស្រវឹង​ស្រា​ យ៉ាង​ខ្លាំង​ហើយក៏​ឈ្លោះប្រកែក​ជាមួយ​ប្តី​(​ជនរងគ្រោះ​)​រហូត​យក​កាំបិត​ចុង​ស្រួច​ចាក់​ប្តី ​ចំ​ក្រោម​ទងត្រចៀក​ខាងឆ្វេង​មួយ​កាំបិត​បណ្តាល​ឲ្យ​បុរស​ជា​ប្តី​ស្លាប់​ភ្លាម​មួយ​រំពេច។

លោក​ហេង​ វណ្ណា​ អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយពី​ទ​ទួ​ល​ព័ត៌មាន​នេះ​ភ្លាម​ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ​អុក ​រ៉ា​ នាំ​មក​អធិការដ្ឋាន​ ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិ​វិធី​ត្រៀម​បញ្ជូន​ទៅ​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់​ចាម​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។ រីឯ​សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​បន្ទាប់ពី​ពិនិត្យ​សព​រួច៕

ប្រពន្ធ​ស្រវឹង​ស្រា​ចាក់​ប្រហារ​ប្តី​ស្លាប់​ ត្រូវ​ចាប់ខ្លួន ប្រពន្ធ​ស្រវឹង​ស្រា​ចាក់​ប្រហារ​ប្តី​ស្លាប់​ ត្រូវ​ចាប់ខ្លួន ប្រពន្ធ​ស្រវឹង​ស្រា​ចាក់​ប្រហារ​ប្តី​ស្លាប់​ ត្រូវ​ចាប់ខ្លួន