ក្រុមប្រឹក្សាធម្មនុញ្ញ រៀបចំ​ពិធី​ផ្លាស់ប្តូរ​សមាជិក ៣ រូប នៅ​ថ្ងៃស្អែក​ និពន្ធដោយ : ម៉ៅ សុផា       June-20-2016, 9:39 pm         258

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុមប្រឹក្សាធម្មនុញ្ញ រៀបចំ​ពិធី​ផ្លាស់ប្តូរ​សមាជិក ៣ រូប នៅ​ថ្ងៃស្អែក​​ភ្នំពេញ​៖ ពី​ធី​ទទួល​សមាជិក​ថ្មី​ចំនួន​៣​រូប​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ នឹងធ្វើ​ឡើង​នៅ​វិមាន​រដ្ឋ​ចម្ការមន នា​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ខែមិថុនា​នេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ផ្លាស់ប្តូរ​សមាជិក​ចំនួន ៣ រូប សម្រាប់​អាណត្តិ​ទី​៧  គឺ​ឆ្នាំ​២០១៦ ដល់ ឆ្នាំ​២០១៩ ។ ប្រធាន​ថ្មី​នៃ​ស្ថាប័ន​កំពូល​មួយ​នេះ នឹងត្រូវ​បោះឆ្នោត​ជ្រើសតាំង ក្នុង​កិច្ចប្រជុំ​នេះឯង​។

​ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ រួមទាំង​សមាជិក​២​រូប​ទៀត នឹងត្រូវ​ចាកចេញ​ពី​តំណែង ក្រោយ​បញ្ចប់​អាណត្តិ ក្នុង​ឆ្នាំ​២០១៦​នេះ​។ ប្រធាន និង​សមាជិក​ដែល​ត្រូវ​ផ្លាស់ប្តូរ​នោះ​គឺ លោក ឯក សំអុល  លោក ព្រហ្ម ញាណ​វិចិត្រ និង​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់​ដា​រ៉ាវ​ង្ស​។

​លោក ឯក សំអុល ដែល​បាន​ទៅកាន់​តំណែង​ក្នុង​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ដោយសារ​រដ្ឋសភា​បោះឆ្នោត​ជ្រើសរើស ហើយ​ត្រូវ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​បោះឆ្នោត​ឆ្នោត​ឲ្យ​ធ្វើជា​ប្រធាន​ស្ថាប័ន​បកស្រាយ​ច្បាប់​កន្លងមកនេះ នឹងត្រូវ​ជំនួស​ដោយ​លោក សំ ព្រហ្មនា ជា​អតីត​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដែល​ជ្រើសតាំង​ដោយ​រដ្ឋសភា​។ ប៉ុន្តែ​មិន​មានន័យថា លោក សំ ព្រហ្មនា នឹង​ជំនួស​តំណែង​លោក ឯក សំអុល ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ឡើយ ពោលគឺ​លោក​នឹង​ក្លាយជា​សមាជិក​ស្ថាប័ន​កំពូល​មួយ​នេះ​ធម្មតា​សិន ហើយ​សមាជិក​ទាំង ៩ រូប​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​រូប​ណាមួយ​ឲ្យ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​នេះ​តាម​ក្រោយ​។

​ចំណែកឯ លោក ព្រហ្ម ញាណ​វិចិត្រ នឹងត្រូវ​ជំនួស​ដោយ​លោក អ៊ឹម ឈុនលឹម អតីតរដ្ឋមន្ត្រី​ក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ ដែល​ជ្រើសតាំង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ ដោយឡែក អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់​ដា​រាវ​ង្ស នឹងត្រូវ​ជំនួស​ដោយ​ឥស្សរជន​មួយរូប ដែល​តែងតាំង​ដោយ​អង្គ​ព្រះមហាក្សត្រ​។

​តាម​រដ្ឋធម្មនុញ្ញ សមាជិក​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​៣​រូប តែងតែ​ត្រូវបាន​ផ្លាស់ប្តូរ ជា​រៀងរាល់​៣​ឆ្នាំ​ម្តង​។ សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន ១​រូប និង​សមាជិក​ចំនួន  ៨​រូប​។ ក្នុងចំណោម​សមាជិក​ទាំង​៩​រូបនោះ ៣​រូប​ជ្រើសតាំង​ដោយ​រដ្ឋសភា និង​៣​រូប​ជ្រើសតាំង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម រីឯ​៣​រូប​ទៀត​តែងតាំង​ដោយ​ព្រះមហាក្សត្រ​៕