សូមពលរដ្ឋ​នាំ​គ្នា​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ ដើម្បី​ងាយ​បោះ​ឆ្នោត

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ គំរូ​ថ្មី​នៅ តាម​បណ្តា​ស្រុក​ក្រុង​ទាំង​១០  សូម​មេត្តា​ប្រញាប់​នាំ​គ្នា​មក​ធ្វើ​ឲ្យ​បាន​គ្រប់​ៗ​គ្នា    ដើម្បី​ងាយ ស្រួល នឹង​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​។ នេះ​ជា​ប្រសាសន៍​របស់​នាយ​ឧត្តមសេនីយ៍  ចាន់ អ៊ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង   និង​បំពាក់​ឋានន្តរសក្តិ​មន្ត្រី​នគរបាល​ជាតិ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម នា​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​នោះ​ក៏​មាន​កម្លាំង​នគរបាល​មក​ពី​ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង បាន​ចូលរួម​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​គូសបញ្ជាក់​ថា​ពី​មួយ​ឆ្នាំទៅ​មួ យ​ឆ្នាំ​សភាពការណ៍​បទល្មើស​មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់      ជាក់ស្តែង​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៦​នេះ​សភាពការណ៍​បទល្មើស​កើតឡើង​ចំនួន​៤៨​ករណី    បើ​ប្រៀបធៀប​ទៅ​នឹង​ឆមាស​ទី​១​ឆ្នាំ​២០១៥ កន្លង​ទៅ​គឺ​មានការ​ថយ​ចុះ​បទឧក្រិដ្ឋ​៦​ករណី  និង​បទ​ម​ជ្ឈឹ​ម​ចំនួន​៨​ករណី  គួរ​ឲ្យ​កត់សម្គាល់ ។ លទ្ធផល​ទាំងនេះ​ទទួល​បាន​គឺ អាស្រ័យ​ដោយ​មានការ​ខិតខំ​ប្រឹងប្រែង របស់​កម្លាំង​នគរបាល​គ្រប់​ផ្នែក គ្រប់​ជំនាញ​គ្រប់​លំដាប់ថ្នាក់  សហ​ការណ៍​ល្អ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច  អង្គភាព​ពាក់ព័ន្ធ ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បន្ត​ថា   នា​រសៀល​នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ទាំងមូល ក៏​ដូច​ជា​រូប​លោក​ផ្ទាល់​មាន​មោទនភាព និង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែលថ្នាក់លើ​បាន​យកចិត្តទុកដាក់ សំរេច​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​តម្លើង​ឋានន្តរសក្តិ​មន្ត្រី​នគរបាល​ជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៦​នេះ បាន​ចំនួន​៥៦៤​នាក់ ក្នុង​នោះ​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​មាន​ថ្នាក់​ស្នងការ​រង ដល់​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​ចំនួន​១១៦​នាក់ និង​បំពាក់ឋានន្តរសក្តិ​មាន​ថ្នាក់​ឧត្តមសេនីយ៍ត្រី ដល់​ព្រិ​ន​បាល​ទោ​ចំនួន​៤៤៨​នាក់   ដោយឡែក​ក្នុង​ឪ​កាស​នេះ​មន្ត្រី​នគរបាល​ជាតិ​ត្រូវ​បាន​រាជរដ្ឋាភិបាល បាន​តែងតាំង​ស្នងការ​រង​មួយ​រូប និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់ឧត្តមសេនីយ៍ត្រី​៣​រូប ថ្នាក់​វរសេនីយ៍ឯក​១៦​រូប ។

នាយ​ឧត្តមសេនីយ៍ ចាន់ អ៊ា​ន  អគ្គស្នងការ​រង​នគរបាល​បាល​ជាតិ  មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នគរបាល​ដែល​មានយស​សក្តិ​មិនត្រូវ​ជិះជាន់​សង្កត់សង្កិន​ពលរដ្ឋ​ទន់ខ្សោយ​នោះ​ទេ  គឺ​ត្រូវ​តែ​បម្រើ​ដល់​ពលរដ្ឋ  និង​ត្រូវ​នាំ​គ្នា​ទប់ស្កាត់​គ្រឿង​ញៀន​ឲ្យ​បាន​ផុលផុស   ស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច  ៕