ក្រុម​ចោរ​ប្លន់​គ្នា​៥​នាក់ ​ប្លន់​យក​ម៉ូតូ​កង់​បី​ក្រោយ​វត្ត​សន្សំ​កុសល, សមត្ថកិច្ចថាទើបតែជួបលើកទី១​

ក្រុម​ចោរ​ប្លន់​គ្នា​៥​នាក់ ​ប្លន់​យក​ម៉ូតូ​កង់​បី​ក្រោយ​វត្ត​សន្សំ​កុសល, សមត្ថកិច្ចថាទើបតែជួបលើកទី១​



ភ្នំ​ពេ​ញ ៖ ក្រុមចោរ​ដែល​ជនរងគ្រោះ​អះអាង​ថា ​មាន​គ្នា​រហូតដល់​៥​នាក់​ បាន​ប្រើ​ល្បិច​ជួល​ឲ្យ​ដឹក​បក្ខពួក​វា​ចេញពី​មុខ​ព្រះ​បរម​រាជវាំង​មក​ក្រោយ​វត្ត​សន្សំ​កុ​សល ​រួច​ធ្វើ​សកម្មភាព​រឹត​ក​ប្លន់​យក​បាន​សម្រាប់ ហើយ​ការ​ប្លន់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា​ ពុំ​ដែល​ធ្លាប់​មាន​ទាល់តែ​សោះ​។

ហេតុការណ៍​ប្លន់​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៩ ខែមិថុនា ​ឆ្នាំ២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៤ ​ក្រោយ​វត្ត​សន្សំ​កុសល​ ភូមិ​សន្សំ​កុសល​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​ឈ្មោះ សាន ជ័រ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការ​មន​ រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ​ម៉ូតូ​កង់​បី​របស់​គាត់​ម៉ាកវីវ៉ា​ ពណ៌​ក្រហម​ ពាក់​ស្លាកលេខ ​ភ្នំពេញ​1R-2680 សណ្ដោង​រ៉ឺម៉ក ​ហើយ​មុន​ពេល​កើតហេតុ​ មាន​បុរស​៣​នាក់​ តាម​គាត់​ពី​មុខ​ព្រះបរមរាជវាំង​មក​ក្រោយ​វត្ត​សន្សំ​កុសល​ស្ថិត​ក្នុង​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ។

ជនរងគ្រោះ​បាន​បន្ត​ថា ​ពេល​ដឹក​បុរស​ទាំង​៣នាក់​មកដល់​ក្រោយ​វត្ត​សន្សំ​កុសល​ដែល​ជា​កន្លែង​ងងឹត​ ក៏​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់​ ព​ណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ បាន​ជិះ​ប្រជែង​រួច​វ៉ា​ផុត​ប្រហែល​១០​ម៉ែត្រ ​មាន​បុរស​ម្នាក់​ដែល​អង្គុយ​ពីក្រោយ​បាន​ជ្រុះ​ស្បែកជើង ​ហើយ​ក៏​បាន​ឈប់​ដើម្បី​ឲ្យ​ចុះ​រើស​ស្បែកជើង​ ចំណែក​គាត់​ដែល​បើក​រ៉ឺ​ម៉ក​ ក៏​បង្អង់​ល្បឿន​ពេលនោះ​ស្រាប់តែ​បុរស​៣​នាក់​ ដែល​អង្គុយ​លើ​រ៉ឺម៉ក​បាន​យក​អាវ​មក​រឹត​.ក​គាត់​ ថែមទាំង​វាយ​មក​លើ​គាត់​ធ្វើ​ឲ្យ​ទន់ដៃទន់ជើង​ចំណែក​ម៉ូតូ​កង់​៣​របស់​គាត់​ត្រូវ​ជនល្មើស​បើក​យក​ទៅ​បាត់។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​នេះ​ជា​លើក​ទី​១​ដែល​ក្រុម​ចោរ​មាន​គ្នា​រហូតដល់​៥​នាក់​មក​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​កង់​៣​បែប​នេះ​៕