ទម្លាយ​ផ្ទៃក្នុង ៖ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ស្នើសុំ​ឲ្យ​បញ្ឈប់​ចាត់តាំង​ក្រុម​យាម​លោក កឹម សុខា

ទម្លាយ​ផ្ទៃក្នុង ៖ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ស្នើសុំ​ឲ្យ​បញ្ឈប់​ចាត់តាំង​ក្រុម​យាម​លោក កឹម សុខា



ភ្នំពេញ ៖ ប្រភព​ផ្ទៃក្នុង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហើប​ឲ្យ​ដឹង​ថា រហូតមកដល់​ពេលនេះ មាន​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​គណបក្ស​មួយ​ចំនួន​បាន​ស្នើ​ឲ្យ​បញ្ឈប់​បង្កើត​ក្រុម​យាម​លោក កឹម សុខា តទៅទៀត ពីព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​គណបក្ស ហើយ​បើ​មានការ​ចាប់ខ្លួន​លោក កឹម សុខា ក៏​មិន​ប៉ះពាល់​ដល់​ការងារ​គណបក្ស​ឡើយ។

មកដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ នេះ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​លាក់ខ្លួន​សម្ងំ​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​អស់​រយៈពេល​ជិត​១​ខែ​មក​ហើយ ដោយ​មិន​ហ៊ាន​ចេញ​ខាងក្រៅ​គណបក្ស ព្រោះ​ខ្លាច​ការ​ចាប់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច ទាក់ទង​នឹង​បទល្មើស​ជាក់​ស្តែង ក្រោយពី​លោក​មិនបាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦។

តាម​ប្រភព​ខាងលើ​បាន​បង្ហើប​ថា នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​កាលពី​ថ្មីៗ​នេះ ក្រុម​មន្ត្រី​ស្និទ្ធ​លោក សម រង្ស៊ី បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ឈប់​បន្ត​បង្កើត​ក្រុមការងារ​ដាក់​វេន​គ្នា​យាម លោក​កឹម សុខា តទៅទៀត ពីព្រោះ​បើ​ម្នាក់ៗ​រវល់​តែ​មក​យាម​បែបនេះ​នឹង​ធ្វើ​ឲ្យប៉ះពាល់​ដល់​ការងារ​មូលដ្ឋាន និង​ប៉ះពាល់​ហិរញ្ញវត្ថុ​គណបក្ស។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ការងារ​ចាំ​ទទួល​មូលនិធិ​នៅ​ទីស្នាក់ការ​គណបក្ស ក៏​ស្នើសុំ​មិន​ឲ្យ​បន្ត​ទទួល​ទៀត​ដែរ ពីព្រោះ​ថា កន្លង​មក​នេះ​មាន​ជន​ឱកាសនិយម​ក្នុង​គណបក្ស បាន​ឆ្លៀតឱកាស​ប្រព្រឹត្តិ​អំពើពុករលួយ កិប​កេងប្រវ័ញ្ច​យក​លុយ​មូលនិធិ និង​របស់​ផ្សេងៗ​ដែល​ជា​របស់​ប្រជាពលរដ្ឋ ហើយ​ថែមទាំង​បាន​ឈ្លោះ​គ្នា​ដល់​ថ្នាក់​ស្ទើរ​តែ​ប្រើ​អំពើ​ហិង្សា​ដាក់គ្នា​ថែមទៀត​ផង​។

អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​គណៈកម្មការ​ទទួល​វិភាគទាន ឬ​មូលនិធិ​នេះ គឺ​ទទួល​បាន​ប្រាក់កម្រៃ​ក្នុង​មួយ​នាក់​២​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ហើយ​សូម្បី​ប្រាក់កម្រៃ​នេះ ក៏​បង្កើត​ជា​ការ​ច្រណែន នាំ​ដល់​ការ​ខ្វែងគំនិត​គ្នា​មិន​ចេះ​ចប់​មិនចេះហើយ។

ទាក់ទង​បញ្ហា​នេះ​កម្ពុ​ជាថ្មី​មិនទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​ពី​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ ប៉ុន្តែ​លោក ប៉ុល ហំ​ម មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​នៅ​ទីស្នាក់ការ​កណ្តាល នា​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ថា សកម្មភាព​ជួបជុំ​ប្រជាពលរដ្ឋ ក៏​ដូចជា​សកម្មជន នៅ​ទីស្នាក់ការ​កណ្តាល នឹង​នៅតែ​បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ មិន​ឈប់​ឡើយ​៕