មន្រ្តីអាដហុក១រូប កំពុងបំភ្លឺនៅតុលាការ ជុំវិញបទល្មើស «សូកប៉ាន់សាក្សី» និពន្ធដោយ : ម៉ៅ សុផា       June-21-2016, 8:36 am         53

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មន្រ្តីអាដហុក១រូប កំពុងបំភ្លឺនៅតុលាការ ជុំវិញបទល្មើស «សូកប៉ាន់សាក្សី»លោក ណៃ វង់ដា មន្ត្រីអាដហុក១រូប ក្នុងចំណោមមន្រ្តីអាដហុកទាំង៤រូប ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅពេលព្រឹកថ្ងៃទី២១ ខែមិថុនានេះ។ ខណៈពេលនេះ ចៅក្រមស៊ើបសួរ កំពុងតែសាកសួរលោក ណៃ វង់ដា បន្ថែម ទាក់ទងនឹងអំពើ «សូកប៉ានសាក្សី» ដែលលោក រងការចោទប្រកាន់កន្លងមក។

បន្ទាប់ពីបញ្ចប់ការសាកសួរលោក ណៃ វង់ដា នៅព្រឹកនេះ តុលាការនឹងបន្តនាំខ្លួនមន្ត្រីអាដហុក១រូបទៀត គឺលោក​ នី សុខា ទៅសាកសួរផងដែរ នៅម៉ោងប្រហែល២ រសៀល នាថ្ងៃទី២១​ មិថុនានេះឯង។ ការសាកសួរលោក នី សុខា ទំនងជាមិនខុសពីការសាកសួរលោក ណៃ វង់ដា នោះទេ ពោលគឺពាក់ព័ន្ធនឹងអំពើ «សូកប៉ាន់សាក្សី» ដូចគ្នា។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ តុលាការ​បានសួរមន្រ្តីអាដហុក២រូបរួចមកហើយ គឺលោកស្រី លឹម មុន្នី និងលោក យី សុខសាន្ត ជុំវិញបទល្មើស «សូកប៉ាន់សាក្សី» នេះ។ ដោយឡែក លោក នី ចរិយា អគ្គលេខាធិការរងរបស់គជប ក៏ត្រូវបានសួររួចហើយដែរ​ កាលពីថ្ងៃទី១៥ ខែមិថុនា ទាក់ទិននឹងអំពើ «សមគំនិតក្នុងរឿងសូកប៉ាន់សាក្សី» ដែលលោករងការចោទប្រកាន់កន្លងមក។

សូមរម្លឹកថា លោក នី ចរិយា ត្រូវបានតុលាការ​បញ្ជូនខ្លួនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារភ្នំពេញ កាលពីថ្ងៃទី២​ ខែឧសភា ឆ្នាំ២០១៦ ។ ចំណែកឯ​ មន្ត្រីអាដហុកទាំង៤រូប ត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារព្រៃស នៅថ្ងៃជាមួយនឹងលោក​ នី​ ចរិយា ផងដែរ។ បើតាមការចោទប្រកាន់របស់តុលាការ មន្ត្រីអាដហុក និងមន្ត្រីគជប សុទ្ធតែជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រី មុំ​ ជាមួយឯកឧត្តម កឹម​ សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ៕