ឯកអគ្គរដ្ឋទូត​បារាំង​ជួប​ប្រជុំ​បិទ​ទ្វារ​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា លោក ហ្សង់-ក្លូត ពាំបឺហ្វ (Jean-claude poimboeuf) ជួបប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា នៅឯទីស្នាក់ការកណ្ដាលគណបក្សនេះ នាសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ មិថុនា។

ឯកអគ្គរដ្ឋទូត​បារាំង​ជួប​ប្រជុំ​បិទ​ទ្វារ​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ

ជំនួបរវាងឯកអគ្គរដ្ឋទូតបារាំង និងលោក កឹម សុខា គណបក្សសង្គ្រោះជាតិ មិនបានអនុញ្ញាតឲ្យអ្នកកាសែតចូលយកព័ត៌មានទេ។ បន្ទាប់ពីកិច្ចប្រជុំដែលមានរយៈពេលមួយម៉ោង ទាំងមន្ត្រីទូតបារាំង និងគណបក្សសង្គ្រោះជាតិ ក៏មិនបានផ្ដល់ព័ត៌មានអ្វីជាសាធារណៈដែរ។

នេះ គឺជាជំនួបទ្វេភាគីបិទទ្វារលើកទីពីររវាងអ្នកការទូតនៃប្រទេសអឺរ៉ុប និងមន្ត្រីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់ លោក ហ្គើត មូលើរ (Gerd Muller) បានជួបលោក កឹម សុខា ដូចគ្នានេះដែរ កាលពីថ្ងៃទី១៥ មិថុនា។ ជំនួបបន្តបន្ទាប់នេះ គឺក្រោយពេលដែលសភាអឺរ៉ុប ចេញសេចក្ដីថ្លែងការណ៍បង្ហាញកង្វល់របស់ខ្លួន អំពីស្ថានការណ៍នយោបាយនៅកម្ពុជា តឹងតែង ដែលគណបក្សនយោបាយទាំងពីរមិនទាន់ជួបចរចាគ្នា។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ជាក់អំពីលទ្ធផលនៃជំនួបបិទទ្វាររវាងឯកអគ្គរដ្ឋទូតបារាំង និងលោក កឹម សុខា នេះបានទេ រហូតមកដល់ល្ងាចថ្ងៃទី២០ មិថុនា។

ជំនួយការមួយរូបឆ្លើយតបទូរស័ព្ទថា មន្ត្រីជាន់ខ្ពស់ទាំងនោះ កំពុងជាប់ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សរបស់ខ្លួន៕

ប្រភពៈ RFA