ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចូល​ជួប​លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលសួរសុខទុក្ខសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងអ្នកតំណាងរាស្ត្រ លោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំនៅពន្ធនាគារនោះទេ ប៉ុន្តែយល់ព្រមឲ្យចូលជួបសកម្មជនបក្សនេះជាង ១០នាក់ទៀត។

ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចូល​ជួប​លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន

លិខិតពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ចាន់ គីមសេង នៅថ្ងៃទី២០ មិថុនា បានសរសេរទៅកាន់អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៃគណបក្សសង្គ្រោះជាតិ លោក គង់ សភា ដោយអនុញ្ញាតលោក និងតំណាងរាស្ត្រមួយចំនួនទៀត ចូលជួបសួរសុខទុក្ខអ្នកជាប់ឃុំចំនួន ១៥រូប នៅមណ្ឌលអប់រំកែប្រែទី១ នៅថ្ងៃទី២១ ខែមិថុនា ប៉ុន្តែក្នុងលិខិត មិនបានអនុញ្ញាតឲ្យចូលសួរសុខទុក្ខអ្នកជាប់ឃុំ ៣រូបទៀត រួមមាន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា លោក អ៊ុំ សំអាន សមាជិករដ្ឋសភា និងលោក ស៊ាង ចែត មេឃុំស្រក នៃគណបក្ស សម រង្ស៊ី នោះទេ ពីព្រោះអ្នកទាំងបីស្ថិតក្នុងដំណាក់កាលស៊ើបសួររបស់តុលាការ ដោយតម្រូវឲ្យស្នើសុំការអនុញ្ញាតពីតុលាការជាមុន។

កាលពីថ្ងៃទី១៦ ខែមិថុនា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៃគណបក្សសង្គ្រោះជាតិ លោក គង់ សភា បានដាក់លិខិតស្នើសុំទៅនាយកដ្ឋានពន្ធនាគារ ដើម្បីចូលជួបសួរសុខទុក្ខសមាជិកព្រឹទ្ធសភា រដ្ឋសភា និងសកម្មជនគណបក្សដែលកំពុងជាប់ឃុំចំនួន ១៨នាក់ ដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៥ មក៕

ប្រភពៈ RFA