ពិភពលោកមាន​​ឯកទត្តកម្ម​ថ្មី​ផ្នែក​ចំនួន​ជន​ភៀសខ្លួន

គិតមកត្រឹមចុងឆ្នាំ២០១៥ សង្គ្រាម ការធ្វើទុក្ខបុកម្នេញ បានរុញចា្រនឱ្យមនុស្សជាង ៦៥,៣លាននាក់ ឱ្យរត់ភៀសខ្លួន ចោលស្រុកភូមិ ទឹកដីកំណើត។ នេះបើតាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ចេញផ្សាយជាសាធារណៈនៅថ្ងៃចន្ទទី ២០ មិថុនា ទិវាពិភពលោកនៃជនភៀសខ្លួន។ ជាចំនួនកើនឡើងខ្លាំងគួរឱ្យសម្គាល់ខ្លាំងបំផុត បើប្រៀបទៅឆ្នាំ២០១៤។

ពិភពលោកមាន​​ឯកទត្តកម្ម​ថ្មី​ផ្នែក​ចំនួន​ជន​ភៀសខ្លួន

ក្នុងរយៈពេលតែ៥ឆ្នាំសោះ ចំនួនជនភៀសខ្លួនបានកើនឡើងដល់ទៅ ៥០% ពោលគឺមានជនភៀសខ្លួនថ្មីបន្ថែមប្រមាណជាង៦លាននាក់ បើប្រៀបទៅនឹងឆ្នាំ២០១៤។ មានន័យថា មានមនុស្សម្នាក់ ក្នុងចំណោម១១៣នាក់ មាននាមជាជនភៀសខ្លួន អន្តោប្រវេសន៍ ជាអ្នកធ្វើបំលាស់ទី ឬអ្នកសុំសិទ្ធិជកក្រោន ឬជាជនដែលបានផ្តាច់ឬសពីដីកំណើត។

នៅក្នុងតួលេខ៦៥,៣លាននាក់ ដែលឧត្តមស្នងការអង្គការសហប្រជាជាតិប្រកាសជាសាធារណៈនៅថ្ងៃនេះ មាន២១,៣លាននាក់ជាជនភៀសខ្លួនរបស់ពិភពលោក។ ៣,២លាននាក់ កំពុងស្ថិតក្នុងស្ថានភាពជាអ្នកសុំសិទ្ធិជ្រកកោន នៅតាមបណ្តាប្រទេសឧស្សាហកម្ម-អ្នកមាន សំណុំឯកសាររបស់ពួកគេកំពុងស្ថិតក្នុងការសិក្សានៅឡើយ។ ជាចុងក្រោយ ៤០,៨លាននាក់ គឺជាជនភៀសខ្លួន នៅក្នុងរង្វង់ប្រទេសកំណើតខ្លួនឯង។

ចំនួនជនភៀសខ្លួនដ៏ច្រើន មិនធ្លាប់មាន រហូតបំបែកឯកទត្តកម្ម នេះ គឺបណ្តាលមកពីជម្លោះដ៏ច្រើនបែបយ៉ាង ៖ ជម្លោះដែលរ៉ាំរៃរាប់សិបឆ្នាំ ដូចជានៅសូម៉ាលី ឬអាហ្វាហ្កានីស្ថាន និងជម្លោះទើបផ្ទុះថ្មី ដូចនៅស៊ីរី (ដែលក៏ត្រាំត្រែងអស់៥ឆ្នាំទៅហើយ) នៅស៊ូដង់ នៅយ៉េមែន ប៊ូរ៉ុនឌី អ៊ុយក្រែន ឬនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលជាដើម។

ម្យ៉ាងវិញទៀត ល្បឿននៃបន្ស៊ីជនភៀសខ្លួន ជនបំល្លាស់ទី ទៅក្នុងសង្គមមានការយឺតយ៉ាវខ្លាំងណាស់ តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់ទៅ ទើបចំនួនជនភៀសខ្លួនបាន ពិបាកស្រកចុះ។

ស៊ីរីជាប់លំដាប់ទីមួយខាងមានពលរដ្ឋរត់ភៀសខ្លួនច្រើន

បើនិយាយអំពីចំនួនពលរដ្ឋភៀសខ្លួនចេញពីប្រទេស ស៊ីរីស្ថិតនៅលំដាប់ទីមួយដោយមានពលរដ្ឋ៤,៩លានជាជនភៀសខ្លួន អាហ្វហ្កានីស្ថាន ២,៧លាននាក់ និងសូម៉ាលី ១,១លាននាក់។ ចំនួនពលរដ្ឋភៀសខ្លួនជាតិបីនេះបូកបញ្ចូលគ្នា គឺតំណាងឱ្យពាក់កណ្តាលនៃជនភៀសខ្លួនពិភពលោក។ ប៉ុន្តែបើគិតអំពីចំនួនជនភៀសខ្លួនក្នុងប្រទេសវិញ គឺកូឡុំប៊ី ជាជើងឯក ដោយមានពលរដ្ឋភៀសខ្លួនដល់ទៅ ៦,៩លាននាក់- អ៊ីរ៉ាក់ ៤,៤លាននាក់។ ហើយនៅឆ្នាំ២០១៥ យ៉េមែន មានចលនាប្រជាជនធ្វើភៀសខ្លួនក្នុងស្រុកខ្លាំងជាងគេ។

យើងបាននិយាយច្រើនអំពីជនភៀសខ្លួន មកពីតំបន់ដើមបូព៌ា អាហ្វ្រិក ឬអាស៊ី តែសូម្បីអឺរ៉ុបទ្វីបដ៏ចំណាស់ ធ្លាប់រុងរឿងខ្លាំង ដែលទទួលជនភៀសខ្លួន ជាង៤,៤លាននាក់ នាឆ្នាំ២០១៥នេះ ក៏មានជនភៀសខ្លួនដែរ មានប្រមាណជាងកន្លះលាននាក់ (៥៩៣០០០នាក់) ភាគច្រើនជាជនជាតិអ៊ុយក្រែន ភៀសខ្លួនក្នុងប្រទេសអ៊ុយក្រែនខ្លួនឯង។

ប្រទេសកំពុងអភិវឌ្ឍ ទទួលជនភៀសខ្លួនច្រើនជាងប្រទេសជឿនលឿន

អាល្លឺម៉ង់ទទួលជនភៀសខ្លួនច្រើនជាងគេមែននៅអឺរ៉ុប (៤៤១៩០០នាក់) ! បន្ទាប់មកគឺសហរដ្ឋអាមេរិកដែលបង្ខំចិត្តត្រូវសង្គ្រោះជនភៀសខ្លួនគេចពីអំពើហិង្សានៅម៉ិចស៊ិក ឬអាមេរិកកណ្តាល (១៧២៧០០នាក់) ប៉ុន្តែតាមការពិតទៅនោះ អ្នកដែលទទួលថ្មបាក់ ទទួលឱ្យជនភៀសខ្លួនជ្រកកោនច្រើនជាងគេ (ដល់ទៅ៨៦%) គឺក្រុមប្រទេសកំពុងអភិវឌ្ឍន៍ទេ។ តួកគី ជាប្រទេសជាប់លេខមួយដែលទទួលជនភៀសខ្លួនច្រើនជាងគេលើពិភពលោក ដល់ទៅជាងពីរលាននាក់កន្លះ បន្ទាប់មកគឺប៉ាគីស្ថាន និងលីបង់។

បើយើងមិនដោះស្រាយបញ្ហាទេ បញ្ហានោះនឹងវាយបកមកលើយើងវិញនៅថ្ងៃណាមួយជាក់ជាមិនខាន។ នេះបើតាមប្រសាសន៍របស់ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិ ក្នុងសន្និសីទកាសែត នាឱកាសទិវាពិភពលោកនៃជនភៀសខ្លួន ដែលអំពាវនាវឱពិភពលោកទាំងមូលចេះទទួលខុសត្រូវ ទទួលយកជនភៀសខ្លួនឱ្យជ្រកកោន ព្រោះជាភារៈរបស់គ្រប់គ្នា។ បញ្ហាអន្តោប្រវេសន៍សព្វថ្ងៃនេះ គឺបណ្តាលមកពីក្រុមប្រទេសអ្នកមានមិនយល់ មិនព្រមបញ្ចប់ជម្លោះ មិនព្រមបញ្ចេញសកម្មភាពនយោបាយ។

ការបិទខ្ទប់ចរន្តភៀសខ្លួនដូចអ្វីដែលអឺរ៉ុបបានធ្វើ កិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួន ទៅកន្លែងផ្សេង មិនអាចបញ្ចប់បញ្ហាបានឡើយ ! មិនដោះស្រាយ មិនទទួល ក៏ជនភៀសខ្លួននៅតែបន្តហូរចូលដដែល។ ហើយជាលទ្ធផលចុងក្រោយ ចំនួនជនភៀសខ្លួននឹងកើនឡើងជាលំដាប់ ! និងនៅតែបន្តបំពុលពិភពលោកជារៀងរហូតទៅ៕

ប្រភពៈ RFI