Vardy ស្ទាក់ស្ទើរក្នុងការផ្ទេរមកលេងនៅកាំភ្លើ់ងធំ Arsenal

ខ្សែប្រយុទ្ធ Jamie Vardy របស់ Leicester ត្រៀមនឹងច្រានចោលការផ្តល់តម្លៃខ្លួន ក្នុងការផ្ទេរទៅលេងនៅកាំភ្លើងធំ Arsenal និងចង់បន្តនៅជាមួយម្ចាស់ជើងឯកលីក Premier League ដដែរ។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីម្សិលមិញ។

Jamie_vardy

កីឡាករអន្តរជាតិអង់គ្លេសវ័យ ២៩ឆ្នាំរូបនេះ មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនយល់ឃើញថា រូបគេចង់បន្តនៅលេងនៅ កីឡដ្ឋាន King Power នេះទៀត។

កាំភ្លើងធំ Arsenal បានដាក់សំណើរដេញថ្លៃយក កីឡាករ Vardy ក្នុងតម្លៃខ្លួន ២០លានផោន ជាមួយនឹងកុងត្រា ៣ឆ្នាំ និងអាចបន្តដល់ឆ្នាំទី៤ រួមទាំងផ្តល់ប្រាក់ខែប្រចាំសប្តាហ៍ ១២០ ០០០ផោនផងដែរ។

កាំភ្លើងធំមិនទាន់មានផែនការ ក្នុងការដំឡើងការផ្តល់សំណើរនោះទេ និងត្រូវបានគេគិតថា អាចនឹងកំពុងតាមទិញ ជម្រើសថ្មីផ្សេង។

Vardy ដែលផ្ទេរមកលេងនៅ Leicester ពីក្លិបអត់មានក្របខណ្ឌ Fleetwood Town ក្នុងតម្លៃខ្លួនតែ ១លានផោនកាលពីឆ្នាំ ២០១២ បានចុះកុងត្រា ៣ឆ្នាំបន្ថែមទៀត កាលពីខែកុម្ភៈ ហើយការផ្តល់កុងត្រាថ្មីពីក្លិបកញ្ជ្រោងនេះ បន្តឲ្យរូបគេលេងដល់ឆ្នាំ ទី៤។

Arsenal បានស្នើសុំឲ្យ Vardy ផ្តល់ចម្លើយឲ្យពួកគេ មុនពេលដែល គ្រូបង្វឹកហោះទៅប្រទេសបារាំង ប៉ុន្តែ Vardy ចង់ផ្តោតអារម្មណ៍លើការប្រកួត Euro 2016 ឲ្យអង់គ្លេសសិន៕