អ្នកសិល្បៈ​ល្បី​ៗ​ចូលរួម​កម្មវិធី«​តន្ត្រី​ដើម្បី​ល្ខោនខោល​»

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០១៦ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ មានការ​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ​មានឈ្មោះ​ថា «​តន្ត្រី​ដើម្បី​ល្ខោនខោល​» ។​កម្មវិធី​នេះ​ចូលរួម​ដោយ​តារាចម្រៀង និង​តារា​សម្តែង​ល្បីឈ្មោះ​ជា​ច្រើន​នាក់ ។

អ្នកសិល្បៈ​ដែល​ចូលរួម​កម្មវិធី​លើក​ស្ទួយ​សិល្បៈ​ល្ខោនខោល​នោះ រួម​មាន​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​, អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​បុ​ប្ជា​, កញ្ញា​ទឹម រ​ដ្ឋា​, អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា​, អ្នក​នាង​ទូច ស្រី​លក្ខណ៍​, អ្នក​នាង​យ៉ា​យ៉ា​, លោក​វ​ណ្ណា​ថា​ត់​, លោក​អេ​ឡិច ហ្សូ​រ៉ា​, លោក​អេ​ឡិច ដា​ហ្វី​, លោក​ហេ​ឡេ​ន​, លោក​សាវ៉ា​ត និង​លោក​ឃូ​ល សូល ជាដើម ។
កម្មវិធី​នោះ​បាន​ដាក់​លក់​អាវយឺត​រូប​ល្ខោនខោល ក្រមា ថង់យួរ និង​សម្ភារ ផ្សេង​ៗ ហើយ​ប្រាក់​បាន​ពី​ការ​លក់​យក​ទៅ​ជួយ​សាស្ត្រាចារ្យ ចាស់​ៗ​ផ្នែក​ល្ខោនខោល ។

តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ថ្លែង​ថា «​ពួក​យើង​ជា​សិល្បករ​ទាំងអស់​គ្នា​ខំប្រឹង​ផ្សព្វផ្សាយ​នៅ​តាម​ប្រព័ន្ធ​ព័ត៌មាន រៀង​ៗ​ខ្លួន​ប៉ុន្តែ​ក៏​ចង់​ឲ្យ​ទូលំទូលាយ​ជាង​នេះ​ទៀត​ទាក់​ទង​នឹង​ល្ខោនខោល​ដើម្បី​កាន់តែ​រីក​ដុះដាល និង​ជ្រាប​ចូល​ដល់​អារម្មណ៍​បងប្អូន​មហាជន ។ យើង​សង្ឃឹមថា​សិល្បៈ​ខ្មែរ​យើង​ក៏​ដូច​គ្នា យើង​រស់​ដើម្បី​ប្រទេស​ជាតិ រស់​ដើម្បី​វប្បធម៌​រស់​ដើម្បី​ត្រកូល​របស់​យើង មក​ទី​នេះ​សុទ្ធតែ​អ្នក​ស្រឡាញ់​ល្ខោនខោល ហើយ​យើង​យក​ទៅ​ផ្សាយ​បន្ត​ទៀត ។ ប្រសិនបើ​យើង​មានកម្ម​វិធី​ល្អ​បែប​នេះ​ហើយ គួរតែ​ទាក់​ទង​ឲ្យ​មានការ​ចូលរួម​ច្រើន​ពី​បណ្តា​មជ្ឈដ្ឋាន​នានា​បន្ត​ទៀត ។ ល្ខោនខោល​យើង​មាន​យូរហើយ ប៉ុន្តែ​យើង​ជា​យុវជន​គួរតែ​ដឹង ហើយ​ចូលរួម​ការពារ​មិនមែន​ការពារ​តែ​ពេល​ប្រទេស​ជិតខាង​សម្លឹង​ឃើញ​នោះ​ទេ ពោល​យើង​ចេះ​ស្រឡាញ់​ការពារ​ជា​រៀង​តទៅ​មិនមែន​ស្រឡាញ់​ពេល​នេះ ពេល​ក្រោយ​ទាត់​ចោល​មិនកើត​ទេ សូម​ឲ្យ​មានការ​គិត​ដូច​អំឡុង​ពេល​នេះ​ជា​រៀង​រហូត​» ។

កញ្ញា​ទឹម រ​ដ្ឋា​, សា​រ៉ា​យ ស​ក្ខ​ណា និង​ទូច ស្រី​លក្ខណ៍ និយាយ​ស្រ​ដៀង​គ្នា​ថា ពួក​នាង​រីករាយ​ចំពោះ​ការ​ចូលរួម​លើក​ស្ទួយ​សិល្បៈ​ល្ខោនខោល ។ ទោះជា​ពេលវេលា​មមា​ញឹក​បែប​ណា​ក្តី ក៏​ឆ្លៀត​ចូលរួម ហើយនឹង​ចូលរួម ប្រសិនបើ​មានកម្ម​វិធី​លើក​ក្រោយ​ទៀត ។ «​ការណ៍​ពិត​ល្ខោនខោល​ជា​របស់​ខ្មែរ​យើង​គួរតែ​ដឹង​យូរ​មក​ហើយ មិនមែន​ទាល់​តែ​គេ​ចាប់ផ្តើម​ស្រឡាញ់​ដឹង​ពី​អត្ថប្រយោជន៍​ទើប​នាំ​គ្នា​ផ្អើល​ការពារ​នោះ​ឡើយ ពោល​យើង​ចូលរួម​ថែរក្សា​មិនមែន​ពេល​នេះ គឺ​ថែរក្សា​ពី​មុន​និង​រហូត​តទៅ​អនាគត​ជា​រឿង​ប្រសើរ​​មិន​អាច​ថា​ស្រឡាញ់​ពេល​នេះ តែ​ពេល​ក្រោយ​ស្ងាត់​ទៅ​វិញ​ឡើយ​» ។

អ្នក​រៀបចំ​កម្មវិធី​លោក​ពេជ្រ បម្រើ​ការងារ​នៅ​សាលា​វិចិត្រសិល្បៈ និង​ជា​អតីត​សិស្ស​ល្ខោនខោល​បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​នៃ​កម្មវិធី ដោយ​កាលពី​លើក​ទី​១ កម្មវិធី​មានឈ្មោះ​ថា «​ព្រះ​គុណគ្រូ​ល្ខោនខោល​»​។ កម្មវិធី​ថ្មី​នេះ​ប្រមូលប្រាក់​ជួយ​ដល់​លោកគ្រូ​អ្នកគ្រូ ចាស់​ៗ នៃ​ល្ខោនខោល និង​ចង់​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​នេះ​ឲ្យ​កូន​ខ្មែរ​បានដឹង​បាន​យល់ ។ មួយទៀត​ចង់​ឲ្យ​សិស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​គ្រូ​ល្ខោនខោល​ដែល​ពួក​គាត់ ម្នាក់​ៗ​មានគុណ​បំណាច់​ចំពោះ​សិល្បៈ​នេះ ។ មួយទៀត​ចង់​អភិរក្ស​មនុស្ស​ចាស់​ដែល​មានចំណេះ​ដឹង​ផ្នែក​ល្ខោនខោល​ឲ្យ​មហាជន​បាន​ស្គាល់​ទូលំ​លាយ ។

កម្មវិធី «​តន្ត្រី​ដើម្បី​ល្ខោនខោល​» ចូលរួម​ដោយ​សេរី និង​មាន​គោលដៅ​សំខាន់​លក់​ក្រមា​អាវយឺត និង​កាបូប​យក​ប្រាក់​ជួយ​សាស្ត្រាចារ្យ​ល្ខោនខោល ។ គ្រូ ចាស់​ៗ​នៃ​ល្ខោន​ខោល​​មក​ទល់​ពេល​នេះ​នៅ​សល់​តែ​ជាង​១០​នាក់​ប៉ុណ្ណោះ ។

ប្រាក់​បាន​ពី​កម្មវិធី​នោះ​នឹង​ចាត់ចែង​ប្រគល់​ជូន​សាស្ត្រាចារ្យ​ល្ខោនខោល នៅ​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០១៦ ៕