លោក ញឹក ប៊ុ​ន​ឆៃ​ថា គ​.​ជ​.​ប នៅ​តែ​មិន​ឯករាជ្យ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុ​ន​ឆៃ បាន​មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) នៅ​តែ​មិន​អាច​ឯករាជ្យ​១០០% ។

បើ​តាម​លោក ញឹក ប៊ុ​ន​ឆៃ ដែល​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​នៅ​ភូមិ​គ្រឹះ​លោក​នៅ​ជ្រោយចង្វារ នា​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០១៦​នេះ «​គ​.​ជ​.​ប មិន​អាច​ឯករាជ្យ​ទាំងស្រុង ក៍​ព្រោះតែ​សមាសភាព​គ​.​ជ​.​ប​៩ រូប គឺ​៤​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) ៤​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) និង​០១​រូប​មក​ពី​អង្គការក្រៅរដ្ឋាភិបាល ដូច្នេះ​បើ​សមាសភាព​គ​.​ជ​.​ប មក​ពី​គណបក្ស​នយោបាយ មិន​អាច​ឯករាជ្យ​នោះ​ទេ តែងតែមាន​មនោសញ្ចេតនា​ជាមួយ​បក្ស ខ្ញុំ​នៅ​តែ​មិន​ពេញចិត្ត​» ។

បើ​តាម​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​រូប​នេះ បើ​ចង់​ឲ្យ​គ​.​ជ​.​ប​ឯករាជ្យ ល្គឹកណាតែ​សមាសភាព​គ​.​ជ​.​ប កុំ​ពាក់​ព័​ន្ឋ​នឹង​នយោបាយ ។

មក​ដល់​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់ CPP និង CNRP ក៍​ដូច​ជា​មន្ត្រី​គ​.​ជ​.​ប ជុំវិញ​ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុ​ន​ឆៃ ខាងលើ​នេះ ៕